របៀបសាមញ្ញខ្លះៗ ដើម្បីជួយឲ្យស្រូវបានផលច្រើន (ភាគ ១)
ដើម្បីជួយដល់ការខំប្រឹងប្រែងរបស់បងប្អូនកសិករក្នុងការបង្កើនផលស្រូវរដូវវស្សានេះមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) សូមលើកយកពីររបៀបសាមញ្ញៗមួយចំនួនសំរាប់បងប្អូនសាកល្បងតាមដូចខាងក្រោម៖
១. ការជួយផ្តល់ជីជាតិដល់ស្រូវឲ្យបានច្រើន
ជាទូទៅមានកសិករខ្លះបានដឹកជីយកទៅគរជាពំនូកតូចៗទុកចោលតាមវាលស្រែ។ ការគរទុកចោលរបៀបនេះអាចឲ្យជីអាចម៍គោដែលយើងខំសន្សំ បាត់អស់ជីជាតិមួយចំនួនតាមរយៈការហើរចេញ។ ដូចនេះយកល្អ សូមបងប្អូនជៀសវាងយកជីទៅគរជាពំនូកតូចៗចោល។ សូមប្រមូលវាទុកមួយដុំ ហើយលាយជាមួយស្លឹកឈើ ចំបើង និងកាកសំណល់រុក្ខជាតិផ្សេងៗ រួចទុកឲ្យពុកឬឲ្យកាច់សិន ហើយចាំដឹកយកទៅចាក់ស្រែ (ធ្វើរបៀបនេះគេហៅថា ការធ្វើជីកំប៉ុស្ត)។
នៅពេលយកទៅដាក់ស្រែ យើងត្រូវភ្ជួរវាលុបក្នុងដីភ្លាមៗ។ ប្រសិនបើយើងដឹកយកទៅចាក់ជាពំពូកតូចៗ នៅពេលដែលត្រូវភ្ជួរគឺវាលំបាកក្នុងការដឹកជញ្ជូន ដូចនេះបងប្អូនដែលដឹកយកទៅគរទុកមុនសូមគរវាជាពំនូកធំនៅកន្លែងណាមួយ។ បន្ទាប់មកយើងយកធាងដូង ឬធាងត្នោត ឬសំភារៈផ្សេងៗ មកគ្របពីលើគំនរនេះ។ នៅពេលដែលយើងត្រូវដាស់ដី ពេលនោះយើងអាចកាយវាបែងចែកឲ្យសព្វ។
២. គ្រាប់ពូជដែលត្រូវសាប
ដើម្បីធានាឲ្យស្រូវយើងដុះមកមានកំលាំងពេញលេញល្អ យើងត្រូវរើសយកស្រូវដែលមានគ្រាប់អង្ករពេញណែនល្អមកប្រើជាគ្រាប់ពូជសំរាប់សាប។ ដើម្បីបានគ្រាប់ដែលពេញល្អ គេយកគ្រាប់ពូជទៅត្រាំក្នុងទឹកចោលហើយស្រង់យកគ្រាប់ដែលអណ្តែតៗចេញហើយទុកតែគ្រាប់ដែលលិចក្នុងបាតធុងយកមកសាបបានហើយ។
ដើម្បីធានាឲ្យបានគ្រាប់ពេញកាន់តែច្រើនថែមទៀត គេយកគ្រាប់ស្រូវទៅត្រាំទឹកអំបិល។ការត្រាំទឹកអំបិលធ្វើឲ្យយើងអាចទទួលគ្រាប់ស្រូវដែលពេញល្អបានច្រើនជាងត្រាំទឹកធម្មតា ពីព្រោះគ្រាប់ដែលពេញល្មមៗក៏អណ្តែតដែរ។ គ្រាប់ពេញល្អស្រូវលូតលាស់ល្អ។
៣. ការធានាឲ្យបានសំណាបល្អ
ដើម្បីឲ្យបានសំណាបល្អសំរាប់ស្ទូង យើងគួរធ្វើយ៉ាងណាឲ្យថ្នាលសំណាបមានជីជាតិល្អដូចពាក្យចាស់ថា “សំណាបយោងដី”។ ដូចនេះសំរាប់ថ្នាលសំណាប យើងត្រូវប្រើជីកំប៉ុស្តឲ្យបានច្រើន។
