បច្ចេកទេសដាំប៉េងប៉ោះឈើរី (កសិករ ឯម រីម)
អ្នកមីង ឯម រីម ជាកសិកររស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់ជាកសិករសហការជាមួយអង្គការសេដាក ក្នុងការដាំបន្លែសំរាប់ផ្គត់ផ្គង់មកកាន់ទីផ្សារកសិផលធម្មជាតិនៅក្រុងភ្នំពេញ និងនៅផ្សារណាត់សហគមន៍ខេត្តកំពង់ស្ពឺ។ នៅពេលនេះ យើងសូមបង្ហាញជូននូវបទពិសោធន៍របស់អ្នកមីង ឯម រីម ក្នុងការដាំដំណាំប៉េងប៉ោះឈើរី ដូចខាងក្រោម៖
១. បច្ចេកទេសដាំដុះ
- ប្រភពពូជ អ្នកមីងបានទិញពូជពីទីផ្សារ ឈ្មោះប៉េងប៉ោះឈើរី។
- ពេលវេលា កាលដែលសមស្របសំរាប់បណ្តុះកូន និងដាំ គឺចន្លោះពីខែវិច្ឆិកា ដល់ ខែកុម្ភៈ
- របៀបបណ្តុះកូន មុនពេលសាបគ្រាប់ប៉េងប៉ោះ គាត់បានភ្ជួរដីហាលចោល១ទៅ២អាទិត្យ ដើម្បីឲ្យស្មៅងាប់និងធ្វើឲ្យដីផុស។ បន្ទាប់មក គាត់យកជីលាមកគោ និងជីកំប៉ុស្តប្រមាណ ២០ទៅ៣០គីឡូក្រាម ទៅរាយឲ្យសព្វរួចសាបគ្រាប់ពីលើ។ ក្រោយពីកូនប៉េងប៉ោះអាយុបាន១៥ទៅ២០ថ្ងៃ គាត់ចាប់ផ្តើមដកយកទៅដាំនៅទីវាល(ស្រែ)។
- ការរៀបចំដីដាំ អ្នកមីងបានដាំនៅលើដីចម្ការ និងដីស្រែ។ គាត់បានរៀបចំដីឲ្យបានរាបស្មើដោយភ្ជួរដី ៣សា រួចបំបែកដីឲ្យម៉ត់ល្មមនិងលើកជារងសម្រាប់ដាំ។មុនដាំត្រូវដាក់ជីកំប៉ុស្តនិងលាមកគោចូលក្នុងរណ្តៅ ដែលត្រូវដាំនោះ។ ចំណែករងវិញត្រូវទុកចន្លោះពីរងមួយទៅរងមួយទៀតកន្លះមែត្រ។ រងនៅរដូវប្រាំងត្រូវលើកកំពស់២តឹក កាយឲ្យមានកំពែងដើម្បីទប់ទឹកកុំឲ្យហូរចេញ។ បើនៅរដូវវស្សាវិញ កម្ពស់រងត្រូវលើក ៣តឹក កាយជារាងខ្នងអណ្តើកទុកឲ្យមានចង្អូរបង្ហូរទឹកចេញ។ គាត់ដាំកូននៅលើរងដែលបានលើករួច ក្នុងមួយរណ្តៅដាំមួយដើមប៉ុណ្ណោះ។
២. ការថែទាំ ក្រោយពីដាំរួចគាត់បានធ្វើការថែទាំប៉េងប៉ោះដូចខាងក្រោម៖
- ជួសកូនប៉េងប៉ោះដែលបានដាំរួចហើយ (ងាប់)
- ក្រោយដាំគាត់បានស្រោចទឹកជីកំប៉ុស្ត និងចុះមើលតាមរណ្តៅជៀសវាងការស៊ីបំផ្លាញដើមពីដង្កូវយោល ទោង។
- បន្ទាប់ពីដាំកូនប៉េងប៉ោះរួច គឺត្រូវស្រោចទឹក២ដងក្នុង១ថ្ងៃ ពិសេសត្រូវឧស្សាហ៍ជ្រោយដីនិងបោចស្មៅ ដើម្បីឲ្យដីធូរប៉េងប៉ោះលូតលាស់ល្អ និងឆាប់បានផ្កាផ្លែ។
៣. ការប្រមូលផល
ក្រោយពីដាំបាន៤៥ថ្ងៃ ហើយបន្តប្រមូលផលរហូតដល់រយៈពេល៣០ថ្ងៃទៀតទើបអស់ផ្លែ។ គាត់អាចប្រមូលផលប៉ែងប៉ោះបានចាប់ពី៣០០ទៅ៥០០គីឡូក្រាម។ ក្នុងមួយគីឡូក្រាមអាចលក់បាន ៥.០០០ ទៅ ៨.០០០ រៀល (តំលៃគាត់គិតពីការលក់រាយខ្លះ និងលក់បោះដុំទៅផ្សារកសិផលធម្មជាតិ នៅក្រុងភ្នំពេញ) គាត់អាចរកចំណូលបានប្រមាណ២លានរៀល លើដីទំហំ១អារ។
៤. ចំណាប់អារម្មណ៍
ក្រោយពីដាំដំណាំប៉េងប៉ោះឈើរីទទួលផលបានច្រើន អ៊ំស្រីមានចំណាប់អារម្មណ៍ថា ដំណាំនេះងាយស្រួលដាំ និងមានតម្លៃទីផ្សារខ្ពស់ មិនសូវមានការប្រកួតប្រជែងពីអ្នកដាំផ្សេងទៀត ប៉ុន្តែដំណាំប្រភេទនេះក៏សម្បូរសត្វចង្រៃបំផ្លាញ និងជំងឺផងដែរដូចជា រួញស្លឹក ដង្កូវចោះផ្លែ និងក្រាលើស្លឹកជាដើម ប៉ុន្តែមិនប៉ះពាល់ដល់ទិន្នផលទេ ហើយអ្នកមីងនៅតែសប្បាយចិត្តក្នុងការដាំដែល។
សរុបបច្ចេកទេសសំខាន់ៗមានដូចខាងក្រោម៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)