របៀបរៀបចំថ្នាលបណ្តុះ និងសាបគ្រាប់បន្លែ
ជាទូទៅ គ្រាប់ដំណាំភាគច្រើនដូចជា ល្ពៅ សណ្តែក ឃ្លោក ត្រឡាច ។ល។ គេដាំផ្ទាល់នៅក្នុងសួនដំណាំតែម្តង ប៉ុន្តែចំពោះដំណាំដែលមានគ្រាប់តូចៗដូចជា សាលាដ ប៉េងប៉ោះ ស្ពៃជាដើម គេត្រូវបណ្តុះវាជាមុនសិន ទើបយកទៅស្ទូងនៅលើរង។ ដូច្នេះយើងគប្បីរៀបចំថ្នាលបណ្តុះកូនឲ្យបានល្អ ដើម្បីឲ្យកូនដំណាំដុះមករឹងមាំនិងមានសុខភាពល្អដែរ។
ថ្នាលដែលយើងបំរុងសាបគ្រាប់ ត្រូវរៀបចំឲ្យបានស្អាតដោយដកយកសំរាម ថ្ម ក្រួស ចេញពីថ្នាល បណ្តុះ រួចលើករងឲ្យមានកំពស់១តឹកកន្លះ។
នៅលើថ្នាលសាប យើងគួរលាយដីខ្សាច់ខ្លះ ដើម្បីជួយឲ្យដីជ្រាបទឹកបានល្អ កុំឲ្យដីដក់ទឹក ជៀសផុតពីការបំផ្លាញរបស់ជំងឺផ្សិត។ ដើម្បីសាបគ្រាប់ឲ្យបានដុះល្អ ត្រូវអនុវត្តតាមបច្ចេកទេសខាងក្រោម៖
ក) យើងសង្កត់ដីឲ្យហាប់ដោយយកបន្ទះក្តារមកដាក់លើថ្នាល។
ខ) បន្ទាប់មកទៀត យើងឆូតជាកន្លងនៅលើថ្នាលដោយគន្លងនិមួយៗមានជំរៅរាក់។
គ) ក្រោយពីឆូតហើយ យើងសាបគ្រាប់នៅតាមគន្លងនោះ រួចលុបដីសើរៗ។
ឃ) បន្ទាប់ពីលុបដីមក យើងបង្ហាប់ដីឲ្យណែនដោយដាក់បន្ទះក្តារពីលើ រួចឡើងជាន់សង្កត់លើបន្ទះក្តារនោះ។ ជាទីបញ្ចប់ យើងដកបន្ទះក្តារចេញ ហើយគ្របចំបើងឲ្យស្តើងៗ រួចស្រោចទឹកជាធម្មតា។ ការធ្វើរបៀបនេះគ្រាប់ដំណាំដុះបានល្អ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)