ចំណុចសំខាន់មួយទៀត គឺមិនត្រូវឲ្យថ្នាលសំណាបរបស់យើងដក់ទឹកទេ។ ប្រសិនបើសំណាបដក់ទឹកនាំឲ្យវាអាចឈ្លក់ទឹក ហើយធ្វើឲ្យកូនស្រូវខំលូតតាមទឹកនាំឲ្យវាមានរាងស្តើងមិនសូវរឹងមាំ។ ដូចនេះគេគួរធ្វើថ្នាលសំណាបនៅកន្លែងទួលខ្ពស់ ឬលើកថ្នាលសំណាបឲ្យបានខ្ពស់។ នៅលើផ្ទៃថ្នាលសំណាប គេគួរតែធ្វើចង្អូរខ្វាត់ខ្វែងឲ្យបានច្រើន ដើម្បីត្រងយកទឹកពេលមានភ្លៀងខ្លាំង។ កាលណាសំណាបរឹងមាំល្អសន្ទូងក៏ល្អដែរ ហើយស្រូវក៏បានផលច្រើនដែរ។
សំណាបល្អមានន័យថា សំណាប ដែលមានលក្ខណៈសំគាល់ដូចខាងក្រោមនេះ៖
- សំណាបថ្លោស (រីកទទឹង)
- ដើមនិងស្លឹកសំណាបមានពណ៌ខៀវបៃតង
- គ្មានរោគសញ្ញាជំងឺ ឬការបំផ្លាញផ្សេងៗ
- មានឫសវែង និងពណ៌ស
- មានបែកខ្នែង (ប្រសិនបើសំណាបមានអាយុចាស់បន្តិច)។
សូមបញ្ជាក់ថា នៅពេលយើងមានសំណាបថ្លោសពេលស្ទូង យើងត្រូវការតែសំណាប១ដើម ឬយ៉ាងច្រើនបំផុត ៣ដើមប៉ុណ្ណោះសំរាប់ស្ទូង។ ដូចនេះយើងមិនត្រូវការគ្រាប់ពូជច្រើននិងថ្នាលសំណាបធំដែលនាំឲ្យមានការលំបាកក្នុងការរៀបចំនិងថែទាំទេ។ តាមបទពិសោធន៍ជាមធ្យម យើងត្រូវការពូជប្រហែល១០-១២គីឡូក្រាម ហើយថ្នាលសំណាបដែលមានទំហំប្រហែល៥០០ម៉ែត្រក្រឡា (៥០x១០ម៉ែត្រ) ឬយ៉ាងច្រើនបំផុត២០គីឡូក្រាម និងផ្ទៃដីថ្នាលសំណាបធំបំផុតចំនួន៨០០ម៉ែត្រក្រឡា (៨០x១០ម៉ែត្រ) សំរាប់ការស្ទូងលើដី១ហិចតា។ សរុបមកមានសំណាបថ្លោសសំរាប់ស្ទូង ជាកត្តាមួយចាំបាច់ក្នុងការធ្វើស្រែឲ្យបានផលខ្ពស់ ហើយការធ្វើឲ្យមានសំណាបថ្លោស ក៏មិនត្រូវការបច្ចេកទេសទំនើបនិងធនធានបន្ថែមពីខាងក្រៅទេ សំខាន់ការយល់ដឹងភ្ញាក់រលឹក និងការយកចិត្តទុកដាក់និងការផ្លាស់ប្តូរនូវទំលាប់មួយចំនួនរបស់កសិករយើង។
៤. ការធ្វើដីស្រែឲ្យស្មើល្អ
គ្មានស្រែណាដែលមានផ្ទៃដីស្មើទេ ទោះបីជាគេខំពង្រាបកាយវាឲ្យស្មើយ៉ាងណាក៏ដោយ។ ដើម្បីងាយស្រួលធានាថា ឲ្យដីស្រែស្មើល្អ គេគួរតែចែកវាជាស្រែតូចៗ។ ការចែកស្រែវាខាតដីមែនតែស្រែយើងរាងស្មើជាងមុន រីឯការលូតលាស់របស់ស្រូវក៏ស្មើល្អដោយការបែងចែកទឹកនិងជីមានភាពស្មើជាងដីស្រែធំ។ តាមបទពិសោធន៍អ៊ំ ម៉ី សោម នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល នៅពេលគាត់ចែកស្រែរបស់គាត់ជា៦កូនស្រែតូចៗ គាត់បានទទួលផលលើសពីកាលដែលមិនទាន់ចែកស្រែបានជិត២ដង ពីព្រោះគាត់ងាយគ្រប់គ្រងទឹកនិងជីបានល្អ។
