បទពិសោធន៍ដាំដំណាំអំពៅ (កសិករ ភួង អូន)
អ្នកមីង ភួង អូន ជាកសិកររស់នៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំភ្នំ ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំអំពៅ។ ការដាំដំណាំអំពៅនេះ គឺរកប្រាក់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសាររបស់គាត់។ ក្នុងរយៈពេល៦ខែ គាត់អាចទទួលបានប្រាក់ប្រមាណជា (៤លានរៀល) នៅលើដីចំនួន ១០អារ។ មូលហេតុដែលគាត់អាចទទួលបាននូវលទ្ធផលល្អគឺដោយសារគាត់មានបទពិសោធន៍ និង បច្ចេកទេសល្អក្នុងការដាំអំពៅនេះ ចំពោះបទពិសោធន៍នៃការដាំ មានបង្ហាញដូចខាងក្រោម។
១. ការរៀបចំដីដាំ
គាត់បានរៀបចំដីដូចជាដីសំរាប់ធ្វើស្រែដែរ ដោយភ្ជួរដីចំនួន ២ដង គឺភ្ជួរលើកទីមួយលុបដីឲ្យងាប់ស្មៅ។ ក្រោយពីភ្ជួរលើកទី១បាន១០ថ្ងៃ គាត់ចាប់ផ្តើមយកជីកំប៉ុស្តលាយជាមួយស្លឹកឈើទៅពង្រាយវាឲ្យសព្វ ធ្វើការភ្ជួរលុបលើកទី២ និងរាស់ដីពង្រាយឲ្យរាបស្មើ។ បរិមាណជីដែលគាត់បានដាក់មានប្រមាណ១០រទេះ ក្នុងផ្ទៃដីចំនួន១០អារ ការរៀបចំដីបែបនេះធ្វើឲ្យគាត់ងាយស្រួលក្នុងការដាំដុះ។ ពេលយកកូនអំពៅទៅដាក់ដាំគាត់បានកាប់ជ្រំដីចំនួន ១ចបៗ ទើបដាក់កូនអំពៅដាំនៅតាមរណ្តៅនោះ។
២. របៀបដាំ
ក្នុងការដាំ គាត់បានជ្រើសរើសយកដើមអំពៅ ដែលថ្លោសល្អនិងគ្មានជំងឺ ដោយកាប់ជាកង់ៗប្រវែងប្រហែល ២តឹក (កាប់យកតែផ្នែកកណ្តាលនៃដើម) យកទៅត្រាំទឹកចំនួនមួយយប់ រួចយកទៅផ្សំដោយកប់ដីនិងស្រោចទឹកថែទាំរយៈពេល២០ថ្ងៃ ទើបយកទៅដាំក្នុងរណ្តៅ។ នៅក្នុងរណ្តៅនីមួយៗ គាត់មិនបានដាក់ជីទេ ដោយសារគាត់បានដាក់វានៅពេលភ្ជួររួចហើយ។ ប៉ុន្តែនៅក្នុងរណ្តៅសំរាប់ដាំគាត់ធ្វើដីរៀបស្មើបានល្អ ទើបយកកូនអំពៅទៅដាក់ដាំមួយកង់។
៣. ការថែទាំ
បន្ទាប់ពីដាំរួចគាត់បានស្រោចទឹកបាន២ដងប៉ុណ្ណោះចំពោះរដូវវស្សា។ តែនៅពេលអំពៅចាប់ផ្តើមលូតលាស់ធំល្មម គាត់ចាប់ភ្ជួរលុបគល់ដើម្បីពូនគល់អំពៅឲ្យដុះល្អ ដែលការពូនគល់នេះគឺធ្វើឡើងចំនួន ៣ លើក។
លើកទី១. ក្រោយពីដាំបានចំនួន ១ខែ គាត់បានលុបជើងអំពៅដើម្បីជំនួយឲ្យអំពៅដុះល្អ។
លើកទី២. គាត់លុបជើងក្រោយពេលកូនអំពៅដុះបានអាយុ ២ខែ និងធ្វើការសកស្លឹកអំពៅចេញខ្លះ ដើម្បីកុំឲ្យអំពៅមានជំងឺផ្សិត និងដើមអំពៅស៊ុបទ្រុបពេក។
លើកទី៣. ធ្វើជើងក្រោយពេលអំពៅអាយុបាន៣ខែ ហើយមុនលុបគល់ គាត់បានបន្ថែមជីលាមកគោចំនួន៥រទេះបន្ថែមទៀត ដើម្បីជួយឲ្យអំពៅដុះលូតលាស់កាន់តែល្អថែមទៀត។ ហើយការលុបគល់គឺដើម្បីទប់ដើមអំពៅកុំឲ្យរលំនៅពេលមានភ្លៀងនិងខ្យល់។រយៈពេល២ខែឡើងទៅគាត់ចាប់ផ្តើមសកស្លឹកអំពៅចេញដើម្បីឲ្យមានពន្លឺចាំងចូលបាន។
ចំពោះអំពៅមួយផ្នែកទៀតដែលគាត់ដាំសំរាប់ទុកធ្វើពូជ គឺគាត់មានការថែទាំផ្សេងពីនេះបន្តិច គឺមិនសកស្លឹកចេញទេ ប្រសិនបើសកស្លឹកធ្វើឲ្យអំពៅទុកពូជនោះវាស្ងួតភ្នែក និងដើមវាស្ងួតនាំឲ្យពូជដែលយើងរក្សាទុកនេះមិនល្អ។
៤. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ខែ គាត់អាចប្រមូលផលនិងអាចលក់បានជាបណ្តើរៗ។ ក្នុងការប្រមូលផលគាត់កាប់ដើមត្រឹមគល់។ នៅពេលកាប់អំពៅអស់ គាត់កាប់ដីដាំជាថ្មីទៀតបណ្តើរៗ ដោយទុកដីឲ្យនៅទំនេរត្រឹម ១០ ទៅ ១៥ថ្ងៃតែប៉ុណ្ណោះ។ ក្រៅពីការហូបនៅក្នុងគ្រួសារគាត់បានចែកទៅអ្នកជិតខាង ពិសេសគាត់លក់យកប្រាក់ចំណូលបាន ៤លានរៀលផងដែរ។
៥. ចំណាប់អារម្មណ៍
ក្នុងការដាំអំពៅនេះ អ្នកមីងមានចំណាប់អារម្មណ៍ថា ដំណាំអំពៅមានការងាយស្រួលក្នុងការដាំ ពិសេសដីគាត់ជាដីស្រែរាបស្មើស្រាប់គឺ កាន់តែងាយស្រួលមួយកំរិតទៀត ហើយដំណាំនេះមិនចំណាយពេលក្នុងការថែទាំច្រើន ដូចដំណាំបន្លែ និងដំណាំផ្សេងទៀតឡើយ ពិសេសអាចរកប្រាក់ចំណូលដុំបានផង រាយផង និងអាចបរិភោគក្នុងគ្រួសារបានផងដែរ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំអំពៅមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)