បទពិសោធន៍ដាំការ៉ុត

១. លក្ខណៈទូទៅ

ការ៉ុតជាដំណាំម្យ៉ាង ដែលសំបូរទៅដោយវីតាមីនច្រើន ជាពិសេសវីតាមីនអេ ជួយដល់ភ្នែក​ឲ្យភ្លឺច្បាស់។​ ការ៉ុតជាដំណាំមានលក្ខណៈងាយស្រួលក្នុងការដាំ ប៉ុន្តែវាទាមទារតំបន់ខ្ពស់ និង​អាកាសធាតុត្រជាក់។ ចំពោះនៅរដូវប្រាំងវិញ គេអាចដាំបានដូចគ្នា ប៉ុន្តែមិនសូវទទួលបាន​ផល​ល្អដូចរដូវវស្សាឡើយ។ នៅតំបន់ខ្ពង់រាប ការដាំការ៉ុតដែលទទួលបានផលល្អគឺចាប់​ផ្តើម​ពីខែតុលា ដល់មិនា។ ខាងក្រោមនេះជាបទពិសោធន៍ផ្ទាល់របស់អង្គការសេដាក និងកសិករក្នុងការ​ដាំការ៉ុត​ទទួល​បានផលល្អ។

២. ការជ្រើសរើសពូជ

គាត់បានទិញពូជមកពីទីផ្សារ ដែលជាប្រភេទពូជកំប៉ុង ហើយមានប្រភពមកពីប្រទេសវៀតណាម។

៣. ការរៀបចំដី និងការលើករង

ការរៀបចំដី. ភ្ជួរដីឲ្យបានចំនួន ២សា ដោយសាទី១ ហាលដីពី ៤ ទៅ ៦ថ្ងៃ និងភ្ជួរលើកទី២ ហាលដីរយៈពេល ៣ ទៅ ៤ថ្ងៃទៀត​។ បន្ទាប់មករាស់លើកជារងដែលមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី។ ពិសេសកម្ពស់ឲ្យបាន ២០ ទៅ ២៥​សង្ទីម៉ែត្រ ដើម្បីឲ្យការ៉ុតចុះមើមបានវែង និងធំល្អ។

ការដាំ. ក្រោយការរៀបចំរងរួច យកឈើបន្ទះល្មមមកឆូតចង្អូរទទឹងរងឲ្យបានជំរៅ ២ ទៅ ៣សង្ទីម៉ែត្រ ចន្លោះពីចង្អូរមួយទៅចង្អូរមួយពី ១,៥ ទៅ ២តឹក។ បន្ទាប់មកយកគ្រាប់ពូជមករោយតាមចង្អូរដែលបានឆូតនោះរង្វើលៗ រួចយកជីធម្មជាតិលាយជាមួយដីម៉ដ្ឋមករោយពីលើគ្រាប់ឲ្យជិត។

៤. ការថែទាំ

ក្រោយពីដាំហើយត្រូវស្រោចទឹកព្រឹកល្ងាច លុះដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ យើងត្រូវធ្វើស្មៅឲ្យបានស្អាតដើម្បីឲ្យការ៉ុតដុះ លូតលាស់។ ១៥ថ្ងៃក្រោយមកទៀត ការ៉ុតចាប់​ផ្តើមធំបន្តិច​ហើយ ដូច្នេះបើមានស្មៅត្រូវធ្វើម្តងទៀត ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវដកកូនការ៉ុតចេញខ្លះនៅ​កន្លែងដែលដុះញឹក ធ្វើយ៉ាងណាពីដើមមួយទៅដើមមួយឲ្យមានចន្លោះ ៣ ទៅ ៥សង្ទីម៉ែត្រ ដើម្បីឲ្យមើមការ៉ុតអាចរីកធំ។ ជារៀងរាល់ ១ ទៅ ២សប្តាហ៍ ត្រូវស្រោចជីកំប៉ុស្តទឹក​រហូតដល់​ជិតប្រមូលផល ដើម្បីការ៉ុតមានការលូតលាស់ល្អ។ ជាពិសេសជាងនេះទៅទៀត គឺមុនពេលស្រោច​ជីម្តងត្រូវជ្រុំគល់ជ្រោយដីបំផុសជាមុនសិន ដើម្បីឲ្យឫសការ៉ុតស្រូបជីជាតិបាន។

៥. ការប្រមូលផល

ក្រោយពេលដាំបានរយៈពេល ៩០ថ្ងៃ ការ៉ុតមានមើមធំល្មម អាចប្រមូល​​ផលបាន ហើយការប្រមូលផលធ្វើឡើងនៅពេលព្រឹក និងល្ងាច គឺការប្រមូផលធ្វើឡើងដោយប្រើដៃចាប់ដកពីក្នុងថ្នាលតែម្តងបើដីថ្នាលនោះ​ផុសល្អ។ ម៉្យាងទៀតវិធីល្អបំផុតយើងត្រូវប្រើចបចក់ដែលមានធ្មេញវែង​ៗគាស់ជាមុនសិនទើបប្រមូលតាមក្រោយ។ ពេលវេលានៃការប្រមូល​ផល គឺត្រូវស្ងួតទឹកសន្សើម ឬគ្មានភ្លៀង។ ការ៉ុតក្រោយពីដករួចមិនត្រូវ​លាងទឹក​ទេ ពីព្រោះបើលាងនាំឲ្យឆាប់រលួយ និងស្ពោតសាច់ផ្នែកខាងក្នុង គឺគ្រាន់តែបេះដីធំៗដែលជាប់នៅលើមើមតែមិនឲ្យជ្រះពេកទេ គឺទុកវាខ្លះដើម្បីការពារសំណើម និងសំបកកុំឲ្យរលាក គ្រាន់តែកាត់ឫស​កែវ និងស្លឹកចេញខ្លះដោយទុកចំងាយពីដើម ប្រហែល ១-១,២ តឹក។

៦. ចំណាប់អារម្មណ៍

ឆ្លងតាមបទពិសោធន៍ដាំដុះខាងលើនេះមកឃើញថា ដំណាំការ៉ុតមិនសូវមានការបំផ្លាញពីសត្វ និងជំងឺទេ ហើយងាយស្រួលដាំទទួលបានផលខ្ពស់។ ម៉្យាងវិញទៀតងាយស្រួលប្រមូលផលដឹកជញ្ជូន និងទីផ្សារមានតម្រូវការខ្ពស់។

សរុបមកបទពិសោធន៍សំខាន់ៗក្នុងការដាំការ៉ុតមាន៖

  • ភ្ជួរដីហាលឲ្យស្ងួត និងលើករងឲ្យរាងខ្ពស់ដើម្បីឲ្យការ៉ុតចុះមើមបានល្អ
  • ឆូតជាចង្អូរនៅលើរងដោយចន្លោះពីចង្អូរមួយទៅមួយ ២តឹក
  • យកគ្រាប់រោយតាមរងស្តើងៗ រួចរោយជីកំប៉ុស្តពីលើ
  • ធ្វើស្មៅ និងស្រោចជីទឹកបំប៉នដើម្បីឲ្យមើមឆាប់ធំ៕

ប្រភពពី ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

 

 

 

 

 

Source: ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)