លោក កឹម ចិ «ខ្ញុំមានជំងឺឡើងជាតិអាស៊ីតសូម្បីមុខក៏ហើមដែរ, ថ្នាំបុរាណខ្មែរអាចព្យាបាលបាន»
លោក កឹម ចិ អាយុ៤៩ឆ្នាំ (២០១៩) រត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ។ លំនៅអចិន្ត្រៃយ៍របស់លោកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ផឹកថ្នាំបុរាណខ្មែររយៈពេល១ខែ គឺជាសះស្បើយពីជំងឺឡើងជាតិអាស៊ីតអ៊ុយរិច។គាត់ខានផឹក២០ថ្ងៃ ជំងឺមិនបានរើឡើងវិញទេ សព្វថ្ងៃគាត់បានផឹកបន្តទៀតជាប្រចាំ។
ដំណើររឿងទទួលបានព័ត៌មានថ្នាំ
លោក កឹម ចិ បានកើតជំងឺឡើងជាតិអាស៊ីតឈឺចុកចាប់តាមសន្លាក់ សូម្បីមុខមាត់ក៏ហើមដែរ។ លោក បានបញ្ជាក់ថា ជំងឺនេះបរិភោគសាច់មិនបានទេ បើហ៊ានហូបគឺឈឺចុកចាប់តាមសន្លាក់យ៉ាងខ្លាំងស្ទើរទ្រាំមិនបាន។ លោកអស់សង្ឃឹមក្នុងជីវិតដោយសារពេទ្យបានប្រាប់ថា ជំងឺនេះព្យាបាលមិនជាដាច់ទេ គឺពេលលាបថ្នាំទើបបានគ្រាន់បើ រួចនៅថ្ងៃណាមួយជំងឺហ្នឹងរើឡើងវិញបើសិនជាយើងហូបសាច់ ពិសេសសាច់គោ គ្រឿងសមុទ្រជាដើម ដូចនេះថ្នាំត្រូវតែលាបជាប់។ លោក កឹម ចិ កាន់តែអស់សង្ឃឹមខ្លាំងឡើងៗ ពីព្រោះខ្លួនក្រ ជំងឺចុកចាប់ពេញខ្លួន ត្រូវខំរកលុយទិញថ្នាំលាបទៀត។
ថ្ងៃមួយលោក កឹម ចិ បានទៅលំនៅដ្ឋានអចិន្រៃយ៍ (ទឹកដីស្រុកកំណើតខាងប្រពន្ធ) ហើយបានមកលេងស្រុកកំណើតរបស់លោកនៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលនៅឆ្ងាយពីលំនៅដ្ឋានប្រមាណ២០គីឡូម៉ែត្រ រួចបានរៀបរាប់អំពីជំងឺរបស់លោកប្រាប់បងប្អូននៅទីនោះ។ បងប្អូនរបស់គាត់បានតបថា «មានអ្នកស្រុកយើងជាសះស្បើយពីជំងឺនេះ៤-៥នាក់ រួចមកហើយ ថ្នាំនោះផ្សំតែ៣មុខទេគឺមាន ភ្លាំង(ស្បូវភ្លាំង), សំបកផ្លែក្រូចផ្លុង និងសំបកដើមពុទ្រា ឯងសាកផឹកថ្នាំនេះមើល៎ទៅក្រែងជា ព្រោះអាការៈរោគដូចគ្នានឹងអ្នកស្រុកយើងធ្លាប់ឈឺនោះណាស់»។ លោក កឹម ចិ បានដើរស្វែងរករុក្ខជាតិឱសថទាំង៣មុខនេះបាន។
របៀបធ្វើ
ភ្លាំង យកទាំងឫស ដើម និងស្លឹក។ យកស្លឹកពុករលួយចេញ លាងទឹកសំអាត រួចកាត់កង់ៗ ដាក់ហាលសំដិលថ្ងៃឲ្យស្ងួត។
សំបកផ្លែក្រូចថ្លុង យកមកកាត់ជាដុំតូចៗរាងទ្រវែង (បើសំបកនោះមានសាច់សក្រាសពេក គឺត្រូវជាយកសាច់សនោះចេញ) រួចយកទៅហាលថ្ងៃ។
សំបកដើមពុទ្រា យកមកកាត់ជាដុំតូចៗ បន្ទាប់មកដាក់ហាលថ្ងៃ ឬសំដិលថ្ងៃក៏បាន។
កំរិតនិងរបៀបប្រើ
យកភ្លាំង១កណ្ដាប់ដៃ សំបកក្រូចថ្លុង១កណ្ដាប់ដៃ និងសំបកដើមពុទ្រា១កណ្ដាប់ដៃ (គួរដាក់សំបកក្រូចថ្លុងលើសគេបន្តិចកាន់តែល្អ) ដាក់ចូលក្នុងកំសៀវរួចចាក់ទឹកឲ្យជិតពេញ យកទៅដាំឲ្យពុះប្រមាណ៥នាទីគឺជាការស្រេច។ ផឹកដូចទឹកតែ ឬទឹកបរិសុទ្ធប្រចាំថ្ងៃ (ពេលស្រេកផឹក)។ ផឹកអស់២កំសៀវ នឹងឃើញប្រសិទ្ធភាពថ្នាំនេះជាបណ្ដើរៗ។
កត់សំគាល់ ដាក់សំបកក្រូចថ្លុងកាន់តែច្រើន គឺកាន់តែមានរសជាតិល្វីង។ កំឡុងផឹកទឹកថ្នាំនេះ ហាមដាច់ខាត មិនឲ្យពិសាគ្រឿងស្រវឹងទេ ពីព្រោះនាំឲ្យបាត់បង់ប្រសិទ្ធភាពថ្នាំ។
នៅពេលនេះ លោក កឹម ចិ បរិភោគសាច់គោ គ្រឿងសមុទ្រ…គ្រឿងស្រវឹងបានជាធម្មតា គឺជំងឺមិនរើឡើងវិញឡើយ ចំណែកទឹកថ្នាំគាត់ច្រកដាក់ដបទឹកជ័រ (ដបធំ) ទុកផឹកក្នុងពេលរត់ម៉ូតូឌុប ឬក្នុងពេលបំពេញការងារផ្សេងៗនៅក្រៅផ្ទះ៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)