ផ្សារដងទង់ ខេត្តកោះកុង នាំបន្លែពីថៃ និងវៀតណាម

បើទោះជាខេត្តកោះកុង ដែលជាខេត្តដីមានសក្តានុពល និងមានជីជាតិ ដែលអាចដាំបន្លែបានល្អក៏ដោយ ក៏ប៉ុន្តែខេត្តមួយនេះពឹងផ្អែកខ្ពស់បំផុតទៅលើបន្លែ ដែលនាំចូលពីប្រទេសក្រៅ ដូចជាផ្សារដងទង់ ស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង មានតូបលក់បន្លែទាំងតូចធំ ប្រមាណជា៥០តូប មានលក់បន្លែចម្រុះគ្រប់ប្រភេទ ដែលបន្លែទាំងនោះភាគច្រើនបំផុតគឺមានប្រភពនាំចូលពីប្រទេសថៃ និងវៀតណាម។

បើតាមការឱ្យដឹងពីអាជីវករលក់បន្លែមិនបញ្ចេញឈ្មោះនៅក្នុងផ្សារថ្លែងប្រាប់ក្រុមការងារសម្បូរសម្បាយដឹងថា ភាគច្រើននៃបន្លែដែលពួកគាត់លក់នោះមិនមែនជារបស់ខ្មែរទេ គឺនាំចូលពីប្រទេសវៀតណាមសុទ្ធ គ្មានបន្លែខ្មែរទេ ដែលបន្លែទាំងនោះគាត់ទទួលកុម្ម៉ងពីផ្សារដើមគរ ដែលជាផ្សារចែកចាយបន្លែធំជាងគេបំផុតនៅរាជធានីភ្នំពេញ។ ប៉ុន្តែពេលខ្លះក៏គាត់យកបន្លែមកពីថៃដែរ។ នៅពេលដែលក្រុមការងារយើងសួរទៅគាត់ថាហេតុអ្វី? អាជីវកររូបនេះក៏បានឆ្លើយថា ក៏ព្រោះតែតម្លៃនៅពេលបន្លែមកពីប្រទេសវៀតណាធូរគាត់ក៏យកបន្លៃវៀតណាមមកលក់ តែនៅពេលបន្លែមកពីប្រទេសថៃធូរថ្លៃជាងគឺគាត់យកបន្លែមកពីថៃលក់វិញម្តង។

ចំណែកអាជីវករមួយរូបផ្សេងទៀតក៏បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរនោះបានឱ្យដឹងថា គាត់លក់បន្លែនាំពីប្រទេសថៃខ្លះ និងប្រទេសវៀតណាមខ្លះ ដែលអតិថិជនភាគច្រើនចូលចិត្តបន្លែមកពីប្រទេសថៃ ជាជាងមកពីប្រទេស​វៀត​ណាម ដោយសារតែពួកគាត់យល់ថា បន្លែដែលមានប្រភពមកពីប្រទេសថៃមានគុណភាពល្អជាងបន្លែមកពីប្រទេសវៀតណាម ទោះបីជាមានតម្លៃខុសគ្នាបន្តិចបន្ទួចក៏ដោយក្តី។

យោងតាមការបញ្ជាក់ពីក្រុមអាជីវករលក់បន្លែបានឱ្យដឹងថា នៅក្នុងផ្សារដងទង់ ក្នុងទីរួមខេត្តកោះកុងនេះ គឺបន្លែខ្មែរដែលអាចរកបានបន្តិចបន្ទួចនោះគឺមានដូចជា ត្រយូងចេក សណ្តែកកួរ និងត្រួយម្រះ ប៉ុណ្ណោះ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)