របៀបធ្វើសួនរង្វង់
១-អ្វីទៅជាសួនរង្វង់?
សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយតាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើនប្រភេទ។
២-ហេតុអ្វីបានជាចាំបាច់ធ្វើសួនរង្វង់?
សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់គ្រួសារនៅតំបន់ដែលខ្សត់ទឹក ឬរដូវខ្សត់ទឹក ពីព្រោះបន្ទាប់ពីស្រោចហើយ ទឹកវាប្រមូលផ្តុំនៅក្នុងរណ្ដៅ ហើយសារធាតុសរីរាង្គដែលនៅក្នុងរណ្តៅអាចចាប់ និងរក្សាសំណើមបានយូរ។ នៅតំបន់ដែលមានដីហាប់ពេក ឬឥដ្ឋពេក សួនរង្វង់អាចនាំឱ្យដីផុសបានល្អ ហើយដំណាំងាយស្រួលលូតលាស់ជាងមុន។
៣-តើគេធ្វើសួនរង្វង់យ៉ាងដូចម្តេច?
ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយបន្ទាត់ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។
រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរងមានទទឹង ៣តឹក កំពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹកកន្លះ (សូមមើលរូបភាព)។
៤-តើគេដាក់ជី និងស្រោចទឹកយ៉ាងដូចម្តេច?
បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើ ស្មៅ ចំបើង សាមកសត្វ។ល។ នៅពេលស្រោចទឹក គេស្រោចតែលើសារធាតុសរីរាង្គ គឺមិនអាចស្រោចលើរងដែលនៅជុំវិញរណ្ដៅទេ។ ជាបណ្ដើរៗ រុក្ខជាតិចាប់ផ្តើមស្រូបយកជីជាតិ និងទឹកពីរណ្ដៅបាន។ ក្នុងរយៈពេលលូតលាស់របស់ដំណាំ គេត្រូវតែឧស្សាហ៍បន្ថែមសារធាតុសរីរាង្គឱ្យញឹកញាប់។ សូមបញ្ជាក់ផងថា ពេលយើងបន្ថែមជី គេធ្វើយ៉ាងណាជៀសវាងដាក់តែជីមួយប្រភេទ។ យើងត្រូវឧស្សាហ៍ព្យាយាមលាយជីឱ្យបានច្រើនមុខ។
៥-តើនៅលើរង្វង់ គេដាំដំណាំយ៉ាងដូចម្តេចដែរ?
ចំពោះសួនរង្វង់ គេមិនដាំនៅលើរងទេ តែនៅលើផ្នែកទេរខាងក្នុងរបស់រង។ ការដាំ គឺមិនត្រូវឱ្យខិតចុះមកក្រោមពេកដែរ (សូមមើលរូបភាពខាងក្រោម)។ នៅផ្នែកខាងក្រៅនៃរង គេអាចដាំដំណាំផ្សេងៗសម្រាប់គ្របដី។ គេអាចដាំដំណាំបានច្រើនមុខទៅតាមរង្វង់មូល ឧទាហរណ៍ ដំណាំខ្ពស់ ដំណាំទាប ដំណាំវារឡើងទ្រើង និងដំណាំវារលើដី។ ដំណាំទាំងនោះមានរបៀបលូតលាស់ផ្សេងៗគ្នា តែស្រូបយកទឹក និងជីពីកន្លែងតែមួយ។
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)