បទពិសោធន៍ដាំសណ្តែកកួរ (កសិករ ឆេង ឈាង )
លោកពូ ឆេង ឈាង ជាកសិកររស់នៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំសណ្តែកកួរ ដោយដាំតាមគោលការណ៍ធម្មជាតិដែលធ្វើឲ្យដំណាំដុះលូតលាស់ល្អ ទទួលផលបានទ្វេដង និងមិនប៉ះពាល់ដល់សុខភាព។ ចំពោះបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម៖
១. ការរៀបចំដី និងការលើករង
- គាត់បានដាំសណ្តែកនៅលើដីដែលមានទំហំ ៣០x២០ម៉ែត្រ ដាំបាន ១០រង និង២០ជួរ។
- មុនដាំគាត់បានភ្ជួរដីហាលរយៈពេល ៧ទៅ១០ថ្ងៃ បន្ទាប់មកគាត់បានរាស់យកស្មៅចេញហើយលើកជា រងដោយរងនីមួយៗមានចន្លោះ ទទឹង១ម៉ែត្រ ចន្លោះពីរងមួយទៅរងមួយ៣តឹក និងបណ្តោយ២០ម៉ែត្រ។
- គាត់បានឆូតជាចង្អូរម្ខាងមួយនៅជាយរងសំរាប់ដាក់ជី និងដាក់គ្រាប់សណ្តែកកួរដាំដោយចន្លោះពីចង្អូរមួយទៅមួយមានចំងាយ៧តឹកពីគ្នា។
២. របៀបដាំ
គាត់បានដាក់ជីកំប៉ុស្តរោយនៅតាមចង្អូរ រួចយកគ្រាប់សណ្តែកទៅដាក់ដាំ ២ទៅ៣គ្រាប់ក្នុងមួយរណ្តៅ ទើបលុបដីសើរៗពីលើគ្រាប់ (ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៣តឹក) នៅពេលសណ្តែកដុះបានស្លឹក២ ត្រូវ បំបែកកូនទុកតែ១ទៅ២ដើមក្នុងមួយរណ្តៅ និងលើករងពូនគល់ ហើយស្រោចទឹកឲ្យជោគ។ យកចំបើងនិងស្លឹកឈើងាប់ៗគ្របលើរង ការគ្របរងនេះគឺដើម្បីរក្សាសំណើម និងការពារកុំឲ្យដីខ្ទាតត្រូវស្លឹកនៅពេលមានភ្លៀងនិងអាចការពារដីមិនឲ្យហាប់ទៀតផង។ នៅពេលសណ្តែកអាយុបាន ១៥ទៅ២០ថ្ងៃ ឬសណ្តែកលាស់បានស្លឹក៤ទៅ៥សន្លឹក គាត់រៀបចំដោតទ្រើងដែលមានកំពស់ ២,៥ទៅ៣ម៉ែត្រ ឲ្យសណ្តែកវារឡើង។
៣. ការថែទាំ
ក្រោយពីដាំហើយគាត់បានស្រោចទឹក១ថ្ងៃពីរដង (ពេលអត់ភ្លៀង)។ ក្រោយពីដាំបាន១៥ថ្ងៃ គាត់ចាប់ផ្តើមជ្រោយដីពូនគល់ដាក់ជីម្តងនិងដោតចំណារទ្រើងឲ្យសណ្តែកវារតោងដើម្បីជៀសវាងសណ្តែករួញទង។
- គាត់ស្រោចទឹកទៀងទាត់ ជាពិសេសនៅពេលសណ្តែកកំពុងចេញផ្កា និងចេញផ្លែព្រោះបើទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសណ្តែកកួរអាចជ្រុះផ្កា និងជ្រុះផ្លែ
- ពេលសណ្តែកអាយុបានពី១៥ទៅ២០ថ្ងៃ គាត់ប្រើជីកំប៉ុស្តទឹកលាយជាមួយទឹកដោយប្រើទឹកមួយធុងលាយទឹកជីចំនួន២ត្រឡោក រួចយកទៅស្រោចលើដំណាំ
- ពិនិត្យមើលជាប្រចាំបើមានសណ្តែកណាបោះទងផុតពីទ្រើង ត្រូវកាត់ចេញនិងត្រូវបេះស្លឹកចាស់ៗចោលខ្លះ។
៤. ការប្រមូលផល
ក្រោយពីសណ្តែកកួរអាយុបាន៥៥ទៅ៧៥ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផល។ ការប្រមូលផលលើកទី១បានប្រមាណ ១០ទៅ២០គីឡូកា្រម។ ក្នុងមួយសប្តាហ៍អាចប្រមូលផលបាន៤ទៅ៥ដង(ពីដាំរហូតដល់ប្រមូលផលអស់បានចំនួន២០ដង)។ សរុបទិន្នផលទាំងអស់ ៣០០គីឡូក្រាមក្នុង២០រង។ គាត់អាចលក់បាន ៥.០០០ ទៅ ៧.០០០រៀលក្នុង១គីឡូក្រាម (លក់រាយនៅផ្ទះខ្លះ និងមានឈ្មួញចុះទិញយកទៅលក់នៅទីផ្សារ)។
៥. ការរក្សាទុកពូជ
ដើម្បីឲ្យផ្លែលូតបានវែងល្អ គាត់បានជ្រើសរើសសណ្តែកសំរាប់ទុកធ្វើពូជ ពេលផ្លែនៅលើកទី២។ ចំពោះផ្លែដែលរក្សាទុកពូជគឺ មិនរក្សាទុកឲ្យទុំរហូតដល់ស្ងួតនោះទេ គឹនៅពេលផ្លែចាស់គាត់បេះយកទៅច្រកនៅក្នុងដបដោយមានដាក់ធ្យូង និងស្លឹកគ្រៃស្ងួតចូលទៅក្នុងកែវ។ ការធ្វើបែបនេះដើម្បីការសត្វល្អិត និងកាត់បន្ថយសំណើមរបស់គ្រាប់ពូជ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំ
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)