ដំណេកគ្រាប់, អំប៊្រីយ៉ុង, អាហារចំបង, អាហារបន្ទាប់បន្សំ, វីតាមីន
ដំណេកគ្រាប់ ត្រូវបានលោកពូ យា ដែលជាប្រធានក្រុមសន្សំប្រាក់នៅស្រុកល្វាឯម ខេត្តកណ្តាល បានពន្យល់កសិករគ្នាគាត់ថា «ដំណេកគ្រាប់ ឬគ្រាប់ស្រូវដេក គឺជាគ្រាប់ស្រូវដែលទុំភ្លាមៗវាពុំដុះពន្លកទេ ទោះវាត្រូវទឹក ឬសំណើមក្រោមអាកាសធាតុសមស្រប ដែលអាចឲ្យវាដុះបានយ៉ាងណាក៏ដោយក៏វាពុំដុះដែរ»។ គ្រាប់ស្រូវ ដេកអាចមានអាយុកាលរហូតដល់៨០ថ្ងៃ។
ចំពោះការពន្យល់របស់អ្នកបច្ចេកទេស បានន័យថា បណ្តូលគ្រាប់ (អំប៊្រីយ៉ុង) ដែលនៅក្នុងគ្រាប់នោះ វាគ្មានសកម្មភាពអ្វីទាំងអស់ គឺវាមិនដុះពន្លកទេនៅក្នុងលក្ខខណ្ឌមិនសមស្របដូចជា (ពុំមានទឹក ពន្លឺ និងខ្យល់ចេញចូលគ្រាប់គ្រាន់)។ តែក្នុងរយៈពេលមួយមានលក្ខខណ្ឌសមស្របដូចជា មានកំដៅគ្រប់គ្រាន់ មានទឹកគ្រប់គ្រាន់ មានពន្លឺគ្រប់គ្រាន់ មានខ្យល់គ្រប់គ្រាន់ អាចធ្វើឲ្យគ្រាប់ដុះពន្លកបាន មានន័យថា បណ្ដូលគ្រាប់ ឬអំប៊្រីយ៉ុង មានសកម្មភាព ករណីនេះហៅថា ការដុះដំណេកគ្រាប់។
អំប៊្រីយ៉ុង គឺជាបណ្ដូលរបស់គ្រាប់។ នៅពេលលក្ខខណ្ឌសមស្រប មានទឹកសំណើម កំដៅគ្រប់គ្រាន់ ធ្វើឲ្យពន្លកគ្រាប់ (ឬអំប៊្រីយ៉ុង) ដុះទៅជាពន្លកឫស ពន្លកដើម ពន្លកស្លឹក និងត្រួយ។
អាហារចំបង ជាអាហារដែលផ្តល់ថាមពលសំខាន់បំផុតជួយឲ្យយើងមានចលនានិងជួយបំពេញក្រពះ អាហារទាំងនេះសំបូរទៅដោយជាតិម្សៅ (ជាត់អាមីដុង)។ ឧ. ដូចជាអង្ករ ពោត ដំឡូង។ មនុស្សយើងម្នាក់ៗមិនអាចអត់អាហារនេះបានឡើយ។
អាហារបន្ទាប់បន្សំ ផ្តល់នូវជីវជាតិចំរុះ ជួយឲ្យយើងមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សាច់ឈាមភ្លឺថ្លា។ អាហារបន្ទាប់បន្សំនេះសំបូរទៅដោយជាតិរ៉ែខនិជ វីតាមីន ប្រូតេអ៊ីន។ល។ ឧ. ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត អំបិល គ្រឿងទេស។
វីតាមីន គឺជាពពួកជីវជាតិ ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស និងសត្វ។ ជីវជាតិខ្លះទៀតជាឱសថដ៏ប្រសើរសំរាប់ព្យាបាលជំងឺ។ ឧ. ពួកវីតាមីនអា មាននៅក្នុងបន្លែស្លឹកបៃតង និងលឿងដូចជា គារ៉ុត ស្ពៃ ត្រកួន។ល។ ជីវជាតិអានេះជួយឲ្យភ្នែកយើងអាចមើលភ្លឺបានល្អ។ល។
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)