ដើមទល់, អ្នកស្រុករស់នៅតាមជួរភ្នំដងរែក ចូលចិត្តយកទៅធ្វើម្ហូប
ដើមទល់ គឺជារុក្ខជាតិមួយដែលអ្នករស់នៅទីក្រុង ក៏ដូចតាមបណ្តាខេត្តមួយចំនួនពុំដែលបានឃើញនិងស្គាល់ឡើយ ពីព្រោះរុក្ខជាតិមួយនេះច្រើនដុះខ្លួនឯងនៅតាមព្រៃភ្នំ។ ដូច្នេះហើយបានជាអ្នករស់នៅតាមព្រៃភ្នំទើបស្គាល់និងកែច្នៃយកទៅធ្វើជាម្ហូបបានទៀតផង។
អ្នកលក់ដើមទល់នៅផ្សារ (ផ្សារតូចនៅច្រកទ្វារព្រំដែនអានសេះជាប់ប្រទេសថៃ) បានឲ្យដឹងថា ដើមទល់នេះ គឺប្រជាពលរដ្ឋខ្មែរ និងថៃ (ថៃដើមកំណើតខ្មែរ) ដែលមានស្រុកកំណើតនៅជាប់នឹងជួរភ្នំដងរែក ចូលចិត្តបរិភោគដោយយកទៅ ស្លម្សៅ ស្លប្រហើរ ស្លកែង ហើយគេអាចដាក់ផ្សិតប៉ក់ថែមទៀតក៏បាន។
អ្នកលក់បានឲ្យដឹងទៀតថា «ដើមទល់នេះ វាត្រូវថ្នាំកែរោគ និងអាចយកទៅកែច្នៃធ្វើជាម្ហូបច្រើនមុខទៀត ទើបប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅតាមតំបន់ព្រៃភ្នំដងរែកនេះចូលចិត្តបរិភោគ និងប្រជាពលរដ្ឋមានស្រុកកំណើតពីខេត្តឆ្ងាយៗហើយមករស់នៅទីនេះ ក៏រៀនហូបមុខម្ហូបទាំងនោះដែរ។ ជនជាតិថៃដើរឆ្លងព្រំដែនមកទិញដើមទល់ និងទំនិញផ្សេងៗទៀតនៅទីនេះ»។
ច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខាងថៃហៅ ច្រកអាមម៉ា ស្ថិតនៅក្នុងឃុំដាំយឿន ស្រុកឧប៊ុន ខេត្តឧប៊ុន (ប្រទេសថៃ)។ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតំបន់នោះចូលព្រៃប្រមូលអនុផលព្រៃឈើយកមកលក់មាន៖ ផ្សិតប៉ក់, ខ្យងធម្មជាតិ, ផ្តៅខ្ចី (បណ្ដូលផ្តៅធ្វើម្ហូប), ស្លឹកគន្ធីង, កណ្ដូប, ចន្លុះ…៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)