អត្ថប្រយោជន៍ដើមសណ្តែកអង្រែ ឬ ក្បើយ

ដើមសណ្តែកអង្រែ ឬក្បើយ តាមភាសាអ្នកស្រុកនិយមហៅផ្សេងៗពីគ្នា គឺមានអត្ថប្រយោជន៍ជាច្រើនមិនថាជាអាហារសម្រាប់មនុស្ស ជាចំណីសម្រាប់សត្វ និងធ្វើជាជីនោះទេ។

សណ្តែកអង្រែ គឺជាប្រភេទដំណាំមួយប្រភេទដែលវាធន់ទៅនឹងបរិយាកាសមិនថាក្តៅ ឬ ត្រជាក់ទេ ងាយស្រួលដាំ និងលូតលាស់​លឿន។ ដំណាំប្រភេទនេះភាគច្រើនគេដាំវាធ្វើជារបង ឬដាំឆ្លាស់ជាមួយដំណាំផ្សេងៗទៀត ដើម្បីបង្កើតបានជាប្រព័ន្ធដំណាំចម្រុះ ដែលបន្សាំទៅនឹងកត្តាចង្រៃដែលយាយីដំណាំ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យ៉ង សាំង កុមារ អ្នកជំនាញផ្នែកកសិកម្មនៅកម្ពុជា។

លោកបញ្ជាក់ឱ្យដឹងបន្តថា ស្លឹករបស់វាអាចកាត់យកទៅធ្វើជី ឬគ្របគល់ដំណាំ។ ចំណែកគ្រាប់វាទុំគេអាចយកទៅធ្វើជានំកន្តំសម្រាប់បរិភោគ និងជាចំណីសត្វ។ រីឯផ្លែខ្ចីគេអាចយកទៅស្ល ឬធ្វើជាអន្លក់បានទៀតផង៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)