បទពិសោធន៍ចិញ្ចឹមជន្លេន (កសិករ រាជ ឆាន)
ជន្លេនមានសារៈប្រយោជន៍ដល់មនុស្ស សត្វ រុក្ខជាតិ បំបែកសារធាតុសរីរាង្គឲ្យពុកផុយ (សំរាម ឬលាមកសត្វ កាកសំណល់ផ្ទះបាយ)។ ជន្លេនមានប្រូតេអ៊ីនពី ៦០ ទៅ ៧០%។ ដោយសារជន្លេនមានប្រូតេអ៊ីនច្រើន មានកសិករមួយចំនួនបានប្រើធ្វើជាចំណីមាន់ ធ្វើឲ្យមាន់ឆាប់ធំធាត់។ យោងទៅលើផលប្រយោជន៍ច្រើននៅពេលថ្មីៗនេះ មានកសិករមួយចំនួនចាប់ផ្តើមចិញ្ចឹមជន្លេនឲ្យមាន់ ត្រី ស៊ី ឬលក់។ នៅពេលនេះ យើងសូមលើកយកបទពិសោធន៍ចិញ្ចឹមជន្លេនរបស់កសិករ រាជ ឆាន រស់នៅភូមិកណ្តាល ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកបង្ហាញជូនបងប្អូនកសិករទុកជាគំនិតសម្រាប់សាកល្បងតាម។
១. វត្ថុធាតុដើមសម្រាប់ចិញ្ចឹម
លាមកសត្វ (ស្រស់) ដូចជា លាមកគោ ក្របី ជ្រូក មាន់ (ជាចំណីដែលជន្លេនចូលចិត្តបំផុត)។
២. ការជ្រើសរើសទីកន្លែងចិញ្ចឹម
- ជ្រើសរើសទីកន្លែងចិញ្ចឹមលើដីទួលមិនលិចទឹក ឬមិនដក់ទឹក
- ជ្រើសរើសទីកន្លែងដែលមានខ្យល់ស្រឡះល្អ។
៣. របៀបបង្កើតពូជជន្លេន
- យកលាមកគោស្រស់ចាក់ជាពំនូក (៣ ទៅ ៥ បង្គី) នៅកន្លែងស្រឡះទូលាយដែលមានខ្យល់គ្រប់គ្រាន់
- ស្រោចទឹក ២ ដង ក្នុង១ថ្ងៃ (ព្រឹក និងល្ងាច) លៃយ៉ាងណាឲ្យពំនូកជីមានសំណើម និងកំដៅ
- រយៈពេល ២-៣អាទិត្យ នឹងកើតមានពូជជន្លេននេះ។
៤.១ របៀបរៀបចំកន្លែងចិញ្ចឹម
- រៀបចំកន្លែងចិញ្ចឹមលើដីទួលក្រោមម្លប់ឈើ
- សំអាតស្មៅលើផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ
- បង្ហាប់ដីឲ្យហាប់ រួចយកលាមកគោស្រស់មកពូនជាគំនរ។
៤.២ របៀបលែងពូជ
- ជ្រើសរើសតែជន្លេនមានដងខ្លួនធំ ហើយថ្លោស មានប្រវែងពី ១០-១៥ ហ៊ុន
- ប្រមូលពូជជន្លេនពីកន្លែងបង្កើតពូជនៅម៉ោង ៦ ល្ងាច (ពីព្រោះជន្លេនខ្លាចពន្លឺ និងកំដៅថ្ងៃ)
- មុននឹងលែងជន្លេនត្រូវស្រោចទឹកឲ្យសើមតិចៗឲ្យជន្លេនងាយវារចូលក្នុងពំនូកជី
- បរិមាណជន្លេនដែលលែងគឺ ពី ២ ទៅ ៣ គីឡូក្រាម (ជន្លេន ៧០% និងជីលាមកសត្វដែលនៅជាប់ ៣០%)។
- យកមែកឫស្សីគ្របកន្លែងចិញ្ចឹមការពារមាន់កាយ ដោយធ្វើរនាំងបាំង ឬយកបន្លាឫស្សីដាក់ពទ្ធ័ជុំវិញ
- ពំនូកជីត្រូវគ្របស្លឹកត្នោត (កាត់បន្ថយពន្លឺ) ឬធ្វើរបងប្រក់តំបូលស្លឹក
- ស្រោចទឹក ២ដង ក្នុងមួយថ្ងៃ
- ទឹកដែលស្រោចពំនូកជីនេះ ត្រូវគ្មានជាតិពុល ប្រៃ ប្រេង ឬស្អុយ (ទឹកធម្មជាតិ)
