អ្នកស្រី សួន ម៉ានី រកចំណូលបាន២លានរៀលក្នុង១ខែពីដំណាំខ្ទឹមស្លឹក
អ្នកស្រី សួន ម៉ានី រស់នៅក្នុងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត បានចាប់រករបរដាំដុះខ្ទឹមស្លឹករយៈពេលជិត១ឆ្នាំ មកហើយ (ឆ្នាំ២០១៩) ក្រោយពីមានការណែនាំពីក្រុមយុវជនពន្លកបៃតងដែលគាំទ្រដោយអង្គការសេដាក ទាំងបច្ចេកទេសនៃការដាំដុះ និងផ្សាភ្ជាប់ផលខ្ទឹមទៅកាន់ទីផ្សារ។
ស្រី្តជាកសិកររូបនេះបានឱ្យដឹងថា យ៉ាងហោចណាស់គាត់អាចរកប្រាក់ចំណូលពីរបរដាំខ្ទឹមនេះបានយ៉ាងហោចណាស់ ២លាន រៀលក្នុង១ខែ ដែលស្មើនឹង៥០០ដុល្លារ។ ដោយមានស្វាមីជាអ្នកធ្វើការ និងគ្មានពេលច្រើនក្នុងការជួយកិច្ចការងារដាំដុះនេះឡើយ គឺអ្នកស្រី សួន ម៉ានីថា ទទួលរាប់រងក្នុងការដាំដុះខ្ទឹមនេះម្នាក់ឯងស្ទើរតែទាំងស្រុង។
ជាមួយនឹងភាពជោគជ័យនៃការដាំដុះផលដំណាំខ្ទឹមស្លឹកនេះ អ្នកស្រី សួន ម៉ានី ក៏បានចែករំលែកបទពិសោធន៍អំពីការដាំដុះផងដែរ។ ស្រីកសិកររូបនេះឱ្យដឹងថា ដំណាំខ្ទឹមគឺងាយក្នុងការជាំទឹក ហើយអាចរលួយខូចនៅពេលជាំទឹកខ្លាំង ដូចនេះត្រូវលើក រងឱ្យខ្ពស់នារដូវវស្សា ហើយដាក់ជីធម្មជាតិទ្រាប់បាត នៅមុនពេលដាំ។
អ្នកស្រីបន្តឲ្យដឹងទៀតថា នៅពេលដាំរួចបានពី១០ទៅ១៥ថ្ងៃ ត្រូវធ្វើជើងដាក់ជីធម្មជាតិម្តងទៀត ហើយក្រោយមកប្រមាណជា ២សប្តាហ៍ទៀតត្រូវធ្វើជើងជាថ្មី និងស្រោចជីទឹកធម្មជាតិដែលផលិតពីលាមកសត្វ។ ខ្ទឹមស្លឹកអាចប្រមូលផលបាននៅពេលវាមានអាយុចាប់ពី ៤០ទៅ៤៥ថ្ងៃ គឺទៅតាមស្ថានភាពជាក់ស្តែង៕
អាន វិចិត្រ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)