ស្វែងយល់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ឆ្នាំ២០១៩នេះ ព្រះរាជពិធីប្រារព្ធច្រត់ព្រះនង្គ័លនៅខេត្តតាកែវ
ពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយក្នុងចំណោមព្រះរាជពិធីទ្វាទសមាស។ តាមធម្មតា ព្រះរាជពិធីនេះ ត្រូវបានធ្វើនៅខែពិសាខ (ឧសភា) ជាពេលដើមរដូវវស្សាបង្កបង្កើនផលកសិកម្ម ហើយជាទូទៅ ត្រូវបានប្រារព្ធនៅលើទីលាន វាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង ឬ ព្រះស្រែនៃខេត្តណាមួយ។ ឆ្នាំនេះធ្វើនៅទីព្រះស្រែខេត្តតាកែវ ចាប់ពីថ្ងៃទី២១-២៣ ខែឧសភា។
របៀបប្រារព្ធ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ច្រើនតែធ្វើនៅថ្ងៃ១រោច ២រោច និង ៣រោច ខែពិសាខ ដោយចាត់ឲ្យមានព្រាហ្មណ៍ ៥នាក់ ធ្វើហោមពិធីបូជាទេវតា៥កន្លែងនៅទីព្រះស្រែ។ ពេលខ្លះព្រះរាជា យាងច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែពេលខ្លះតំណាងព្រះរាជា ជាអ្នកច្រត់ព្រះនង្គ័ល។ ថ្ងៃ៤រោច ខែពិសាខ គេចាប់ផ្តើមហែមន្ត្រីដែលជាអ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា ហៅថា ស្តេច មាឃ និង ភរិយា ហៅថា ព្រះមេហួរ តំណាងព្រះអគ្គមហេសីចេញពីព្រះបរមរាជវាំង ទៅកាន់ទីព្រះស្រែ ដោយនៅទីនោះមានគោ ៣នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល។ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរ។
គោនឹមទី១ ដែលទឹមសម្រាប់ច្រត់ព្រះនង្គ័លនោះ គេហៅថា «ព្រះគោ» ឬ «គោឧសភរាជ» (គោឈ្មោលរបស់ព្រះរាជា)។ តាមរាជបវេណី «ព្រះគោ» ឬ «គោឧសភរាជ»នេះ មានកំណត់លក្ខណៈច្បាស់លាស់ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។
គោនឹមទី២ ដែលប្រើសម្រាប់ហែមុខហែក្រោយនោះ ដូចជាមិនទាន់ឃើញថាមានកំណត់លក្ខណៈនៅឡើយទេ។ ទោះយ៉ាងណាក្តី តាមដែលធ្លាប់ប្រើមកហើយឃើញច្រើនតែសម្បុរក្រហម។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសម្រាប់អ្នកតំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ ក នាគ និង មានភូ (សរសៃរំយោល) ធ្វើពីរោមសត្វ។
គោលបំណងសំខាន់បំផុត នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និងហេតុភេទដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនេះ។ ព្រះរាជា ឬស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬដែលតំណាងដោយព្រះមេហួរជាអ្នកព្រោះគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួន៣ជុំ។
នៅក្នុងបរិវេណទីលានព្រះស្រែ (វាលព្រះមេរុ)នោះ មានសង់ព្រះពន្លា គឺរោងដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន៧ (សព្វថ្ងៃប្រើថាសមានជើង) ហើយនៅលើតុនីមួយៗ មានតម្កល់ទៅដោយរបស់មួយមុខគឺ គ្រាប់ស្រូវ ១តុ, គ្រាប់សណ្ដែក ១តុ, គ្រាប់ពោត ១តុ, គ្រាប់ល្ង ១តុ, ស្មៅស្រស់ ១តុ, ទឹក ១តុ, និង ស្រា ១តុ។
បន្ទាប់ពីបានភ្ជួរចំនួន៣ជុំមក គឺជាពិធីផ្សងគោឧសភរាជ, ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឲ្យបរិភោគអាហារ៧យ៉ាងនោះ។ កាលព្រះគោ បរិភោគអ្វីមួយ ព្រាហ្មណ៍ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ ឬទស្សន៍ទាយតាមប្រផ្នូលនោះ សម្រាប់រយៈពេលពេញមួយឆ្នាំ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម។
សាវតារពិធីច្រត់ព្រះនង្គ័ល
បុរាណវិទូ បានអះអាងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះរាជាខ្មែរ ប្រារព្ធជាបវេណីយ៉ាងហោចណាស់ ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី៩) ដែរ ដោយបុរាណវិទូបានរកឃើញរូបចម្លាក់ជាច្រើនដែលបញ្ជាក់ពីវត្តមាន នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ។
ស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរាមាយណៈ របស់ឥណ្ឌា និងរឿង រាមកេរ្តិ៍ របស់ខ្មែរ។ នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍ដំណាស់ដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ) កំពុងយាងច្រត់ព្រះនង្គ័ល គឺព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ។
សន្និដ្ឋាន
ការប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះ គឺគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ប៉ុន្តែពិធីនេះបង្កប់ទៅដោយអត្ថន័យដ៏សំខាន់ គឺបញ្ជាក់ថា ព្រះរាជា ប្រមុខរដ្ឋ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ យកព្រះទ័យ ឬយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយសារកម្ពុជា ជាប្រទេសដែលពឹងពាក់លើវិស័យកសិកម្មជាចម្បង។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ក៏ជាការក្រើនរំលឹកដល់ប្រជានុរាស្ត្រ និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យដឹងថា រដូវបង្កបង្កើនផលបានចូលមកដល់ហើយ គប្បីប្រុងប្រៀបរៀបចំកាយចិត្ត ពូជ និងឧបករណ៍សម្រាប់ប្រឡូកក្នុងការដាំដុះ៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)