ការចិញ្ចឹមកូនពពែ៖ ការផ្តល់ចំណីកូនពពែដោយដប, តារាងនៃការផ្តល់ចំណីសំរាប់កូនពពែ

៦.៣.​ ការចិញ្ចឹមកូនពពែ

ក្នុងរយៈពេល ៣ខែដំបូងគឺជាកំឡុងពេលប្រកបដោយគ្រោះថ្នាក់សំរាប់កូនពពែដែលទើបកើត។ អាស្រ័យហេតុនេះត្រូវថែរក្សាកូនពពែនិងមេវាឲ្យបានហ្មត់ចត់ជាទីបំផុតក្នុងកំឡុងពេលនេះ៖

 • ទ្រុងពពែត្រូវស្ងួត និងស្អាតជានិច្ច​ នាំឲ្យជៀសផុតពីជំងឺរាគ
 • ការពារកូន និងមេពពែពីខ្យល់ និងភាពត្រជាក់ នាំឲ្យជៀសផុតពីជំងឺរលាកសួត
 • ទឹកដោះមេពពែគឺល្អបំផុតសំរាប់កូនរបស់វា រហូតដល់អាយុផ្តាច់ដោះ (២,៥-៣ខែ) កូនពពែគួរតែទទួលទឹកដោះពីមេរបស់វាឲ្យបានច្រើន។

កូនពពែដែលកើតមកមានសុខភាពល្អអាចឈរដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស និងរកដោះមេវាឃើញដោយខ្លួនឯង បើមិនដូច្នោះទេគេអាចជួយវា។ ទឹកដោះរបស់មេពពែក្នុងរយៈពេល៣ថ្ងៃដំបូង(ទឹកដោះព្រៃ) មានសារៈសំខាន់ណាស់សំរាប់សុខភាព និងការលូតលាស់របស់កូនពពែ។ ទឹកដោះនេះសំបូរដោយ អង្គទីគ័រ ដែលការពារកូនពពែប្រឆាំងនឹងជំងឺផ្សេងៗ រហូតដល់កូន​ពពែបង្កើតអង្គ   ទីគ័រដោយខ្លួនឯងបាន។

បន្ទាប់ពីយ៉ាប់យ៉ឺនដោយសារផើម និងការបង្កើតកូន​ មេពពែត្រូវការស្ងប់ស្ងៀម ដើម្បីឲ្យមេពពែឆាប់ស្រួលខ្លួនឡើងវិញ និងផលិតទឹកដោះបានច្រើនគេត្រូវតែ៖

 • ថែរក្សាមេពពែក្នុងក្រោលក្នុងកំឡុង ៣សប្តាហ៍ដំបូង បន្ទាប់ពីកើតកូនរួច
 • ផ្តល់ចំណីផ្សំ (concentrates) ៤០០ក្រាម/ថ្ងៃ
 • ផ្តល់ទឹកស្អាតជាប្រចាំ
 • ផ្តល់ថ្មខនិជ(សារធាតុរ៉ែ)ឲ្យពពែលិត(ជាប្រភេទចំណីសំរាប់សត្វលិតដែលគេផលិតដើម្បីផ្តល់សារធាតុរ៉ែ ដូចជា​ កាល់ស្យូម ហ្វូសហ្វ័រ សូដ្យូម។ល។

៦.៤. ការផ្តល់ចំណីឲ្យកូនពពែដោយដប

ថ្វីបើការផ្តល់ចំណី និងថែរក្សាមេបានល្អ ប៉ុន្តែវាអាចផលិតទឹកដោះមិនគ្រប់គ្រាន់សំរាប់កូនរបស់វា ករណីនេះកើតមានជាញឹកញាប់ចំពោះពពែដែលមានកូនភ្លោះ ឬកូនម្តង៣។

