ការធ្វើទ្រុងពពែ៖ ទ្រុងសង់ផ្ទាល់ដី ទ្រុងសង់ផុតពីដី និងធ្នើរឬទ្រុងសំរាប់ដាក់ស្មៅ
៤. ទ្រុង
ទ្រុងដែលល្អមានសារៈសំខាន់៖
ពពែផ្តល់ល័ក្ខខ័ណ្ឌល្អសំរាប់ការរស់នៅដល់សត្វ និងធ្វើឲ្យសត្វមានសុខភាពល្អ
- ការពារសត្វពពែ ជាពិសេសកូនរបស់វា។
សំភារៈដែលងាយរកសំរាប់សាងសង់ទ្រុងពពែរួមមាន៖
- ឈើសំរាប់ធ្វើសសរ និងជើងសសរសំរាប់ទ្រកុំឲ្យពុក
- រនាប ឬក្តារបន្ទះសំរាប់ក្រាលបាត ជញ្ជាំងអាចធ្វើពីឫស្សី ឬបន្ទះឈើតូចៗ
- ដំបូលអាចប្រក់ស្លឹកត្នោត ឬស្លឹកស្បូវក្រងជាកណ្តាប់
- ដែកគោលសំរាប់ដំភ្ជាប់រនាបនិងជញ្ជាំង។ល។
- ដែកលួសសំរាប់ចងភ្ជាប់ផ្សេងៗ។ល។
យើងអាចចែកទ្រុងជាពីរប្រភេទ៖
- ទ្រុងដែលសង់ផ្ទាល់ដីនិង
- ទ្រុងសង់ផុតពីដី។
៤.១. ទ្រុងពពែដែលសង់ផ្ទាល់ដី
ទ្រុងដែលសង់ផ្ទាល់ដីវាសមស្របទៅនឹងតំបន់ស្ងួត វាងាយស្រួលក្នុងការសង់ និងដោយត្រូវការរបងព័ទ្ធជុំវិញ។ដីបាតទ្រុងលើកឲ្យមានកំពស់ប្រហែល ៣០សង់ទីម៉ែត្រ និងធ្វើឲ្យមានជំរាលបន្តិច។ធ្វើយ៉ាងនេះងាយស្រួលក្នុងការបង្ហូរកាកសំណល់ លាមក និងទឹកនោមចេញក្រៅ ហើយដែលអាចរក្សាទ្រុងស្ងួតជាប្រចាំ។
ក្នុងការសង់ទ្រុងប្រភេទនេះកសិករអាចប្រើសំភារៈដែលមានក្នុងភូមិដូចជា កូនឈើ ឫស្សី ក្តារបន្ទះហើយដំបូលប្រក់ស្លឹក។ល។
៤.២. ទ្រុងពពែដែលសង់ផុតពីដី
ការសាងសង់ទ្រុងបែបនេះទាមទារការពិនិត្យបានល្អិតល្អន់ និងត្រូវការសំភារៈសាងសង់ច្រើនក៏ប៉ុន្តែវាមានលក្ខណៈងាយស្រួលដែរក្នុងការសាងសង់។កំពស់របស់ទ្រុងប្រហែល ១ម៉ែត្រពីដី សត្វពពែអាចឡើងទៅលើទ្រុងតាមជណ្តើរជំរាល ជណ្តើរឡើងត្រូវសង់ឲ្យមានបង្កាន់ដៃដើម្បីការពារកុំឲ្យសត្វធ្លាក់។ពពែរស់នៅដោយសុខស្រួលក្នុងទ្រុងប្រភេទនេះ វាជាសត្វដែលចូលចិត្តទ្រុងបែបនេះ ហើយដែលធ្វើឲ្យវាលូតលាស់ល្អ និងផ្តល់ផលខ្ពស់ ពីព្រោះទ្រុងប្រភេទនេះមានសារៈប្រយោជន៍ច្រើន ការពារសត្វពពែពី៖
- ភ្លៀង ខ្យល់ខ្លាំង និងកំដៅព្រះអាទិត្យខ្លាំង
- ការចំលងមេរោគ និងជំងឺ
- ចោរលួច និងសត្វព្រៃ។
សារៈសំខាន់ផ្សេងទៀត៖
- ខ្យល់ចេញចូលល្អ
- ងាយស្រួលក្នុងការសំអាត
- ងាយស្រួលក្នុងការប្រមូលលាមក និងផ្តល់លាមកល្អ។
អាស្រ័យហេតុនេះទ្រុងដែលសង់ផុតពីដីនាំមកនូវគុណសម្បត្តិសំខាន់ៗដូចជា៖
- ទ្រុងផ្តល់នូវភាពស្ងួត និងធ្វើឲ្យពពែមិនរងា
- ធ្វើឲ្យចំណីស្អាតមិនប្រឡាក់ ស្ងួត និងមានរសជាតិ ហើយដែលចំណីមិនសល់ចោល
- ផ្តល់នូវម្លប់ដ៏ត្រជាក់ និងការពារសំណើមហើយធ្វើឲ្យសត្វចង់ស៊ីចំណី
- កាត់បន្ថយពីការលួច និងកាត់បន្ថយពីការបំផ្លាញដោយសត្វព្រៃ។
ទ្រុងដែលសង់ផុតពីដីមានភាពងាយស្រួលចំពោះពពែនិងអ្នកចិញ្ចឹម។ ទ្រុងប្រភេទនេះបង្កលក្ខណៈល្អចំពោះសុខភាពសត្វ ដូច្នេះពពែនិងកូនរបស់វាមានសុខភាពល្អនិងធំធាត់លឿន។
កសិករគួរសង់ទ្រុងដោយមានការបែងចែក សំរាប់មេផើម មេបំបៅកូន សំរាប់ពពែបា និងសំរាប់ពពែជំទង់ ការធ្វើទ្រុងរបៀបនេះដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដូចជាការជល់គ្នា ឬជាន់កូនពពែងាប់ដែលបណ្តាលឲ្យខាតបង់ថវិកា។
ទំហំរបស់ទ្រុងត្រូវគណនាឲ្យសមស្របទៅនឹងចំនួនរបស់ពពែ ព្រោះបើទ្រុងតូចចង្អៀតវាបណ្តាលឲ្យប៉ះពាល់ដល់ការលូតលាស់របស់សត្វ។ទ្រុងគំរូសំរាប់សត្វពពែ ២២ក្បាល មានទំហំ ៣ម៉ែត្រ x ៥ម៉ែត្រ៖
- ពពែញី ៦ក្បាល
- ពពែឈ្មោល (បា) ១ក្បាល
- កូនពពែ ១៥ក្បាល។
តារាងទី១. តំរូវការផ្ទៃក្រឡាទ្រុងសំរាប់ពពែ១ក្បាល
ប្រភេទពពែ | ផ្ទៃក្រឡា (ម៉ែត្រការ៉េ) ១ក្បាល |
កូនពពែ
ពពែជំទង់ ពពែញី ពពែផើម ពពែបំបៅកូន ពពែបា |
០,៥
១,២ ១,៥ ២-២,៥ ២-២,៥ ២-២,៨ |
ម២ = ម៉ែត្រក្រឡា
៤.៣. តើអ្នកត្រូវសង់ទ្រុងពពែនៅកន្លែងណ?
