ធ្វើរងដំណាំដែលមានចង្អូរនៅកណ្តាល
រងដំណាំដែលមានចង្អូរកណ្តាល ជារងដែលគេជីកកូនរណ្តៅវែងតូចមួយនៅចំកណ្តាល និងបណ្តោយទៅតាមផ្ទៃរង។ គេប្រើកូនចង្អូរតូចនេះសំរាប់ដាក់ជីធម្មជាតិនិងស្រោចទឹក។ ពេលដំណាំលូតលាស់ឫសរបស់វាប្រមូលផ្តុំនៅកន្លែងដាក់ជី និងស្រោចទឹកនោះ។ ការធ្វើរងរបៀបនេះងាយស្រួលដល់យើងក្នុងការឲ្យជី និងទឹកចំមាត់ដំណាំតែម្តង (ពីព្រោះឫសដែលលូតមកថ្មីៗ ជាឫសដែលស្រូបទឹក និងជី)។
របៀបធ្វើរងដាំនិងថែទាំ៖
១. យើងលើកដីធ្វើរងតាមរបៀបធម្មតា ដោយទទឹងរបស់រង អាចមានប្រវែងប្រហែល ១ម៉ែត្រ។ (មើលរូបខាងក្រោម)
២. បន្ទាប់ពីលើករងហើយ យើងយកចបមកជីកជាចង្អូរចំកណ្តាលដោយទទឹងរបស់ចង្អូរមានប្រវែងប្រហែល ៣តឹកនិងជំរៅប្រហែល ៣តឹកដែរ។ (មើលរូបខាងក្រោម)
៣. ពេលជីកចង្អូរហើយយើងរៀបដីនៅសងខាងឲ្យបានស្មើល្អ។ បន្ទាប់មកប្រមូលជីធម្មជាតិផ្សេងៗ យកមកដាក់ក្នុងចង្អូរ (ដែលមានជីលាមកសត្វសុទ្ធ) លាយជាមួយស្លឹកឈើ និងកាកសំណល់រុក្ខជាតិផ្សេងៗ (ចៀសវាងការប្រើជីលាមកសត្វសុទ្ធ)។ បើយើងមានជីកំប៉ុស្តយើងគួរលាយវាជាមួយ។ (មើលរូបខាងក្រោម)
៤. បន្ទាប់មក យើងអាចយកកូនដំណាំមកដាំឬកប់គ្រាប់ដំណាំ។ ដំណាំដែលសមស្របសំរាប់រងរបៀបនេះ ច្រើនពពួកដែលមានឫសវែងល្មមដូចជា សណ្តែកកួរ ត្រប់ ត្រសក់ ម្រះ ម្ទេស ប៉េងប៉ោះ។ល។ (មើលរូបខាងក្រោម)
៥. នៅពេលដំណាំដុះលូតលាស់ហើយ យើងមិនបាច់ស្រោចទឹកចំគល់របស់វាទេ គឺយើងគួរស្រោចតែតាមចង្អូរបានហើយ ឫស នឹងប្រមូលផ្តុំនៅក្នុងចង្អូរនោះ។ នៅពេលដំណាំកំពុងលូតលាស់ ជីនៅកណ្តាលចង្អូរត្រូវរលួយហើយស្រុតចុះក្រោម។ដូចនេះ យើងគួរឧស្សាហ៍បន្ថែមជី តែជៀសវាងប្រើលាមកសត្វស្រស់។ (មើលរូបខាងក្រោម)
៦. ក្នុងករណីពពួកដំណាំឡើងទ្រើង យើងអាចដាក់ទ្រើងឲ្យវារឡើងធម្មតា តែត្រូវទុកចន្លោះសំរាប់ស្រោចទឹកផង។ បើចង់ដឹង ថារងរបៀបនេះមានផលប្រយោជន៍យ៉ាងណាសូមបងប្អូនធ្វើការសាកល្បងចំនួន ២-៣រងមើលសិន៕ (មើលរូបខាងក្រោម)
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)