ប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះវិហារ ចាប់កណ្តូបលក់ឲ្យថៃតាមច្រកទ្វារព្រំដែនអានសេះ
អ្នកស្រី ឡា វី បានឲ្យដឹងនៅច្រកទ្វារព្រំដែនអានសេះ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ថា រូបគាត់ជាអ្នកប្រមូលទិញសត្វកណ្ដូបពីប្រជាពលរដ្ឋខ្មែរមកលក់បន្តឲ្យឈ្មួញកណ្តាលប្រចាំនៅច្រកទ្វារព្រំដែនអានសេះ (ថៃហៅ អាមម៉ា) រួចឈ្មួញកណ្តាលនេះបានលក់បន្តទៅឲ្យជនជាតិថៃ។
អ្នកស្រីបានឲ្យដឹងបន្តថា «សត្វកណ្តូបទាំងអស់នេះ គឺប្រជាពលរដ្ឋខ្មែរមួយចំនួននៅខេត្តព្រះវិហារ បានដើរចាប់នៅក្នុងចម្ការអំពៅក្នុងទឹកដីខេត្តព្រះវិហារ ពិសេសស្រុកនៅក្បែរច្រកទ្វារព្រំដែន ហើយខ្ញុំបានប្រមូលទិញពីពួកគាត់យកមកលក់ឲ្យឈ្មួយកណ្តាលនៅច្រកទ្វារព្រំដែនអានសេះនេះក្នុងមួយគីឡូក្រាមតម្លៃពី ១២០ ទៅ ១៨០បាត (លុយថៃ)»។
ចំណែកអ្នកស្រី ព្រីង សាម៉េត (ឈ្មួញកណ្តាល) ដែលជាអ្នកទិញកណ្តូបពីអ្នកស្រី ឡា វី បានឲ្យដឹងនៅច្រកទ្វារ ព្រំដែនអានសេះថា គាត់ទិញកណ្តូបក្នុង១គីឡូក្រាមតម្លៃពី ១២០ ទៅ ១៨០បាត ហើយលក់ចេញទៅឲ្យជនជាតិថៃ១គីឡូក្រាមតម្លៃ ១៣០ ទៅ ១៩០បាត។ នៅពេលណាកណ្តូលច្រើនតម្លៃបានធ្លាក់ចុះបន្តិច ហើយនៅពេលកណ្តូបតិច គឺអាចលក់បានថ្លៃ។
អ្នកស្រីឲ្យដឹងបន្ថែមថា «សត្វកណ្តូបធំថ្លៃជាងកណ្តូបតូចៗ ហើយយើងមានចំនួនប៉ុន្មានក៏លក់អស់ដែរ គ្រាន់តែយើងមានកណ្តូបច្រើនវាធ្លាក់តម្លៃបន្តិច ប៉ុន្តែបើថ្ងៃណាកណ្តូបយើងមានតិច គឺយើងអាចសុំឡើងថ្លៃបានខ្ពស់បន្តិចវិញដែរ។ ដូចនៅថ្ងៃនេះ ចំពោះតែខ្ញុំគឺម៉ូយថៃចង់បាន ៦០០គីឡូក្រាម តែខ្ញុំមានតែជាង ២០០គីឡូក្រាមប៉ុណ្ណោះ»។
ប្រជាពលរដ្ឋខ្មែរដែលទៅចាប់កណ្តូបនៅចម្ការអំពៅរបស់ចិន និងរបស់អ្នកដទៃទៀត ម្ចាស់ចម្ការមិនហាមឃាត់ទេ គឺមានតែជំរុញឲ្យប្រជាពលរដ្ឋទៅចាប់ពីព្រោះសត្វកណ្តូបបានទៅស៊ីបំផ្លាញត្រួយ (ស្លឹកខ្ចី) អំពៅ ធ្វើឲ្យដើមអំពៅអន់។
ជាការកត់សំគាល់របស់អ្នកយកព័ត៌មានសហគមន៍សម្បូរសប្បាយ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់នឹងឃុំដាំយឿន ស្រុកឧប៊ុន ខេត្តឧប៊ុនប្រទេសថៃ គឺកសិផលគួរឲ្យចាប់អារម្មណ៍ដែលដោះដូរគ្នា ខាងខ្មែរនាំទៅថៃមាន សត្វកណ្ដូប ខ្យងធម្មជាតិ(យកតែសាច់) និងត្រី។ ខ្មែរនាំចូលពីថៃវិញមាន ពោត និងផ្លែដូង។ ប្រជាពលរដ្ឋនៃប្រទេសទាំង២អាចឆ្លងព្រំដែនទៅវិញទៅមកត្រឹមផ្សារ (ផ្សារតូច) ក្បែរព្រំដែន(ខ្មែរមាន១ ថៃមាន១) ដើម្បីកំសាន្ត ឬទិញទំនិញដោយមិនទាមទារលិខិតបញ្ជាក់អ្វីឡើយ (ខាងភាគីថៃគ្រាន់តែកត់ឈ្មោះ និងអាយុប៉ុណ្ណោះ)៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)