របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ
បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើហូបផ្លែសម្រាប់ដាក់ជី និងស្រោចទឹក អាច ជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។ ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖
១-យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើ ដោយកន្លែងជីកចង្អូរត្រូវនៅចំកន្លែងចុងមែករបស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែលប្រជុំនូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១,៥ ទៅ ២តឹក ហើយជំរៅប្រហែល ១,៥ ទៅ ២តឹកដែរ។
២-បន្ទាប់មក យើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់បំពេញតាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់លើ)។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។
៣-នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមានជីទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញផ្កាបានបន្តិច។ (មើលរូបខាងក្រោម)
៤-ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុងរណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។ (មើលរូបខាងក្រោម)
ដើម្បីចង់ដឹងថា តើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករធ្វើការជ្រើសរើសឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើការពិសោធ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធរបស់បងប្អូនជួបបានលទ្ធផលល្អជាក់ជាមិនខាន៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)