តើហេតុអ្វី ត្រូវដាំសណ្តែកខៀវ ឬ សណ្តែកបាយ នៅចន្លោះស្វាយចន្ទី?
នៅពេលដែលអ្នកដាំស្វាយចន្ទី ឬដាំដំណាំផ្សេងៗ ដែលមានរយៈពេលយូរទើបបានផលនោះ អ្នកប្រឈមនឹងការចំណាយផ្សេងៗ ដើម្បីថែរក្សាដំណាំរបស់អ្នក ដូចជាការកាត់ស្មៅ ដាក់ជីបន្ថែមទៅលើដំណាំទាំងនោះឱ្យវាលួតលាស់បានល្អ។ ប៉ុន្តែនៅពេលអ្នកដាំសណ្តែកនៅតាមចន្លោះដីទំនេរ នោះវានឹងជួយថែរក្សាដំណាំជំនួសអ្នក និងមិនតែប៉ុណ្ណោះវាថែមទាំងជួយរកចំណូលឱ្យអ្នកថែមទៀតផង។
លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក់ បានមានប្រសាសន៍ឲ្យគេហទំព័រសម្បូរសប្បាយដឹងថា ការដាំសណ្តែកនៅចន្លោះស្វាយចន្ទី ឬដើមឈើផ្សេងៗទៀត វានាំមកនូវផលប្រយោជន៍ជាច្រើន៖
- សណ្តែកនាំជីអាហ្សូតមកដីហើយពេលរលួយក្លាយជាជីដ៏ល្អ
- ឫសសណ្តែកជួយឱ្យដីផុសល្អ
- ជួយគ្របដីការពារស្មៅកុំឱ្យដុះ
- ការពារការហូរសឹក ឬ ហូរច្រោះ
- ផ្តល់ផល និងចំណូលថែមខ្លះៗ
- កាត់បន្ថយចំណាយលើជី និងថ្នាំបាញ់សម្លាប់ស្មៅ។
ហេតុនេះ ជាការសមស្របណាស់ ដែលកសិករគួរដាំសណ្តែកខៀវ ឬ សណ្តែកបាយ និងសណ្តែកអង្គុយ នៅចន្លោះដើមឈើ៕
អាន វិចិត្រ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)