ការធ្វើអំបោសលក្ខណៈគ្រួសារនៅខេត្តសៀមរាប អាចកាន់តែរួមទៅនៅថ្ងៃអនាគត
មានដើមកំណើតនៅភូមិចាន់សជើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប អ្នកស្រី សាន គាន បានឲ្យដឹងថា អ្នកស្រីបានចាប់យកមុខរបរធ្វើអំបោសជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩៣ រហូតមកទល់ពេលបច្ចុប្បន្ន។ មូលហេតុដែលអ្នកស្រីចាប់យកមុខរបរនេះ ក៏ព្រោះតែកាលណោះអ្នកស្រីមិនដឹងជាធ្វើការងារអ្វី ឬប្រកបមុខរបរអ្វីនោះទេ ហើយក៏បានសម្រេចរៀនធ្វើអំបោសនេះពីអ្នកជិតខាងតែម្តង។
ដៃចងអំបោសបណ្តើរនិយាយទៅកាន់ក្រុមការងារសម្បូរសប្បាយបណ្តើរ ស្រ្តីវ័យកណ្តាលរូបនេះបានឲ្យដឹងថា កាលដើមឡើយវត្ថុធាត់ដើមដូចជាផ្កាប្របុស ឬផ្កាត្រែង ឬហៅម្យ៉ាងទៀតថា ផ្កាស្មៅ ទៅតាមតំបន់នីមួយៗ និងដងអំបោស គឺងាយរក ដោយមាននៅក្បែរៗភូមិ។ លុះពេលក្រោយមកទាំងផ្កាប្របុស និងដងអំបោសកាន់តែហោចទៅៗ ជាហេតុធ្វើឲ្យពិបាករកបន្តិចម្តងៗ និងត្រូវធ្វើដំណើរឆ្ងាយ ដើម្បីរកវត្ថុធាតុដើមទាំងនោះយកមកធ្វើអំបោស។
អ្នកស្រី សាន គាន បានឲ្យដឹងថា អ្នកធ្វើអំបោសនាពេលបច្ចុប្បន្ន គឺមានចំនួន៤ភូមិ ដោយ៣ភូមិនៅក្នុងឃុំចាន់ស គឺភូមិជប់ ភូមិចាន់សជើង និងចាន់សត្បូង និងមួយភូមិទៀតនៅក្នុងឃុំខ្នារពោធិ៍ គឺភូមិរំដេង ដែលទាំងនេះស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំបោសមួយដើមលក់រាយបានតម្លៃ ២.៥០០រៀល តែបើបោះដុំបានតែ ២.០០០រៀលប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី សាន គាន។
អ្នកស្រីថ្លែងបន្តថា មុខរបរធ្វើអំបោសនេះ អាចនឹងរួមថយនាពេលអនាគត ដោយសារតែពិបាករកវត្ថុធាតុដើមយកមកធ្វើ។ ដែលពីមុនអាចរកបានដោយខ្លួនឯង ហើយបើទិញគេក៏ក្នុងតម្លៃថោកដែរ ប៉ុន្តែសព្វថ្ងៃនេះមិនអាចនឹងរកបានដោយខ្លួនឯងទៀតទេ គឺត្រូវទិញគេក្នុងតម្លៃថ្លៃទាំងផ្កាប្របុស និងដង៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)