ស្ពានកោះប៉ែន ក្លាយជាកន្លែងលំហែកាយនាពេលល្ងាចរបស់ក្រុមយុវវ័យ

ស្ពានថ្មកោះប៉ែននេះបានចាប់សាងសង់ឡើងដំបូងនៅខែឧសភា ឆ្នាំ២០១១ និងរួចរាល់នៅឆ្នាំ២០១៨ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ ស្ពាននេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីកោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រើយខាងកើតទន្លេមេគង្គក្នុង និងត្រើយខាងលិចទន្លេមេគង្គក្នុង ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម។

បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពាននេះមានបណ្តោយប្រវែង៧៧៩ម៉ែត្រ ទទឹងប្រវែង៩,២០ម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់អស់ប្រមាណជាង ១៣លាន ដុល្លារអាមេរិក។ ស្ពាននេះអាចទ្រទំងន់បានពីចន្លោះ ២០-៣០តោន។

ជារៀងរាល់ពេលល្ងាចគេតែងសង្កេតឃើញថា នៅតាមបណ្តោយសងខាងនៃបង្កាន់ដៃស្ពានកោះប៉ែន គឺជាទីណាត់ជួបនៃក្រុម​យុវវ័យទាំងឡាយមកលំហែកាយសប្បាយខ្ញៀវខ្ញារ ដោយនៅគល់ស្ពានត្រើយខាងកើតមានលក់ដូររបស់អូបចុក ដែលបង្កើតបានជាភាពអ៊ូអរផងដែរ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)