បទពិសោធន៍នៃការចិញ្ចឹមមាន់ (កសិករ ខន ខឿម)

0

កសិករឈ្មោះ ខន ខឿម   អាយុ ៣១ឆ្នាំ មានសមាជិកគ្រួសារចំនួន៦នាក់ក្នុងនោះស្រី ៣នាក់ រស់នៅក្នុងភូមិគោកចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមមាន់តាមបច្ចេក​ទេសទទួលជោគជ័យ។ ដំបូង ឡើយគាត់ពុំយកចិត្ដទុកដាក់លើការចិញ្ចឹមមាន់ទេ ដោយគាត់គិតថាវាមិនអាចទទួលបានផលច្រើន និងជោគជ័យឡើយ។ ជាដំបូងគាត់បានទទួលវគ្គបណ្ដុះបណ្ដាលពីគម្រោង ILFARM-TEA  ដែលជាកម្មវិធីសហការគ្នារវាងអង្គការសេដាកនិងអង្គការកូដឺហ្កាស​(Codegaz)​ ដែលសហការចាប់ពីឆ្នាំ២០១៥ ដែលមានមេមាន់​ត្រឹមតែ ១០​ក្បាល និងបា ២ក្បាលប៉ុណ្ណោះ សម្រាប់ប្រាក់ចំណូលពីការលក់មាន់ គឺបានបន្តិចបន្តួចនិងគ្រាន់តែហូប ហើយទុកចិញ្ចឹមបន្ត។ តាំងពីចាប់ផ្ដើមចិញ្ចឹម​មកគាត់មិនសូវជួបប្រទះបញ្ហាទេ ព្រោះគាត់តែងតែប្រើថ្នាំការពារជាមុន មកដល់ឆ្នាំ២០១៦ ​គាត់មានមេ២៥ក្បាល និងឈ្មោល​៤ក្បាល មានមាន់សាច់១០០ក្បាល និងកូនមាន់កូចៗចំនួន៩០ក្បាលដើម្បីទុកចិញ្ចឹមបន្តក្នុងឆ្នាំ២០១៧។ ដូចនេះគាត់បានសរុបប្រាក់ចំណេញពីការលក់មាន់ត្រឹមថ្ងៃទី៣១/១២/២០១៦ បានចំនួន២ ៩៧៦.០០០រៀល។ ចំពោះបច្ចេកទេសដែលគាត់អនុវត្ដមានដូចខាងក្រោម៖

១. ការជ្រើសរើសទីតាំង

គាត់បានសាងសង់ទ្រុងចិញ្ចឹមមាន់លើទីធ្លាទំហំ ៨ម​x១០ម ដែលជាទីទួលមិនលិច​ទឹក​នៅរដូវវស្សា​និង​មិនក្រោមដើមឈើធំៗ កន្លែងមានខ្សល់ចេញចូលគ្រប់គ្រាន់។ គាត់​ប្រើ​សំណាញ់ព័ទ្ធជុំវិញទីធ្លាចិញ្ចឹមមាន់របស់គាត់ដើម្បីការពារមាន់ដើរចេញក្រៅ ឬមាន់ក្រៅ​ចូល​ដែលនាំឲ្យឆ្លងជំងឺផ្សេង​ៗចូល។

២. ការសាងសង់ទ្រុង

ទ្រុងមាន់ដែលគាត់បានសាងសង់ គឺបានរៀបចំឲ្យដាច់ពីគ្នានិងមានទំហំផ្សេងៗគ្នា៖

  • ទ្រុងមេចំនួន១ទ្រុង (ដេកនិងពង) ធ្វើអមពីបង្គោលឈើ រនាបធ្វើអំពីឈើ ដំបូលប្រក់​ស្បូវ និងព័ទ្ធបន្ទះឫស្សី ដែលទ្រុងនេះមានបណ្ដោយ៥ម៉ែត្រ ទទឹង៣ម៉ែត្រ​ កំពស់២.៥ម៉ែត្រ ប្រក់ដំបូកស្បូវ ហ៊ុមព័ទ្ធដោយសំណាញ់។
  • ទ្រុងបំបែកកូនចំនួន៥ទ្រុង ធ្វើអំពីឈើព័ទ្ធសំណាញ់ដែលមានបណ្ដោយ ១.៣ម៉ែត្រ ទទឹង០.៨ម៉ែត្រ កំពស់១ម៉ែត្រ។ ឯទ្រុងទី២ ទី៣ ទី៤ ទី៥​ ធ្វើអំពីឈើព័ទ្ធសំណាញ់ ដែល​មានបណ្ដោយ២ម៉ែត្រ ទទឹង១ម៉ែត្រ ​កំពស់​១ម៉ែត្រ​។