៥. ការស្ទូង
ក. សំណាបដែលនៅខ្ចី ជាទូទៅពេលស្ទូងបែកគុម្ពច្រើនជាងសំណាបចាស់។ ដូចនេះយកល្អស្ទូងតែសំណាបណាដែលនៅខ្ចី ជាពិសេសគឺសំណាបដែលមានអាយុចន្លោះពី៨ទៅ១៤ថ្ងៃ អាស្រ័យទៅតាមស្រូវ។ សំណាបដែលត្រូវស្ទូងគួរមានស្លឹកតែពីរបានហើយ។ តែយើងអាចពិសោធន៍ប្រៀបធៀបមើល តើអាយុសំណាបមួយណាដែលសមស្របជាងគេសំរាប់ពូជនិងដីរបស់ស្រែយើង។
ខ. យើងត្រូវបង្កលក្ខណៈឲ្យឫសអាចលូតលាស់បានភ្លាមក្រោយពីស្ទូងហើយ។ ដូចនេះត្រូវដកភ្លាមស្ទូងភ្លាមដោយទុកយ៉ាងយូរបំផុតត្រឹមកន្លះម៉ោងដើម្បីកុំឲ្យឫសស្ងួត។ នៅពេលដកយើងត្រូវជ្រើសរើសយកតែសំណាបណា ដែលមានដើមថ្លោសរឹងមាំបានហើយ។ សំណាបត្រូវដកថ្នមៗដោយធ្វើយ៉ាងណាត្រូវឲ្យដោយឫសទាំងអស់ហើយមិនត្រូវយកមកបោកដីចេញទេ ហើយយើងក៏មិនចាំបាច់កាត់ចុងសំណាបចេញដែរ។ ពេលស្ទូងត្រូវស្ទូងយ៉ាងណាកុំឲ្យឫសបត់រាងដូចផ្លែសន្ទូច ដូចរបៀបយើងស្ទូងធម្មតា គឺយើងត្រូវប្រមូលឫស ហើយបត់វាឲ្យត្រង់លើដី ហើយកាយដីកប់និងសង្កត់ពីលើសើរៗ។
គ. ចំពោះសំណាបនៅខ្ចី ពេលស្ទូងចាប់ដើមតិចបែកគុម្ពច្រើនជាងការស្ទូងចាប់ដើមច្រើន។ ដូចនេះយកល្អ យើងត្រូវស្ទូងម្តងមួយៗ គឺមួយគុម្ពត្រូវស្ទូងតែមួយដើមបានហើយ។ កាលបើយើងស្ទូងតែមួយដើម ឫសមានលទ្ធភាព លូតលាស់ច្រើនជាងស្ទូងច្រើនដើម។ ដើម្បីចង់ដឹងថា តើស្ទូងតែមួយដើមឫសមានលទ្ធភាពលូតលាស់ច្រើនជាងស្ទូងច្រើនដើម យើងអាចពិសោធន៍ប្រៀបធៀបការស្ទូង១ដើមជាមួយ ២ដើម ៣ដើមមើល។
ឃ. យើងគួរស្ទូងឲ្យឃ្លាតឆ្ងាយពីគ្នា ពីព្រោះស្រូវដែលស្ទូងរង្វើលបែកគុម្ពច្រើនជាងស្រូវដែលស្ទូងញឹក។ យកល្អយើងត្រូវស្ទូងឲ្យឆ្ងាយពីគ្នាចន្លោះប្រហែល២,៥តឹកទៅកន្លះម៉ែត្រ។ យើងគួរពិសោធន៍ប្រៀបធៀបមើល តើចន្លោះគុម្ពមួយណាសមស្របជាងគេសំរាប់ដីស្រែ និងពូជស្រូវរបស់យើង។
ង. ពេលស្ទូងដីស្រែគ្រាន់តែឲ្យសើមបានហើយ គឺមិនបាច់ឲ្យមានទឹកដក់ក្នុងស្រែទេ។បើមានទឹកដក់ច្រើនត្រូវបង្ហូរចេញឲ្យអស់។ការធ្វើរបៀបនេះ វាជៀសវាងមិនឲ្យសន្ទូងឈ្លក់ទឹក។ ដូចនេះ យើងគួរស្ទូងឲ្យបានដើមដៃ មិនចាំបាច់ចាំពេលស្រែមានទឹកដក់ទេ៕
(រង់ចាំអានភាគ២ ជាភាគបញ្ចប់)
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)