សិស្សខ្មែរ៩រូបជាប់អាហារូបករណ៍កាកេហាស៊ី បានចាកចេញទៅកាន់ប្រទេសជប៉ុនហើយ

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សិស្សវិទ្យាល័យកម្ពុជា៩រូបដែលបានជាប់អាហារូបករណ៍កាកេហាស៊ី បានចេញដំណើរទៅកាន់ប្រទេសជប៉ុនហើយ។
រូបថតខាងក្រោមនេះ គឺជាសកម្មភាពរបស់សិស្សវិទ្យាល័យកម្ពុជា៩រូប របស់គម្រោងអាហារូបករណ៍កាកេហាស៊ី ជំនាន់ទី២ ដែលបានចូលរួមកម្មវិធីតម្រង់ទិសនៅទីក្រុងបាងកកជាមួយនឹងសិស្សវិទ្យាល័យដទៃទៀតមកពីបណ្តាប្រទេសនៅតំបន់មេគង្គ។ កម្មវិធីតម្រង់ទិសនេះ ត្រូវបានបញ្ចប់ហើយ ឥឡូវនេះពួកគាត់កំពុងធ្វើដំណើរទៅកាន់ទីតាំងដែលពួកគាត់នឹងស្នាក់នៅក្នុងប្រទេសជប៉ុន។
គម្រោងអាហារូបករណ៍កាកេហាស៊ី គឺជាអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានបង្កើតចាប់តាំងពីឆ្នាំមុន ដើម្បីជម្រុញមិត្តភាពរវាងសិស្សវិទ្យាល័យនៅតំបន់អាស៊ី។ សិស្សកាកេហាស៊ី ជំនាន់ទី២ នឹងស្នាក់នៅទីតាំងផ្សេងៗគ្នាក្នុងប្រទេសជប៉ុនសម្រាប់រយៈពេល៧ខែ ព្រមទាំងនឹងទទួលបានបទពិសោធន៍ការរស់នៅប្រចាំថ្ងៃជាសិស្សវិទ្យាល័យនៅជប៉ុន៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)