រងលើកខ្ពស់ ឬរងកាប់ជ្រៅ
រងលើកខ្ពស់ ឬរងកាប់ជ្រៅ ជាប្រភេទរងមួយមានជារណ្តៅ ឬពំនូន (ការពូន) ដែលក្នុងរណ្ដៅ ឬពំនូននេះគេកប់បញ្ចូលនូវសារធាតុសរីរាង្គ ជាពិសេសរុក្ខជាតិផ្សេងៗ។ រងនេះមានល្ខណៈសមស្របបំផុតចំពោះតំបន់ណាដែលដីមិនសូវផុសល្អ ឬមានការជាំទឹកខ្លាំង។ ការធ្វើរបៀបនេះ ផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួន៖
- រុក្ខជាតិអាចចាក់ឫសបានស្រួលដោយសារដីផុសល្អ
- រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ)
- ផ្តល់ជីជាតិបន្តិចម្តងៗ តាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅ ឬពំនូន
- ទប់ស្កាត់ការហូរសឹក ឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
- អាចដាំដំណាំបន្លែមមួយសារទៀតក្រោយពីប្រមូលផល ដោយមិនទាមទារឱ្យលើកជារងថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ ក៏ប៉ុន្តែ គេត្រូវដូរប្រភេទដំណាំ។
ទន្ទឹមនឹងគុណសម្បត្តិ រងខ្ពស់ក៏អាចនាំបញ្ហាមួយចំនួនដែរ ដូចជា៖
- ត្រូវការសារធាតុសរីរាង្គច្រើន
- ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា
- ពេលដំបូង ការលូតលាស់របស់បន្លែរាងយឺត ដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។
របៀបធ្វើ និង ដាំ
១-គូសចំណាំនូវកន្លែងដែលត្រូវធ្វើរង ហើយចាំងស្មៅចេញដោយយកស្មៅទុកមួយដុំ សម្រាប់ប្រើដាក់ចូលក្នុងរណ្ដៅវិញ។
២-ជីករណ្ដៅឱ្យបានជ្រៅ ៣តឹក ហើយយកអាចម៌ដីគរទុកមួយដុំ។
៣-បន្ទាប់ពីជីកហើយ បំផុសបាតរណ្ដៅ។
៤-កប់បញ្ចូលនូវស្លឹកឈើ ស្មៅ កាកសំណល់រុក្ខជាតិផ្សេងៗ និងលាមកសត្វខ្លះៗ ឬបន្តិចបន្តូច (ប្រហែល ១/៤ នៃបរិមាណណស្លឹកឈើ)។
៥-យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ ហើយកំរាស់សាច់ដី គឺត្រូវយ៉ាងតិចបំផុតក៏ប្រវែងមួយចំអាមដែរ។
៦-យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះ បើអត់ជីកំប៉ុស្ត យើងអាចប្រើលាមកសត្វដែលពុកៗ ឬយកដីស្រទាប់លើដែលមានជីជាតិ។
៧-ស្រោចទឹកលើផ្ទៃរងឱ្យជោគ។
៨-យកស្លឹកឈើគ្របលើផ្ទៃរង ហើយទុកចោលប្រហែល ១អាទិត្យទៅ ២អាទិត្យ មុនដាំ។ នៅពេលដាំ បើយើងដាំពេលល្ងាច គឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។
៩-ចាប់ផ្តើមដាំបន្ទាប់ពីស្រោចហើយបានប្រហែល ៥ម៉ោងក្រោយមក។ សូមកុំស្រោចទឹកថែមទៀតមុនពេលដាំភ្លាម ហើយក្រោយពេលដាំ។ សូមរក្សាគំរបដីនៅដដែល។
១០–មួយថ្ងៃ ឬ២ថ្ងៃក្រោយមក បើរងមានសភាពស្ងួត យើងអាចស្រោចទឹកបន្ថែម។
កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ
- បរិមាណជីលាមកសត្វ គួរតែស្មើប្រហែលមួយ ១/៤នៃសារធាតុសរីរាង្គទាំងអស់។
- បើពិបាកកាប់ចូលទៅជ្រៅខ្លាំង យើងអាចធ្វើជារបៀបពូនឡើងវិញ។ យើងអាចប្រើដើមចេក ឬ កំណាត់ឈើជារបាំងសងខាងរង ដើម្បីងាយស្រួលគរសារធាតុសរីរាង្គ និងពូនដី
- ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់ យើងគួរលាយដីដំបូកន្លះៗជាមួយដីដែលពូនជារងខាងលើ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)