បច្ចេកទេសដាំដំណាំក្នុងផើង
ការដាំដំណាំនៅក្នុងផើង គឺជាវិធីមួយសមស្របណាស់សំរាប់កសិករដែលរស់នៅតំបន់មានដីលិចទឹកឬដីតូចចង្អៀត។ ដំណាំបន្លែភាគច្រើន គឺឫសរបស់វាអាចដុះលូតលាស់នៅក្នុងផើងបានល្អដូចដាំនៅលើដីដែរ។ ដើម្បីដាំដំណាំឲ្យបានល្អនៅក្នុងផើង យើងគួររៀបចំដីក្នុងផើងដូចតទៅនេះ៖
ដីដែលដាក់នៅក្នុងផើង ត្រូវមាន៣ប្រភេទដូចជា៖
- ១ផ្នែក គឺជាដីក្នុងច្បារដំណាំធម្មតា
- ១ផ្នែកទៀត គឺដីក្រួសថ្ម និង
- ១ផ្នែកទៀត គឺជីកំប៉ុស្ត។
បន្ទាប់ពីរៀបចំ ឬមានដី៣ប្រភេទនេះហើយ រៀបចំដាក់ក្នុងផើងជាស្រទាប់ដូចខាងក្រោម៖
ផើងសំរាប់ដាំត្រូវមានរន្ធ។ ដីក្រួសថ្មគួរដាក់នៅបាតក្រោមបង្អស់ដើម្បីកុំឲ្យដីម៉ដ្ឋវាជ្រាបហូរទៅតាមរន្ធផើងចេញទៅក្រៅ។ ដីច្បារដំណាំ និងជីកំប៉ុស្តត្រូវច្របល់ចូលគ្នារួចដាក់នៅផ្នែកខាងលើ។
ដំណាំដែលអាចដាំដុះក្នុងផើងបានល្អបំផុតមានពួកជី និងបន្លែស្លឹកដូចជា ជីនាងវង ម្រះព្រៅ ជីបារាំង ផ្ទី ម្ទេស ខ្ទឹមស្លឹក ស្លឹកគ្រៃ ខ្ទឹមបារាំង ខ្ទឹមស សាលាដ ប៉េងប៉ោះ។ល។
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)