អ្នកគួរជ្រើសរើសទីកន្លែងសំរាប់សាងសង់ទ្រុងដោយយកចិត្តទុកដាក់ ទីកន្លែងសមស្របសំរាប់សង់ទ្រុងពពែ៖
- ស្ងួត មិនដក់ទឹក
- មានម្លប់ក្រោមដើមឈើ
- មានខ្យល់ចេញចូលល្អ
- ជៀសផុតពីទិសខ្យល់ខ្លាំង (ត្រជាក់ និងក្តៅ) និងភ្លៀង
- ចែកឲ្យដាច់ពីហ្វូងគោ/ក្រោលគោ
- យកល្អ ទ្រុងពពែត្រូវធ្វើចំងាយប្រហែល ១៨ម៉ែត្រពីកសិដ្ឋាន។
ត្រូវប្រុងប្រយ័ត្នចំពោះបន្ទះក្តារដែលយកមកក្រាលបាតទ្រុង៖
- ចន្លោះរវាងបន្ទះក្តារតូចពេក គឺធ្វើឲ្យទ្រុងកខ្វក់ ពីព្រោះកាកសំណល់និងលាមកសត្វមិនអាចស្រក់ទៅដីបាន
- ចន្លោះរវាងបន្ទះក្តារធំ គឺអាចធ្វើឲ្យរបួសក្រចកជើង និងជើងរបស់សត្វ។
អាស្រ័យហេតុនេះ
- ចន្លោះរវាងបន្ទះក្តារត្រូវគណនាឲ្យបានត្រឹមត្រូវ (០,៥-១សង់ទីម៉ែត្រ)
- បន្ទះក្តារត្រូវស្ងួត និងធន់គ្រប់រដូវ ដែលមិនធ្វើឲ្យវារីកមាឌ ឬរួញខ្លី។
ធ្នើរ ឬទ្រុងសំរាប់ដាក់ស្មៅ
- ចំពោះទ្រុងដែលសង់ផុតពីដី គេអាចប្រើទ្រុងដាក់ស្មៅដែលភ្ជាប់ទៅនឹងជញ្ជាំង ទ្រុងប្រភេទនេះសំរាប់ដាក់ស្មៅ និងចំណីបៃតងផ្សេងទៀត ហើយដែលអាចកាត់បន្ថយនូវការខ្ជះខ្ជាយចំណី។
- ប្រភេទធ្នើរ ឬទ្រុងសំរាប់ដាក់ចំណីផ្សេងទៀតដោយមិនចាំបាច់ភ្ជាប់ទៅនឹងជញ្ជាំង ដែលគេច្រើនប្រើ សំរាប់ទ្រុងសង់ផ្ទាល់ដី។
លាបពណ៌ទ្រុងដែលធ្វើហើយដោយប្រើប្រេងម៉ាស៊ីនដែលប្រើរួច ធ្វើយ៉ាងនេះដើម្បីការពារទ្រុងមិនឲ្យឆាប់ពុក និងធ្វើឲ្យជាប់បានយូរ។ ទ្រុងកាន់តែជាប់បានយូរកាលណាគេថែរក្សា និងជួសជុលវា ម្យ៉ាងទៀត គេត្រូវលាបប្រេងម៉ាស៊ីនជារៀងរាល់ឆ្នាំ ហើយដំបូលដែលប្រក់ស្បូវត្រូវផ្លាស់ប្តូរវាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។
ការដែលធ្វើទ្រុងបានល្អ អាចធ្វើឲ្យយើងមានសារៈប្រយោជន៍៖
- កាត់បន្ថយនូវការស្លាប់របស់ពពែ និងកូនរបស់វា ដែលមិនធ្វើឲ្យខាតបង់ថវិកាច្រើន
- ការពារជំងឺ និងកាត់បន្ថយការព្យាបាលផ្សេងៗ
- ធ្វើឲ្យសត្វមានសុខភាពល្អ បង្កើនការលូតលាស់ធំធាត់របស់សត្វ។
ទាំងនេះជាលទ្ធផលដែលធ្វើឲ្យផលិតកម្មពពែទទួលបាននូវប្រាក់ចំណេញច្រើន។
ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)