៧ចំណុចដំបូង ដែលអ្នកដាំទុរេនគួរយល់ដឹង
ទុរេនគឺជាដំណាំយុទ្ធសាស្ត្រមួយប្រភេទដែលកំពុងចរាចរណ៍ល្អនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ហើយមនុស្សមនាក៏ចាប់អារម្មណ៍ដាំទុរេនយ៉ាងផុសផុលផងដែរ។ ប៉ុន្តែកសិករមួយចំនួនក៏ជោគជ័យ រីឯមួយចំនួនទៀតក៏បរាជ័យមិនតិចផងដែរ នៅដំណាក់កាលដំបូង ក៏ព្រោះតែពួកគាត់ខ្វះការយល់ដឹងពីការដាំដុះ និងថែទាំទុរេន។
អ្នកជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំង កុមារ បានបង្ហើបពីគន្លឹះ៧ចំណុច ពាក់ព័ន្ធនឹងការដាំដុះ និងថែទាំកូនទុរេន នៅដំណាក់កាលដាំដុះដំបូង។ ចំណុចទាំង៧នោះរួមមាន៖
ទី១. ត្រូវរៀបចំរណ្តៅ និងបំផុសដីប្រមាណជា ៣តឹកបួនជ្រុង នៅមុនដាក់កូនទុរេនចូល ដោយបាតខាងក្រោមត្រូវលាយជីកំប៉ុសធម្មជាតិ
ទី២. ធ្វើរងលើកដីឱ្យខ្ពស់ ដើម្បីជៀសវាងការជាំទឹក ព្រោះទុរេនមិនចូលចិត្តរស់នៅជាមួយដីជោគជាំទេ
ទី៣. ពេលកាត់ថង់កូនទុរេនមុនដាក់ចូលទៅក្នុងរណ្តៅ គឺត្រូវប្រុងប្រយ័ត្នមិនឱ្យបែកដីកំណើត និងត្រូវពិនិត្យមើលឫសខាងក្រោមរបស់វា ហើយត្រូវច្បាស់ថាឫសវាចាក់ចុះទៅក្រោម បើវាដុះខ្វេទៅចំហៀងត្រូវយកកន្ត្រៃ ឬកាំបិតកាត់ចោល ក្រោយកាត់ឫសដែលដុះខ្វេទៅចំហៀងរួចហើយ កូនទុរេននោះអាចដាំភា្លមក៏បាន ឬក៏យកវាទៅផ្ស៊ាំជាថ្មីក៏បាន។
ទី៤. ពេលដាំកូនទុរេនរួច ត្រូវបោះបង្គោលចងផ្អោបកូនទុរេន ដើម្បីកុំឱ្យខ្សល់បក់ចុះឡើង ដែលហេតុនាំឱ្យកូនទុរេនក្រចាប់ឫស និងលួតលាស់មិនបានល្អ ឬធ្វើឱ្យកូនទុរេននោះងាប់
ទី៥. ត្រូវធ្វើស្បៃប្រក់ ឬ រុំកូនទុរេនពេលដាំរួច ឬស្លឹកឈើ មែកឈើក៏បាន ព្រោះឆ្នាំដំបូងកូនទុរេនត្រូវការម្លប់ខ្លះ តែមិនត្រូវធ្វើឱ្យកូនទុរេនហប់ខ្យល់ឡើយ
ទី៦. យកកាកសំណល់រុក្ខជាតិមានដូចជា ស្មៅ ស្លឹកឈើ ឬអង្កាមជាដើម គ្របនៅជុំវិញគល់កូនទុរេន ដើម្បីជួយរក្សាសំណើមដី និងមិនឱ្យស្មៅដុះ (គ្របមិនឱ្យជិតគល់ពេក ធ្វើយ៉ាងណាឱ្យឆ្ងាយពីគល់ប្រហែលមួយតឹក)
ទី៧. ពេលកូនទុរេនដុះលូតលាស់ ត្រូវឧស្សាហ៍ធ្វើជើងកូនទុរេន និងដាក់ជីធម្មជាតិ (អំឡុងបីសប្តាហ៍ម្តង)។
លោកបណ្ឌិតបញ្ជាក់ឱ្យដឹងបន្តថា ទុរេន គឺជារុក្ខជាតិមួយប្រភេទដែលត្រូវការអាកាសធាតុត្រជាក់ ប៉ុន្តែវាជារុក្ខជាតិមួយប្រភេទដែលមិនត្រូវការទឹកជោគជាំនោះទេ វាអាចនឹងងាយងាប់៕
អាន វិចិត្រ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)