ធ្វើយ៉ាងដូចម្ដេចដើម្បីចិញ្ចឹមត្រីដំរីក្នុងរណ្តៅឲ្យបានផលច្រើន

ត្រីដំរី ជាប្រភេទត្រីទឹកសាបមានតម្លៃខ្ពស់លើទីផ្សារ និងជាប្រភេទត្រីនាំចេញទៅក្រៅប្រទេស ផងដែរ។ តាមសំដីឈ្មួញដែលប្រមូលទិញត្រីំរីនៅខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីដំរីដែលនាំចេញទៅក្រៅប្រទេសប្រភេទលេខ១ មានទំងន់ពី ៥ខាំ ទៅ ១គីឡូក្រាមក្នុង១ក្បាល មានតម្លៃ ១៨ ទៅ ២២ដុល្លារអាមេរិក។ ប្រភេទលេខ២ មានទំងន់លើសពី ១គីឡូក្រាមឡើងទៅក្នុង១ក្បាលមានតម្លៃ ១២ ទៅ ១៧ដុល្លារអាមេរិក និងប្រភេទលេខ៣ មានទំងន់តិចជាង ៤ខាំក្នុង១ក្បាល មានតម្លៃតិចជាង ១០ដុល្លារអាមេរិក។

ដោយយោងទៅលើតម្លៃខ្ពស់នៅលើទីផ្សារ យើងសូមលើកយកបទពិសោធន៍ចិញ្ចឹមត្រីដំរីក្នុងរណ្ដៅប្លាស្ទិករបស់អ្នកមីង អែម អមរា ជាកសិករនៅភូមិទ័ពត្បែង ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសាកល្បងតាមដូចខាងក្រោម។

ក. ការជ្រើសរើសកន្លែងចិញ្ចឹម កន្លែងចិញ្ចឹមត្រី ជ្រើសរើសនៅទីវាលស្រឡះ មិនលិចទឹកនៅរដូវវស្សា និងនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែរក្សា។

ខ. ការរៀបចំកន្លែងចិញ្ចឹម គាត់បានជីករណ្ដៅចិញ្ចឹមត្រី ដែលមានទំហំបណ្ដាយ ២,៨ម៉ែត្រ ទទឹង ១,៦ម៉ែត្រ និងជំរៅរណ្ដៅ ៧​តឹក។ រណ្ដៅជីកឲ្យមានជើងទេរដើម្បីកុំឲ្យបាក់ដី។ ក្រោយពីបានជីករណ្ដៅហើយ គាត់ក្រាលកៅស៊ូប្លាស្ទិកក្នុងរណ្ដៅ រួចដាក់ភក់ (ដីបាតត្រពាំង) កំរាស់១តឹក ​បន្ទាប់មកបញ្ចូលទឹកឲ្យពេញក្នុងរណ្ដៅរួចដាក់សំបកកង់ឡានចាស់ៗក្នុងរណ្ដៅចំនួន១គូ ធ្វើជាជំរកឲ្យត្រីលាក់ខ្លួន។

គ. ប្រភេទពូជកូនត្រី និងបរិមាណកូនត្រីលែង ក្នុងការជ្រើសរើសកូនត្រីដំរីចិញ្ចឹម គាត់មានការជ្រើសរើសយ៉ាងហ្មត់ចត់ ដោយជ្រើសរើសទៅលើរូបរាងខាងក្រៅគឺ៖

  • កូនត្រីមិនត្រូវមានស្នាមដាច់រលាក ឬរបកស្រកា និងគ្មានជំងឺ ឬដំបៅលើដងខ្លួន
  • ជ្រើរើសទិញកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទដោយឧបករណ៍ផ្សេងៗ
  • កូនត្រីដែលដាក់ចិញ្ចឹមមានទំហំប៉ុនមេជើងមនុស្សចាស់
  • នៅខែមេសា ឆ្នាំ២០០៦ គាត់ដាក់កូនត្រីចិញ្ចឹមមានចំនួន៤៥ក្បាល មានទំហំប៉ុនៗគ្នា (ប៉ុនមេដៃ)។

ឃ. ប្រភេទចំណី និងការផ្ដល់ចំណី ចំណីដែលគាត់ដាក់ឲ្យត្រីស៊ីមានដូចជា កន្ទក់ម៉ដ្ឋលាយជាមួយបាយ កំពឹស ត្រីចង្វារ កណ្ដៀរ។ តែចំណីដំបូងគឺ កណ្ដៀរ កំពឹសរស់ (កូនត្រីនៅតូច វាចូលចិត្តស៊ីកណ្ដៀរណាស់)។

