បច្ចេកទេសធ្វើសួនរង្វង់
នៅរដូវប្រាំង ជារដូវរាំងស្ងួតដែលកសិករភាគច្រើនមានការលំបាកក្នុងការដាំដុះ។ ដើម្បីអាចឲ្យកសិករធ្វើការដាំដុះជាពិសេសបន្លែសំរាប់បរិភោគ និងអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែម យើងខ្ញុំសូមណែនាំការដាំដុះតាមរបៀបជាសួនរង្វង់។
សួនរង្វង់ជាសួនមួយដែលមានរណ្ដៅជារង្វង់មានជំរៅដូចបាតខ្ទះនៅចំកណ្ដាលហើយនៅជុំវិញរណ្ដៅនេះគេធ្វើការដាំដុះដំណាំច្រើនមុខ។ សួនរង្វង់មានគុណសម្បត្តិពិសេសដូចខាងក្រោម៖
នៅលើរងដែលមានរាងជារង្វង់គេអាចដាំដុះបានច្រើនមុខហើយការដាក់ជីនិងស្រោចទឹកគឺតែមួយកន្លែងងាយស្រួលក្នុងការស្រោចទឹក ហើយទឹកត្រូវបានរក្សាទុកបានយូរឫសដំណាំដែលដុះមកចំកណ្ដាលរង្វង់មិនត្រូវបានទទួលការរំខានពីការដើរចុះឡើងក្នុងសួន ការកាប់រណ្ដៅធ្វើរងតែមួយដងតែអាចដាំបានច្រើនសា។
ចំណុចសំខាន់ៗនៃការរៀបចំសួនរង្វង់មានដូចខាងក្រោម៖
- រណ្ដៅត្រូវធ្វើរាងជារង្វង់ដែលមានកាំស្មើនឹងកន្លះម៉ែត្រ ឬអង្កត់ផ្ទិតស្មើមួយម៉ែត្រ
- រណ្ដៅត្រូវមានរាងដូចជាបាតខ្ទះដែលជំរៅបាតកណ្ដាលស្មើនឹង២ទៅ៣តឹក។ អាចម៍ដីដែលបានមកពីការជីករណ្ដៅត្រូវយកមកធ្វើជារងព័ទ្ធជុំវិញរង្វង់
- គេត្រូវដាក់ដីជីធម្មជាតិច្រើនមុខក្នុងរណ្ដៅរង្វង់នេះឲ្យបានពេញល្អ
- នៅពេលដីស្រកចុះគេត្រូវថែមវាឲ្យបានពេញជាប់ជានិច្ច
- ប្រើជីធម្មជាតិមានដូចជាស្លឹកឈើ កំប្លោក ចំបើង អង្កាម កាកសំណល់រុក្ខជាតិផ្សេងៗ និងលាមកសត្វ។ល។
- ត្រូវដាំនៅតាមរងជុំវិញរណ្ដៅរង្វង់ដោយដាំងាកមកផ្នែកដែលទេរមកខាងក្នុង។ ដើម្បីប្រើប្រាស់ជីធម្មជាតិឲ្យអស់ប្រសិទ្ធ ភាពគេនាំគ្នាដាំដំណាំ៣ឬ៤ប្រភេទចំរុះគ្នាដែលមានពពួក (ដូចជាត្រប់ ប៉េងប៉ោះ ម្ទេស។ល។) ពពួកវារលើដីឲ្យវារចេញមកខាងក្រៅរង្វង់ (មានដូចជា ពពួកល្ពៅ ត្រឡាច ត្រសក់ ននោង ឪឡឹក។ល។) ពពួកវារឡើងទ្រើងឲ្យវារមកលើមាន (សណ្ដែកកួរ ម្រះ ត្រសក់។ល។) និងពពួកបន្លែដើមទាបៗហើយចូលចិត្តម្លប់ (មានដូចជាជីផ្សេងៗ)។
តាមបទពិសោធន៍កន្លងមករបស់កសិករដែលមានសួនរង្វង់ចំនួន១០បានអនុវត្តតាមបច្ចេកទេសបានល្អដូចរៀបរាប់ខាងលើ មិនត្រឹមតែបានបន្លែសំរាប់បរិភោគនោះទេ គឺអាចសល់បន្លែលក់បានប្រាក់ចំណូលថែមទៀតផង។ ដោយឡែកអ្នកដែលចង់បានចំណូលរាប់លានរៀលពីការដាំបន្លែលក់នៅរដូវប្រាំងសូមធ្វើសួនរង្វង់ល្អឲ្យបានលើសពី១០០ឡើងទៅដែលត្រូវការដីប្រហែល ២អាស្មើនឹង ២០០ម៉ែត្រក្រឡា។
ជាសរុបមកការធ្វើសួនរង្វង់ប្រៀបដូចជាការវិនិយោគមួយដែលនាំមកនូវផលយូរអង្វែង។ អ្វីដែលសំខាន់នោះសួនរង្វង់ត្រូវធ្វើតាមបច្ចេកទេសឲ្យបានល្អដាក់ជីធម្មជាតិជាប់ជានិច្ច និងការដាំដុះចំរុះច្រើនជាន់៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)