តើទិវាពលកម្មអន្ដរជាតិ មានប្រវត្តិដូចម្តេច?
ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ (អង់គ្លេស International Labor Day) គឺជាទិវាថ្ងៃឈប់សម្រាកមួយរបស់កម្មករ និយោជិត មន្ត្រីរាជការ ស៊ីវិល ដែលមានប្រទេសជាច្រើនជាង ៨០ទូទាំងពិភពលោក ប្រារព្ធឡើងក្នុងគោលបំណងដើម្បីរំលឹក ក៏ដូចឧទ្ទិសដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករ-កម្មការិនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្ធជារៀងរាល់ឆ្នាំគឺ នៅថ្ងៃទី១ ឧសភា។
ប្រវត្តិ
នៅចុងសតវត្សរ៍ទី១៨ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី១៩ ជាយុគសម័យដែលមានការរីកចម្រើនខាងផ្នែកឧស្សាហកម្ម។ ចំណែកឯពលករនៅអាមេរិក មានការចូលរួមកាន់តែច្រើនឡើងនៅក្នុងចលនាសហជីព ដើម្បីធ្វើការចរចាជាសមូហភាពស្វែងរកផលប្រយោជន៍ជូនសមាជិករបស់ពួកគេ។ លក្ខខណ្ឌការងាររបស់កម្មករគឺមានសភាពយ៉ាប់យឺនក្រៃលែង ហើយសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការមិនអំណោយផលពិសេសអ្នកធ្វើការនៅតាមរោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួលថោក ការងារប្រចាំថ្ងៃចាប់ពី១០ម៉ោងទៅ១៦ម៉ោងជាដើម។
ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនាពលករអាមេរិកកើតឡើងជាហូរហែ ដើម្បីទាមទារកំណត់ស្ដង់ដារការងារ។ ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មកររាប់ម៉ឺននាក់បានដើរចេញពីកន្លែងធ្វើការប្រហែលជា១.៣០០កន្លែងនៅទូទាំងសហរដ្ឋអាមេរិក ប្រារឰទិវាពលកម្មនៅក្នុងប្រវត្ដិសាស្ដ្រ។ ចលនាដ៏សំខាន់គឺកើតឡើងនៅទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយ (Illinois) ទាមទារធ្វើការមួយថ្ងៃត្រឹមតែ៨ម៉ោង។ មានកម្មករប្រហែល ៤០.០០០នាក់ ធ្វើកូដកម្មជាមួយអ្នកអាណាធិបតេយ្យនិយមនៅក្បួនខាងមុខនៃក្រសែភ្នែកសាធារណជន បានថ្លែងយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមនោគមវិជ្ជាប្រាប់ពីសកម្មភាពត្រង់ៗចារឹកជាបដិវត្ដន៍ អ្នកអាណាធិបតេយ្យនិយម និងភាពអាណាធិបតេយ្យនិយម ត្រូវបានទទួលនូវការគោរពពីពលករនានា តែធ្វើឲ្យពួកនាយទុនស្អប់យ៉ាងខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់រយពាន់នាក់បានចេញធ្វើបាតុកម្ម ប៉ុន្ដែនៅទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជាបានក្លាយទៅជាការគាបសង្កត់ទៅលើបាតុករ។ កម្មករនៅឯក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនសម្រាប់កសិកម្មរបស់មាកក័រមិក (McCormic Harvesting Machine Co.) ធ្វើកូដកម្មទាមទារឱ្យកាត់បន្ថយចំនួនម៉ោងធ្វើការមកត្រឹមតែ៨ម៉ោងក្នុង១ថ្ងៃ និងរារាំងមិនឲ្យរើសយកមនុស្សមកធ្វើការជំនួសកូដករដោយបិទច្រកមិនឲ្យពួកគេចូល។ ប៉ូលិស បានវាយកូដករដោយដំបង ចំណែកកូដករចោលដុំថ្មដាក់វិញ ប៉ូលិសតបដោយការបាញ់ទៅលើកូដករវិញ បណ្ដាលឲ្យមានមនុស្ស៥-៦នាក់ត្រូវបាត់បង់ជីវិត។
ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួនបាតុកម្មមួយរៀបចំឡើងនៅទីលាន Haymarket Square ធ្វើការតវ៉ាអំពីអំពើហិង្សា ដែលបង្កឡើងដោយប៉ូលិស។ ប៉ូលិសបានបង្ខំឲ្យបាតុករធ្វើការបំបែកគ្នា រំពេចនោះគ្រាប់បែកមួយគ្រាប់បានចោលចូលមកក៏ផ្ទុះឡើង ធ្វើឲ្យមន្ដ្រីប៉ូលិសម្នាក់បានស្លាប់។ មានប៉ូលិសចំនួន៦០នាក់ និងជនស៊ីវិលចំនួន២០០នាក់ត្រូវទទួលរងរបួសនៅក្នុងហេតុការណ៍ហិង្សានោះ។ ជាសរុបមានប៉ូលិសចំនួន ១នាក់បានស្លាប់ភ្លាមៗ និង៧នាក់ទៀតស្លាប់នៅថ្ងៃបន្ទាប់។ ចំណែកជនស៊ីវិលបានស្លាប់ចំនួនពី៧-៨នាក់ ថ្នាក់ដឹកនាំសហជីពចំនួន៨នាក់ ដែលក្នុងនោះមានតែ៣នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ ត្រូវបានគេចាប់កាត់ទោសពីបទធ្វើមនុស្សឃាត និងកាត់ទោសដាក់គុកអស់មួយជីវិតចំនួន៣នាក់ និងប្រហារជីវិតដោយព្យួរកចំនួន៤នាក់ មានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាករណីលើកលែង។
ស្ថាបនិកទិវាពលកម្មអន្តរជាតិ
ទិវាពលកម្មអន្តរជាតិនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ នៅតែមានចម្ងល់ថា នរណាជាអ្នកស្នើដំបូងគេនូវថ្ងៃបុណ្យជាតិសម្រាប់ការឈប់សម្រាករបស់កម្មករ។ តាមកំណត់ត្រាខ្លះសរសេរថា លោក Peter J. Mcguire អគ្គលេខាធិការរបស់សម្ព័ន្ធរួបរួមជាងឈើ និងជាសហស្ថាបនិក សហព័ន្ធពលករអាមេរិកគឺជាអ្នកដំបូងគេដែលស្នើឲ្យមានទិវាសម្រាប់ផ្តល់នូវកិត្ដិយសដល់កម្មករទាំងឡាយណា ដែលមានសេចក្ដីក្លាហាន និងបានពុះពារដ៏មហិមាបង្ហូរញើសឈាម ដើម្បីកសាង និងរក្សាបេះដូងរបស់សហរដ្ឋអាមេរិកឲ្យបាន ប្រសើរ។ ប៉ុន្ដែឋានៈរបស់លោក Peter Mcguire នៅក្នុងប្រវត្ដិសាស្ដ្រពលកម្មនៅមានភាពស្រពេចស្រពិល និងមិនទាន់មានការឯកភាពនៅឡើយទេ។
មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មានមុខងារជាយន្ដការី គឺជាស្ថាបនិកនៃទិវាពលកម្មនេះគឺមិនមែនជាលោក Peter Mcguire ទេ។ បើតាមការស្រាវជ្រាវថ្មីៗនេះ ហាក់ដូចជាបានគាំទ្រនូវការអះអាងថា លោក មេតធ្យូ ជាលេខាធិការនៅមូលដ្ឋានលេខ៣៤៤ របស់សមាគមយន្ដការីអន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នកស្នើឲ្យមានការឈប់សម្រាកបុណ្យជាតិ សម្រាប់កម្មករនៅឆ្នាំ១៨៨២ ក្នុងខណៈដែលគាត់កំពុងបម្រើការជាលេខាធិការរបស់សហជីពពលករកណ្ដាល នៅទីក្រុងញូវយ៉ក។
ការទទួលស្គាល់ទិវាពលកម្មអន្តរជាតិ
