ការបន្សុទ្ធពូជ, ការដាំដំណាំតាមគោលការណ៍ធម្មជាតិ, ដីមានទំរង់ល្អ, ដីអាល់កាឡាំង ឬដីបាស, ដីអាស៊ីត
ការបន្សុទ្ធពូជ គឺការធ្វើពូជឲ្យសុទ្ធល្អ (ដោយមិនធ្វើឲ្យមានការឆ្លងលំអងពីពូជដទៃចូល) ពូជសុទ្ធធ្វើឲ្យទិន្នផលបានខ្ពស់ ធន់នឹងការបំផ្លាញពីសំណាក់ជំងឺ និងសត្វល្អិត។
ការដាំដំណាំតាមគោលការណ៍ធម្មជាតិ ក្នុងន័យនេះ មិនមែនមានន័យថា ដាំតាមយថាផលនោះទេ គឺដាំដើម្បីបង្កើនទិន្នផល តែអនុវត្តតាមគោលការណ៍ធម្មជាតិដោយមិនប្រើ ជាតិគីមី។ ដូចជាការប្រើប្រាស់ពូជធន់ (ពូជក្នុងស្រុក) ការដាំដុះដោយគោរពតាមរដូវកាល ការពារដំណាំដោយប្រើវិធានការដាំដុះ (ការរៀបចំដី ការដាំ ចំរុះ ដាំបង្វិល ដាំបណ្តាក់ និងការប្រើថ្នាំផ្សំពី រុក្ខជាតិ)។ល។
ដីមានទំរង់ល្អ មានន័យថា ដីដែលមានសំណើមផុសល្អសំបូរទៅដោយអតិសុខុមប្រាណ សំបូរជន្លេន ជីជាតិអាចរក្សានិងផ្តល់ជីវជាតិទឹក និងខ្យល់ទៅឲ្យរុក្ខជាតិ និងបង្កលក្ខខណ្ឌល្អឲ្យរុក្ខជាតិលូតលាស់។ ចំពោះកសិករគាត់កត់សំគាល់ថា ដីមានជីជាតិជាដីដែលមានសម្បុរខ្មៅ។
ដីអាល់កាឡាំង ឬដីបាស ជាប្រភេទជីដែលមានជាតិប្រៃដូចជាក្បុង ដីប្រភេទនេះដំណាំមិនសូវដុះលូតលាស់ល្អទេ។ បើចង់បន្សាបជាតិប្រៃនេះ គេប្រើសារធាតុសរីរាង្គដូចជាជីកំប៉ុស្ត។ល។
ដីអាស៊ីត មានន័យថាដីដែលមានជាតិជូរ ដីប្រភេទនេះរុក្ខជាតិភាគច្រើនក៏មិនសូវលូតលាស់ល្អដែរ ដើម្បីបន្សាបជាតិជូរនេះ គេប្រើកំបោរ។
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)