តើចាប់អារម្មណ៍ទេ វគ្គសិក្សាស្តីពី កសិ-ទេសចរណ៍?

កន្លងមកវិស័យកសិ-ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហាក់នៅមិនទាន់មានការចាប់អារម្មណ៍ច្រើនទេពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ដោយមើលឃើញពីសក្តានុពលផ្នែកកសិ-ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាលោកបណ្ឌិត យ៉ង សាំង កុមារ មានបំណងចង់ ឱ្យវិស័យមួយនេះមានការរីកដុះដាលនៅទូទាំងប្រទេស ដើម្បីភាពសម្បូរសប្បាយនៃមាតុភូមិ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីម្សិលមិញ អ្នកជំនាញកសិកម្មរូបនេះ បានប្រកាសពីការរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី កសិ-ទេសចរណ៍ ទៅដល់អ្នកទាំងឡាយណាដែលមានបំណងចាប់យកអារជីពខាងកសិ-ទេសចរណ៍។ វគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងតាមរបៀបកម្មសិក្សាតាមកសិដ្ឋានទេសចរណ៍ និងតំបន់កសិ-ទេសចរណ៍នៅក្នុង និងក្រៅប្រទេស។

បើតាមលោកបណ្ឌិត យ៉ង សាំង កុមារ វគ្គនេះបង្កើតឡើងសម្រាប់អ្នកដែលចង់ចាប់យកអាជីពខាងកសិ-ទេសចរណ៍ដោយ ផ្តោតលើជំនាញគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងសហគមន៍កសិ-ទេសចរណ៍។ លោកបន្ថែមឱ្យដឹងថា អ្នកដែលរៀនចប់វគ្គបានជោគជ័យ នឹងទទួលបានការងារជាអ្នកគ្រប់គ្រងកសិដ្ឋានទេសចរណ៍ និងសហគមន៍កសិ-ទេសចរណ៍ដើម្បីចូលរួមចំណែកកសាងកម្ពុជាសម្បូរសប្បាយ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលចាប់ពី ៣ទៅ៦ខែ ដោយចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១៩ នេះទៅ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ អាចចូលរួមសិក្ខាសាលាព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកនៅហាងអូក្រាទួលគោក ផ្លូវ៥៩២ កែង៣៣៥ ខាងលិចសាលាវិទ្យាល័យឥន្ទ្រទេវី៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)