ការជ្រើសរើស និងទុកដាក់ពូជស្រូវឲ្យបានល្អសំរាប់រដូវក្រោយ (បណ្ឌិត យ៉ង សាំងកុមារ)
នៅប្រទេសកម្ពុជាយើង មានអ្នកចិញ្ចឹមជីវិតដោយមានមុខងារជាអ្នកធ្វើស្រែជាង ១លានគ្រួសារ។ គោលបំណងរបស់អ្នកធ្វើស្រែ គឺធ្វើយ៉ាងណាឲ្យបានផលស្រូវច្រើន និងលក់ស្រូវបានថ្លៃ។ ដើម្បីសំរេចនូវគោលបំណងនេះមានកត្តា និងវិធានការណ៍ជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះការមានពូជសុទ្ធល្អសំរាប់ដាំជាកត្តាសំខាន់បំផុតមួយ។ នៅពេលនេះ បណ្ឌិត យ៉ង សាំងកុមារ សូមធ្វើការផ្តល់យោបល់មួយចំនួនដល់កសិករជាអ្នកផលិតស្រូវទាក់ទងនឹងការជ្រើសរើសពូជសុទ្ធល្អសំរាប់ការបង្កើនផលស្រូវបន្ថែមនៅរដូវក្រោយ។ ដើម្បីទទួលបានពូជស្រូវសុទ្ធល្អ យើងគួរអនុវត្តដូចខាងក្រោមនេះ៖
- ជ្រើសរើសកន្លែងណាដែលលូតលាស់ល្អសំរាប់ច្រូតទុកធ្វើពូជ
- រើសយកកួរមិនសុទ្ធល្អ និងកួរខ្លីចេញដោយសំរាំងទុកតែកួរដែលវែងហើយសុទ្ធល្អ។ យកល្អមែនទែនកួរស្រូវដែលរើសបានហើយ ត្រូវប្រលេះយកសស្មែងខាងលើ និងស្មែងខាងក្រោមចេញដោយទុកស្មែងកណ្តាល
- យកកួរដែលរើសបានមកប្រលេះ ឬបែននឹងជើងដើម្បីយកគ្រាប់ទុកធ្វើពូជ។ យកល្អមែនទែនគេគួរធ្វើការប្រលះ ឬឈ្លីដោយដៃ ជៀសវាងបោកដោយដៃ និងការបោកដោយម៉ាស៊ីន
- យកគ្រាប់ពូជស្រូវទៅហាលឲ្យស្ងួត ហើយរក្សាទុកឲ្យបានល្អតែគួរឧស្សាហ៍យកវាមកហាលដើម្បីរក្សានូវភាពស្ងួតឲ្យបានល្អ។
កិច្ចការខាងលើនេះ តាមពិតវាតម្រូវឲ្យយើងចំណាយកម្លាំងថែមបន្តិច ក៏ប៉ុន្តែការចំណាយនេះវានឹងនាំមកនូវផលចំណេញជាច្រើនដល់កសិករនៅរដូវក្រោយ ដោយផលស្រូវអាចកើនឡើងប្រហែល ២០% ហើយស្រូវដែលសុទ្ធល្អអាចលក់បានថ្លៃ។ ដើម្បីឲ្យច្បាស់ថា ការចំណាយបន្ថែមអស់ប៉ុន្មាន យើងត្រូវធ្វើការកត់ត្រានូវពេលវេលា និងកម្លាំងពលកម្មសំរាប់រើសកួរនិងប្រលេះ ឬបែនគ្រាប់ស្រូវទុកពូជ។តាមបទពិសោធន៍កន្លងមក គេត្រូវការមនុស្សតែ២នាក់ គឺអាចរើសកួរស្រូវអាចទុកពូជបានគ្រប់គ្រាន់លើដី១ហិចតា (ស្រែស្ទូង) ដោយប្រើពេល ១ថ្ងៃ។ ដោយគិតជាការចំណាយប្រហែលអស់ ៤០.០០០ ទៅ ៥០.០០០រៀល តែផលស្រូវកើនបានច្រើនរយគីឡូក្រាមក្នុង ១ហិចតា ឬរាប់សែនរៀលពីការប្រើពូជសុទ្ធល្អ។ ម៉្យាងវិញទៀតការមានពូជសុទ្ធល្អ ក៏ធ្វើឲ្យកសិករងាយស្រួលក្នុងការលក់ស្រូវដែរ៕
អត្ថបទ បណ្ឌិត យ៉ង សាំងកុមារ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)