  • ចំណីស្រស់ដូចជា កំពឹស ត្រីចង្វារ គឺលែងក្នុងរណ្ដៅចិញ្ចឹមត្រីតែម្ដង
  • ចំណីផ្សំគឺបាយ (៣០ភាគរយ) បុកជាមួយកន្ទក់ម៉ដ្ឋ (៧០ភាគរយ) ហើយពូតជាដុំប៉ុនផ្លែខ្វិត ( ២ដុំ ក្នុង១ថ្ងៃ) ដាក់ឲ្យស៊ីរៀងរាល់ថ្ងៃ។ ក្រៅពីពូតដុំចំណី (បាយ កន្ទក់) គេក៏អាចដាក់រាយក្នុងកញ្ច្រែងពន្លិចក្នុងទឹកឲ្យត្រីស៊ីក៏បាន។

ង. ការគ្រប់គ្រង និងថែទាំ

  • នៅរដូវប្រាំង គាត់ប្ដូរទឹក១ដង ក្នុង១អាទិត្យ គឺយកទឹកចាស់ចេញ៣ប៉ោត ហើយថែមទឹកថ្មី៣ ប៉ោតវិញ
  • គាត់មិនធ្វើរបាំងស្បៃព័ទ្ធជុំវិញរណ្ដៅទេ ពីព្រោះគាត់យល់ឃើញថា ត្រីដំរីមិនលោត ឬវារចេញទេ ខុសពីត្រីអណ្ដែង ត្រីក្រាញ់
  • ពេលដាក់ចំណី គាត់តែងគោះចាន (ជាសំឡេង) ឲ្យត្រីចំណាំសំឡេងវាចេញពីជំរកមកស៊ីចំណី
  • គាត់ត្រូវត្រួតពិនិត្យជុំវិញកន្លែងរណ្ដៅក្រែងមានកណ្ដុរកាយរូងមាត់រណ្ដៅ និងក្រែងមានពស់ចូល​ស៊ីត្រី
  • កុំរើ ឬផ្លាស់ប្ដូរសំបកកង់ឡានដែលដាក់ធ្វើជាជំរកវានោះ។

ច. ការប្រមូលផល រយៈពេលចិញ្ចឹមបានជាង៥ខែ ត្រីដំរីរបស់គាត់មានការលូតលាស់លឿនគឺពី ៣ទៅ៦ខាំ ក្នុង១ក្បាល។ សរុបត្រីក្នុងរណ្តៅទាំងអស់ប្រហែល១៤០គីឡូក្រាម ឈ្មួញដែលប្រមូលទិញតាមផ្ទះបានឲ្យតម្លៃពី ២៥.០០០ ទៅ ៣០.០០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ គាត់មិនទាន់លក់ទេរង់ចាំតម្លៃត្រីឡើងដល់ ៤០.០០០រៀលក្នុង១គីឡូក្រាមទើបលក់។ ក្នុងការចិញ្ចឹមត្រីដំរី គាត់ចំណាយទៅលើការទិញផ្ទាំងកៅស៊ូប្លាស្ទិកទាំងអស់ ២៥.០០០រៀល, ចំណី ២០.០០០រៀល (ទិញកំពឹស)។ សរុបចំណាយទាំងអស់ ៤៥.០០០រៀល។ ដូច្នេះបើគាត់លក់ ហើយទូទាត់លើចំណាយ គាត់អាចទទួលបានប្រាក់ចំណេញ ៥១០.០០០រៀល។

ឆ. ការចាប់អារម្មណ៍របស់កសិករ អ្នកមីងមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការចិញ្ចឹមត្រីដំរីក្នុងរណ្តៅក្រាលផ្ទាំងប្លាស្ទិក ពីព្រោះវាងាយស្រួលចិញ្ចឹមមិនចំណាយទុនច្រើន ឬទីធ្លាធំនោះទេ នរណាក៏អាចចិញ្ចឹមបានដែរ ជាពិសេសចំណីអាចរកបានដោយខ្លួនឯង និងទិញគេបន្តិចបន្តួចប៉ុណ្ណោះ។ ត្រីដំរីលក់បានថ្លៃ គាត់នឹងត្រៀមចិញ្ចឹមត្រីបន្តទៀត ពីព្រោះគាត់មានបទពិសោធន៍មួយចំនួនហើយ។ ចំពោះអ្នកភូមិជិតខាងខ្លះ គឺមិនជឿថាចិញ្ចឹមត្រីដំរីក្នុងរណ្តៅបានទេ ខ្លះទៀតក៏មានជំនឿ ហើយនឹងចង់សាកល្បងចិញ្ចឹមដូចអ្នកមីងដែរ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)