សហជីពពលករកណ្ដាលរបស់សហរដ្ឋអាមេរិក ប្រារឰទិវាកម្មករជាលើកដំបូងនៅថ្ងៃអង្គារ៍ ទី៥ ខែកញ្ញា ឆ្នាំ១៨៨២ នៅក្នុងរដ្ឋ ញូវយ៉ក។ នៅឆ្នាំ១៨៨៣ ទិវានេះធ្វើជាលើកទី២ នៅចំថ្ងៃទី៥ ខែដដែល និងនៅឆ្នាំ១៨៨៤ ធ្វើជាលើកទី៣ នៅចំថ្ងៃចន្ទដំបូងនៃខែកញ្ញា។ លុះដល់ខែតុលាឆ្នាំដដែល សហជីពពលករកណ្ដាលបានមូលមតិគ្នាសម្រេចយកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ជាថ្ងៃទាមទារការងារមួយថ្ងៃ៨ម៉ោង ជា ស្ដង់ដារទូទៅ។ ក្រោយពីមានការសម្រេចដូច្នោះមក សហជីពពលករនានានៅអាមេរិក បានត្រៀមរៀបចំធ្វើកូដកម្មទូទៅមួយ ដើម្បីគាំទ្រនូវការទាមទារនោះ។
ឆ្នាំ១៨៨៩ លោក សាមុអែល ហ្គមភឺស (Samuel Gompers) ប្រធានសហព័ន្ធពលករអាមេរិក(AFL) បានសរសេរសារលិខិតផ្ញើទៅកាន់សមាជទី១ របស់អន្ដរជាតិទី២ ដែលធ្វើការជួបប្រជុំនៅប្រទេសបារាំង។ គាត់បានជម្រាបមកជនសង្គមនិយមរបស់ពិភពលោកអំពីផែនការរបស់ AFL និងបានស្នើឲ្យមានការប្រយុទ្ធជាអន្ដរជាតិដើម្បីទាមទារជាសកលនូវការងារមួយថ្ងៃ៨ម៉ោង។ តបទៅនឹងសារលិខិតរបស់ហ្គមភឺស អន្ដរជាតិទី២ បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវធ្វើបាតុកម្មដ៏ធំមួយជាលក្ខណៈអន្ដរជាតិនៅថ្ងៃតែមួយដូចគ្នា ដើម្បីឲ្យកម្មករនៅគ្រប់ទីកន្លែងអាចទាមទារធ្វើការងារតែ៨ម៉ោងក្នុង១ថ្ងៃ។ តាមផែនការរបស់សហព័ន្ធអាមេរិកអន្ដរជាតិ អនុម័តយកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៩០ ជាថ្ងៃសម្រាប់ការទាមទារ និងដើម្បីឧទ្ទិសដល់វីរៈភាព និងការបាត់បង់ជីវិតរបស់ពលករអាមេរិកនៅទីលាន Haymarket Square នាខែឧសភា ឆ្នាំ១៨៨៦។
ទីបំផុតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៩៤ សភានៃរដ្ឋសហព័ន្ធអាមេរិក បានអនុម័តច្បាប់ដើម្បីទទួលស្គាល់ជាផ្លូវការដោយយកថ្ងៃចន្ទ ដំបូងនៃខែកញ្ញាជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់បុណ្យជាតិស្របច្បាប់ក្រោយពីរដ្ឋជិត៣០បានអនុម័តទទួលស្គាល់ជាបន្ដបន្ទាប់រួចហើយ។នៅអាមេរិក ទិវាពលកម្មជាបុណ្យកម្សាន្ដសប្បាយក្នុងរង្វង់គ្រួសារ មិត្ដភក្ដិ និងមានកម្មវិធីប្រជាប្រិយផ្សេងៗ ហើយក៏ជាថ្ងៃចុងបញ្ចប់វិស្សមកាលក្នុងរដូវក្ដៅផងដែរ តែក៏នៅមានពលរដ្ឋអាមេរិកខ្លះយល់ថា ទិវាពលកម្មនេះកើតចេញពីចលនាសង្គមនិយមទៅវិញ។
គោលបំណងនៃទិវាពលកម្មអន្តរជាតិ
- ឲ្យតម្លៃទៅលើពលកម្មរបស់មនុស្សមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍមនុស្ស និងគ្រួសារ បង្កើតចំណូលទៅក្នុងសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ។
- ចង់ឲ្យមានស្ដង់ដារការងារសមស្រប ដោយកាត់បន្ថយម៉ោងការងារមកត្រឹមតែ៨ម៉ោងក្នុង១ថ្ងៃ ឬក៏ឈប់សម្រាក២ថ្ងៃក្នុង ១សប្ដាហ៍។
- ធ្វើការកំណត់ស្ដង់ដារប្រាក់ឈ្នួលឲ្យត្រឹមត្រូវ និងការផ្ដល់ប្រាក់ឈ្នួលដោយមិនមានការរើសអើង។
- កែលម្អ ឬលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការឲ្យបានសមរម្យ និងស្អាតបាត ដើម្បីបង្ការ និងដោះស្រាយជាតិពុល និងគ្រោះថ្នាក់ការងារឲ្យបានល្អ៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)