បទពិសោធន៍ដាំស្ពៃនៅរដូវវស្សា (កសិករ ស៊ឹម រុំ)
លោក ស៊ឹម រុំ ជាកសិកររស់នៅភូមិទួល ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំស្ពៃក្រញ៉ាញ់នៅលើរានចំនួន៧០០បាវ។ ចំពោះបទពិសោធន៍ក្នុងការដាំស្ពៃក្នុងបាវបង្ហាញដូចខាងក្រោម។
១-បច្ចេកទេសលាយដី
លោកពូបានយកដីដំបូកចំនួន ១០០គីឡូក្រាម លាមកគោពុកផុយ២គីឡូក្រាម លាមកមាន់ពុកផុយ៣គីឡូក្រាម ធ្យូងអង្កាម៣គីឡូក្រាម ដាក់លាយបញ្ចូលគ្នា និងច្របល់ឲ្យសព្វ។ យកបាវស៊ីម៉ង់ត៍មកកាត់ជាពីរ និងមូរមាត់បាវ២ឬ៣ជាន់ រួចច្រកដីដែលលាយរួចនោះចូលទៅក្នុងបាវឲ្យបានទំងន់ប្រមាណ ១០គីឡូក្រាម រួចយកទៅតំរៀបដាក់លើធ្នើរ។
២-ការដាំដុះ
គាត់បានយកគ្រាប់ស្ពៃទៅដាក់ដាំនៅក្នុងបាវ ដោយក្នុងមួយបាវអាចដាក់ចំនួន៣ទៅ៤គ្រាប់។ បន្ទាប់ពីស្ពៃដុះបានស្លឹក២ គឺអាចដកបំបែកទៅដាក់ដាំក្នុងបាវផ្សេងទៀត។ ក្នុងមួយបាវរក្សាទុកកូនស្ពៃត្រឹមចំនួន២ដើមប៉ុណ្ណោះ។ តែចំពោះករណីព្រោះកូនហើយដកយកទៅដាំ គឺយើងត្រូវជ្រើសរើសកូនដែលមានសុខភាពល្អទៅដាំ។
លោកពូបានថែទាំដំណាំនៅក្នុងបាវដូចខាងក្រោម៖
- ដើម្បីស្រោចដំណាំឲ្យបានសព្វល្អ គាត់បានប្រើកំសៀវទឹក ដែលអាចដាក់ទឹកបានចំណុះ ៣លីត្រ សំរាប់ស្រោចទៅលើដំណាំ គឺស្រោចចំគល់ដំណាំតែម្តង
- ការស្រោចស្រព គឺប្រែប្រួលទៅតាមអាកាសធាតុ។នៅរដូវវស្សាគាត់ស្រោច ៣ថ្ងៃម្តង។ ចំណែកនៅរដូវប្រាំងវិញ ស្រោចមួយថ្ងៃម្តង ឬក្តៅខ្លាំងត្រូវស្រោច ២ដងក្នុងមួយថ្ងៃ
- ដីនៅក្នុងបាវស៊ីម៉ង់ត៍នេះ អាចដាំដំណាំបាន៣លើក។ លើកទី១ ដាំដោយមិនបាច់ថែមជីក៏បាន។ តែលើកទី២ អាចស្រោចទឹកជីបន្ថែមខ្លះ និងលើកទី៣អាចដូរមុខដំណាំក៏បាន និងដកដីចេញខ្លះដាក់ដីថ្មី ដើម្បីរក្សាជីជាតិដី។
- ទឹកជីដែលគាត់ប្រើស្រោចទៅលើដំណាំផ្សំឡើងពី ស្លឹករុក្ខជាតិខ្ចី និងស្រស់លាយជាមួយលាមកគោស្រស់យកទៅត្រាំរយៈពេល ១០ ទៅ ១៥ថ្ងៃ អាចស្រោចទៅលើដំណាំបាន។
ធាតុផ្សំមានដូចជា៖ ទឹកនោមគោ១ធុងស្ពេត្រូ ទឹកធម្មតា១ធុងស្ពេត្រូ ត្រួយស្លឹកឆាយ៉ា៣គីឡូក្រាម (អាចមានត្រួយរុក្ខជាតិផ្សេងក៏បានឲ្យតែមាន) លាមកគោ ឬមាន់ចំនួន៥គីឡូក្រាម។
របៀបធ្វើ៖ ចិញ្ច្រាំស្លឹកឆាយ៉ាឲ្យល្អិត ច្របល់ជាមួយលាមកគោ និងមាន់ រួចចាក់ចូលទៅក្នុងពាង ចាក់ទឹកធម្មតាចូលឲ្យលិចវត្ថុធាតុដើម គ្របវារយៈពេល១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ពាងជីគាត់បានរក្សាទុកនៅក្រោមម្លប់ឈើ (ជៀសវាងដាក់នៅកណ្តាលវាល)។
របៀបប្រើ៖ យកទឹកជីចំនួន១លីត្រ លាយជាមួយទឹកធម្មតាចំនួន១០លីត្រ ស្រោចទៅលើដំាណាំមួយសប្តាហ៍ម្តងទៅពីរដង។
៤-ការប្រមូលផល
គាត់អាចប្រមូលផលបាននៅពេលស្ពៃមានអាយុ ១ខែក្រោយពេលដាំ។ ស្ពៃ១គុម្ព អាចមានទំងន់ចាប់ពី ០,៨ ទៅ ១ គីឡូក្រាម។ ស្ពៃចំនួន ៧០០បាវ គាត់ប្រមូលផលបណ្ដាក់គ្នា។ ស្ពៃ ១គីឡូក្រាមលក់បានតម្លៃ ៤.៥០០រៀល មួយអាទិត្យប្រមូលផលម្តង។ ក្នុងមួយខែអាចលក់បានប្រមាណជា ៧០០.០០០រៀល។
សរុបបច្ចេកទេសសំខាន់ៗ
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)