របៀបប្រមូលផលដំណាំបន្លែ
ដំណាំបន្លែដូចជាពពួកបន្លែយកផ្លែ ឬបន្លែយកស្លឹក ក្រោយពីប្រមូលផលហើយ យើងមិនអាចបង្កើនគុណភាពផ្លែស្លឹកនោះបានទៀតទេ។ ប៉ុន្តែយើងអាចថែរក្សាវាបានក្នុងរយៈពេលកំណត់មួយបានប្រសិនជាយើងប្រមូលផលវាបានល្អមិនធ្វើឲ្យវាជ្រុះបាក់បែកប្រេះស្រាំនោះ។ ជាពិសេសទៅទៀត យើងត្រូវដឹងអំពីពេលវេលានៃការប្រមូលផលឲ្យបានច្បាស់លាស់ទើបអាចរក្សាទុកបន្លែមានគុណភាពល្អ។ របៀបប្រមូលផលបន្លែបង្ហាញជូនដូចខាងក្រោម។
១. ពេលវេលានៃការប្រមូលផល
ចំពោះដំណាំបន្លែយកផ្លែ យើងគួរប្រមូលផលឲ្យបានឆាប់ ជាពិសេសប្រមូលនៅពេលព្រឹកកុំឲ្យស្ងួតទងទាន់។ ផ្ទុយទៅវិញចំពោះបន្លែយកស្លឹក យើងគួរប្រមូលផលនៅពាក់កណ្តាលថ្ងៃត្រង់គឺពេលនោះស្លឹករបស់វាទន់មិនស្រួយ។
២. របៀបប្រមូលផលបន្លែ
- ចំពោះបន្លែផ្លែដែលវារឡើងទ្រើង ពេលប្រមូលផល(បេះផ្លែ) យើងគួរប្រើទំពក់កន្ត្រកដើម្បីរក្សាការពារកុំឲ្យផ្លែផ្លាក់មកដីបែក ឬមានស្នាមជាំ។
- ចំពោះបន្លែយកស្លឹក យើងគួរដកវាទាំងឫស រួចសឹមយកមកកាត់ឫសចេញ ឬស្លឹកផ្នែកខាងក្រោមដែលរលួយដើម្បីកុំឲ្យឆ្លងមេរោគពីដី។
- ចំពោះបន្លែមើម យើងគួរជីកដោយប៉ែលជំរៅ៣តឹកនៅក្បែរគល់ រួចទើបចាប់ដើមដកកុំឲ្យដាច់មើម។
សរុបមក ការប្រមូលផលដំណាំ ក៏ជាវិធីសាស្រ្តមួយជួយយើងក្នុងការបង្កើតគុណភាពផលដំណាំ។ កាលណាយើងប្រមូលផលបានល្អ មិនធ្លាក់បែកប្រេះស្រាំ យើងអាចថែរក្សាវាទុកបានយូរ ហើយផលដំណាំនោះមានគុណភាពល្អថែមទៀត៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)