ស្វែងយល់ ពិធីបុណ្យភ្ជុំបិណ្ឌ
នៅក្នុងសង្គមខ្មែរ បុណ្យភ្ជុំបិណ្ឌគឺជាពិធីធំមួយនិងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងក្នុងវប្បធម៌ខ្មែរ។ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃទី១៥ ឬហៅថាថ្ងៃភ្ជុំធំ ដែលប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗបានចែកវេណគ្នា ធ្វើបាយម្ហូប ជាចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន (ស្លាប់) ទៅ។ គេមានជំនឿថា ពេលមនុស្សស្លាប់ទៅ ព្រលឹងអ្នកស្លាប់នោះអាចទៅកើតនៅស្ថានទេវលោក ឬក៏ស្ថាននរកប្រេតជាដើម។ ចំពោះករណីអ្នកទៅកើតនៅស្ថាននរកប្រេត គឺមានតែការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ឲ្យលោកឧទ្ទិសកុសលជូនទៅប៉ុណ្ណោះ ទើបអាចទៅដល់។ ពិធីនេះត្រូវធ្វើអស់កាលកន្លះខែគត់ក្នុងខែភទ្របទ ដែលមេឃមានអាកាសអួរអាប់ដោយពពកទឹក ចំណែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដងៗ។
នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរក (ប្រេត) ទាំងឡាយ ក្នុង១ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់៧វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់សាច់ញាតិមិត្តមិនលែងឡើយ។ ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា «កាន់បិណ្ឌ»។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា «បិណ្ឌៈ» មានន័យថា «ដុំបាយ»។
ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស.៨៨៩ ដល់ ៩១០ បានឲ្យដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ។
សព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬបុកជាមួយគ្រឿងផ្សំឯទៀតតាមទម្លាប់ស្រុក។ គេរៀបបាយបិណ្ឌនៅជុំវិញបាយបត្តបូរ បាយបត្តបូរក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូតជាពំនូតធំៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និងមានដោតទៀន ធូប ភ្ញី ផ្កាជាលម្អផង។ តាមទម្លាប់នៅថ្ងៃកាន់បិណ្ឌទី១ គេដាក់បាយបិណ្ឌតែ១ពំនូតទេ។ ហើយគេចេះតែថែម១ ថ្ងៃ១ដុំ លុះត្រាតែគ្រប់១៥ដុំ។ ប៉ុន្តែមានស្រុកខ្លះមានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះគេធ្វើបាយបិណ្ឌតែ៥ ទេ ដែលគេទុកជានិមិត្តរូបព្រះពុទ្ធទាំង៥។ នៅភូមិខ្លះទៀត ជុំវិញជើងបាយបត្តបូរ មានដាក់បាយកន្ទោង ៨ផង ហើយកន្ទោងនីមួយៗមានតាំងពីបាយ១ដុំ ដល់ ១៥ដុំ។ កន្ទោងបាយទាំង៨នោះ គេទុកបម្រុង យកទៅដាក់ជុំវិញព្រះវិហារគ្រប់ទិសទាំង៨។
តាមទម្លាប់ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ។ ក្រៅពីបាយបិណ្ឌ និងបាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កម្ពស់ប្រហែលជា ១ម៉ែត្រ មានស៊កកង់ឈើមូលៗជាថ្នាក់រាងធំក្រោមរៀវតូចទៅលើ។ នៅកន្លែងកង់ជាថ្នាក់ៗនោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណាក៏អាចធ្វើឲ្យផ្កាទាំងនោះរញ្ជួយញ័រៗដែរ នៅកំពូលស៊ុមផ្កានោះមានរូបហង្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន១ផង។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះរាល់យប់។ គេធ្វើផ្កាបិណ្ឌដើម្បីឧទ្ទិសបូជាដល់ព្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស។
ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេបានចាត់ចែង រៀបចំលម្អជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និងសំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនាហើយ គេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួន ដល់ថ្ងៃបន្ទាប់មកទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត។ អ្នកណាទៅដល់វត្តមុនគេ អ្នកនោះទូងស្គរជាសញ្ញាដល់អ្នកចំណុះជើងវត្តឯទៀត។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និងម្ហូបចំណីផ្សេងៗទៅកាន់វត្តយ៉ាងរួសរាន់។ ដល់ហើយនាំគ្នាដើរទក្ខិណព័ទ្ធព្រះវិហារ៣ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន២យ៉ាង, ១ធម៌សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច, ២ធម៌សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង។ ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃឆាន់ថ្ងៃត្រង់ម្ដងទៀត។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ថ្ងៃ។ ថ្ងៃទី១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ (ភ្ជុំធំ)។
មុនថ្ងៃភ្ជុំ ជាថ្ងៃភ្ជុំធំ, កាលពីដើមគឺនៅគ្រប់គ្រួសារខ្មែរគេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារាម ចែកញាតិមិត្តជិតឆ្ងាយ និងសែនជីដូនជីតា ដែលធ្វើមរណកាលទៅហើយនោះ។ ចំណែកនៅឯវត្ត គេរៀបចំបោសសំអាតតុបតែងសាលាបុណ្យឲ្យសរម្យតាមរបៀប ព្រោះនៅវេលាយប់១៤រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និងទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូល និងអភិសេកព្រះពុទ្ធរូប៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)