- ដាក់ថែមអាចម៍គោស្រស់ថ្មីៗ ពីរថ្ងៃចំនួន ១ បង្គី (៥ គីឡូក្រាម)
- ការថែមអាចម៍គោអាស្រ័យពេលវេលាគឺ នៅពេលយើងសង្កេតឃើញវាបញ្ចេញកាកសំណល់អាចម៍ជន្លេនចេញមកក្រៅច្រើន ហើយវាស៊ីអស់អាចម៍គោថ្មីៗ។ ត្រូវរាយលាមកគោស្រស់ពីលើរងជន្លេនកំរាស់ពី ២ ទៅ ៣ តឹក
- នៅរដូវប្រាំង ដាក់បន្ថែមអាចម៍គោឲ្យស៊ីពី ២ ទៅ ៣ ដងក្នុង ១អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក
- នៅរដូវវស្សា ដាក់អាចម៍គោឲ្យស៊ីពី ៣ ទៅ ៥ ដងក្នុង ១អាទិត្យ ក្រោយមកគ្របវិញ ហើយស្រោចទឹក។
៤.៤ របៀបការពារ
ក្នុងការចិញ្ចឹមជន្លេន ត្រូវយកចិត្តទុកដាក់ការពារបញ្ហាមួយចំនួនដូចជា៖
- មាន់កាយស៊ី កង្កែប បក្សី ស្រមោច កណ្តុរ
- ទឹកស្រោចកុំឲ្យមានជាតិជូរ ប្រៃ ឬមានជាតិពុល
- ការពារទឹកភ្លៀងហូរលិច ឬកំដៅថ្ងៃ (ក្តៅខ្លាំង)។
៥. អាចម៍ជន្លេន និងរបៀបប្រមូលផលជន្លេន
ក. អាចម៍ជន្លេន
អាចម៍ជន្លេនពេលវាបញ្ចេញមកក្រៅពំនូក យើងប្រមូលវាយកទៅហាលថ្ងៃឲ្យស្ងួត រក្សាក្នុងម្លប់កុំឲ្យត្រូវទឹកភ្លៀងទុកដាក់ដំណាំ ឬដាក់បាតស្រះ ដើម្បីបង្កើតចំណីធម្មជាតិក្នុងស្រះឲ្យត្រីស៊ី។
- ដាក់ដំណាំ : យកអាចម៍ជន្លេ ២០ ទៅ ៣០% លាយជាមួយជី
- ដាក់ស្រះត្រី : ១៥ ទៅ ២០គីឡូក្រាម ក្នុង ១.០០០ ម៉ែត្រក្រឡា
- ដាក់រងបន្លែ ពី ០.៨-១ គីឡូក្រាម ក្នុង ១០ម៉ែត្រក្រឡា (ផ្ទៃដីរងដាំដំណាំ)
- ប្រើធ្វើជាទឹកជី ដោយលាយអាចម៍ជន្លេន ១១ គីឡូក្រាម ជាមួយទឹក ៥លីត្រ កូរឲ្យសព្វ រក្សាទុក ១ថ្ងៃ ទើបយកទៅស្រោចដំណាំ។
ក្រោយពីចិញ្ចឹមបានរយៈពេល ៤ខែ អាចប្រមូលជន្លេនបានពី ២០-២៥គីឡូក្រាមក្នុង ១ម៉ែត្រការ៉េ។ ជន្លេនអាចយកមកច្នៃសម្រាប់ប្រើប្រាស់ជាចំណីសត្វតាមរបៀបខាងក្រោម៖
- សំអាតយកជន្លេន (រែងយកដីចេញ រួចលាងទឹក)
- យកជន្លេន ៣គីឡូក្រាម លាយជាមួយកន្ទក់ ១គីឡូក្រាម រួចក្រឡុកពី ១០ ទៅ ១៥នាទី វានឹងងាប់
- ប្រើកញ្ច្រែងរែង ដើម្បីបំបែកជន្លេន និងកន្ទក់ចេញពីគ្នា
- ក្រោយមកហាលថ្ងៃ ២ ទៅ ៣ថ្ងៃ ធ្វើយ៉ាងណាឲ្យជន្លេនស្ងួត
- រក្សាទុក (លាយជាមួយចំណីឲ្យសត្វស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់)។ កូនមាន់ឲ្យស៊ីពី ១-២ដង ក្នុង១អាទិត្យ បរិមាណ ១ ក្រាមក្នុង ១ក្បាល និងក្នុង ១ដង។ កូនមាន់ដែលស៊ីជន្លេនវានឹងឆាប់ធំ៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)