របៀបដែលជំនះលើការខ្វះទឹកដោះ៖

 • រកមេដោះផ្សេងដែលផលិតទឹកដោះគ្រប់គ្រាន់សំរាប់ចិញ្ចឹមកូនលើសពី១
 • រឹតទឹកដោះពពែដោយដៃ រួចច្រកដបយកទៅឲ្យកូនពពែបៅ
 • គេអាចយកទឹកដោះគោច្រកដបឲ្យកូនពពែបៅ ឬផ្សំពីម្សៅទឹកដោះគោ (ដូចដែលគេផ្សំសំរាប់ ឲ្យកូនក្មេងបៅ)។

ចំពោះដបដែលយកមកប្រើសំរាប់កូនពពែបៅត្រូវមានវិធានការដូចខាងក្រោម៖

 • ជានិច្ចកាលសំអាតដប និងក្បាលដោះ
 • ផ្តល់ទឹកដោះឲ្យវាទៀងទាត់
 • ត្រូវមានតារាងផ្តល់ចំណីត្រឹមត្រូវនិងទៀងទាត់ (មើលទំព័របន្ទាប់)
 • ជៀសវាងការផ្តល់ចំណីច្រើនលើសលប់
 • កូនពពែដែលផ្តល់ទឹកដោះដោយដបត្រូវផ្តាច់ដោះដោយរួសសរាន់បន្ទាប់ពី ៦សប្តាហ៍ បន្ទាប់មកផ្តល់ចំណីបៃតងឲ្យវាស៊ី។

៦.៥. តារាងនៃការផ្តល់ចំណីសំរាប់កូនពពែ

ចាប់ពីសប្តាហ៍ទី៤មក ការផ្តល់ទឹកដោះតែមួយមុខមិនគ្រប់គ្រាន់សំរាប់តំរូវការរបស់កូនពពែទេអ្នកត្រូវផ្តល់ចំណីបន្ថែម៖

 • ដំបូងចំនួនតិច បន្ទាប់មកបង្កើនបរិមាណបន្តិចម្តងៗនូវស្លឹកបៃតងស្រស់ ស្មៅ
 • ចំណីផ្សំ ៥០ក្រាម/​ថ្ងៃ
 • ផ្តល់ទឹកស្អាតជាប្រចាំ
 • ផ្តល់ថ្មខនិជ (សារធាតុរ៉ែ) ឲ្យកូនពពែលិត។

តារាងនៃការផ្តល់ចំណី-ការផ្តល់ចំណីដោយដបដល់កូនពពែ

ចាប់ពី១ខែឡើងទៅកូនពពែអនុញ្ញាតឲ្យស៊ីលើវាលស្មៅជាមួយមេវាលើកដំបូងក្នុងរយៈពេលខ្លី៖

 • ២ម៉ោងក្នុង១ថ្ងៃ និងនៅលើវាលស្មៅជិតៗ
 • រយៈពេលឲ្យស៊ីលើវាលស្មៅគឺបន្ទាប់មកកើនឡើងបន្តិចម្តងៗរហូតដល់កូនពពែមានអាយុ៣ខែ។

កូនពពែដែលមិនចង់ទុកពូជត្រូវក្រៀវក្នុងអាយុ២-៤សប្តាហ៍។ កូនពពែទាំងអស់ត្រូវចាក់ថ្នាំការពារជំងឺកុកស៊ីដ្យូស៊ីស (coccidiosis) នៅអាយុ ៥សប្តាហ៍ និងទំលាក់ព្រូនជាលើកដំបូងក្នុងកំឡុងពេលអាយុ ២ខែ។ កុកស៊ីដ្យូស៊ីស ជាជំងឺរាកមួយប្រភេទដែលកើតមានជាញឹកញាប់ចំពោះកូនពពែ និងពពែជំទង់។

បន្ទាប់ពី ២,៥-៣ខែ មេពពែផលិតទឹកដោះតិច វាស្ថិតនៅក្នុងការរកឈ្មោលទៀត ហើយនឹងចាប់ផ្តើមក្នុងវេលាជាថ្មី។ កូនពពែត្រូវបានផ្តាច់ដោះ និងមិនត្រូវការទឹកដោះមេរបស់វាទៀតទេ។ កូនពពែត្រូវ បានបញ្ចូលទៅក្នុងហ្វូង និងផ្តល់ចំណីឲ្យវាជាមួយពពែដទៃទៀត។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)