៣. ការជ្រើសរើសពូជមាន់ចិញ្ចឹម

មាន់ដែលគាត់ជ្រើសរើសមក​ចិញ្ចឹម​មានលក្ខណៈមេពណ៌ចំរុះ ​ជើងពណ៌​លឿង​ មានទំងន់ចាប់ពី​២គីឡូឡើងទៅ ​ប្រវត្តិមិនធ្លាប់​មានជំងឺ និង​ពងច្រើនមិន​រើសចំណី ​(ពូជមាន់ក្នុងស្រុក)។ ចំពោះបាវិញគាត់បាន​ទិញនៅក្រៅភូមិដើម្បី​ការពារកុំឲ្យជាន់ឈាម​និងមានទំងន់ ២,៥គីឡូក្រាម មានភាព​រហ័សរហួនពូកែជាន់មេ មានសុខភាព​ល្អ​ ប្រវត្ដិ​មិនធ្លាប់​មានជំងឹ។

៤. ចំណីនិងទឹក

មាន់តូចអាយុ ២-៣០ថ្ងៃ ​ដាក់ចំណី​ទិញ​​ពីផ្សារឲ្យស៊ី។ មាន់មានអាយុ​៣០ថ្ងៃ​និងមាន់មេគាត់ដាក់ចំណីផ្សំចំរុះលាយឲ្យស៊ី​មានដូចជា កន្ទក់ បាយ ចុង​អង្ករ អំបិល សំបក់ខ្ចងខ្ខៅ បន្លែបៃតង (ផ្ទី កំប្លោក ដើមចេក ចក ត្រកួន) បុកលាយច្របល់ជា​មួយក្បាល​កំពឹស​ដែលទិញពីផ្សារ ១ភាគ៤ដាក់ឲ្យស៊ីរាល់ថ្ងៃ ១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់និងល្ងាច)​។ ចំណែក​ទឹកនៅរដូវវស្សា គាត់ដាក់ថ្នាំ​ទិញពីផ្សារឈ្មោះ ENRO (អង់រ៉ូ) លាយទឹកធម្មតា​១លីត្រ/១សេសេ។

នៅពេលដែលមាន់គ្មានបញ្ហាគាត់ដាក់ ENRO (អង់រ៉ូ) លាយជាមួយទឹក​២​លីត្រ/សេសេ ដាក់រយៈពេល៥ម៉ោង ហើយដូរដាក់ទឹកធម្មតា​វិញ​។ ចំណែកមាន់ដែលមានបញ្ហាដាក់ថ្នាំ​ (អង់រ៉ូ)​ ឲ្យ​ផឹកលាយជាមួយទឹក១លីត្រ/សេសេ ដាក់ជាប់ចំនួន៥ថ្ងៃ។ ចំពោះមាន់ធម្មតាវិញ ត្រូវដាក់​ឲ្យផឹកចំនួន​១០ថ្ងៃ  ឬកន្លះខែម្ដង។ នៅរដូវប្រាំងគាត់ដាក់ត្រាំសំបក ( គរ ស្ដៅ  ស្វាយគគីត ដើម​បណ្ដូល​ពេជ្រ) ដាក់ឲ្យ​ផឹករាល់ថ្ងៃ។

. ការថែទាំនិងអនាម័យ

គាត់ឧស្សាហ៍បោសសំអាតទ្រុងមាន់រៀង​រាល់ថ្ងៃនៅពេលព្រឹក ហើយធ្វើការ​ស្រោច​ទឹកនៅលើទីធ្លា​ទ្រុងមាន់រៀងរាល់​២ថ្ងៃម្ដង​ដើម្បីឲ្យ​ត្រជាក់សម្រាប់មាន់ដើរលេង​។ ​ចំណែកនៅរដូវប្រាំងគាត់បានបង្វិលពង​មាន់២ទៅ៣ថ្ងៃម្តង ព្រោះគាត់ឲ្យមេ​ក្រាប​ពង។ ចំណែកកូនមាន់ញាស់ភ្លាមគាត់​យក​ទៅ​ដាក់ក្នុងទ្រុងបំបែកភ្លាមកុំឲ្យវាស្ងួត​រោម ​ហើយគាត់បានដាក់ទឹកស្អាត​លាយ​ស្ក​រក្រហម​ឲ្យវាផឹក ដល់កូនមាន់មាន​អាយុ២៤ម៉ោង ​ទើបដាក់ចំណីផ្សារឲ្យវាស៊ី​តែម្តង។ នៅពេលយប់គាត់យកកូនមាន់ទៅដាក់ក្នុងកេះនំឬ​កេះស្រា ហើយដាក់អង្កាម​កំរាស់១តឹក។

. ការពារ និងព្យាបាល

  • ថ្នាំទំលាក់ព្រូន (Larvae) ចំពោះកូនមាន់អាយុ១៥ថ្ងៃលាយទឹកផឹក ចំពោះមេ ឬ បា ប្រើ​ថ្នាំចាក់ទំលាក់ព្រូន (Evomix) (មាន់១ក្បាលចាក់០,២-0,៣សេសេ) ចាក់សើ​ស្បែក ​សាច់ដុំទ្រូង
  • មាន់អាយុ២១ថ្ងៃចាក់អ៊ុតស្លាប
  • ដល់មាន់ទំងន់០,៣ខាំចាក់ថ្នាំញូកាស់សាច់ដុំទ្រូង និងសាច់ដុំគល់ស្លាប ក្នុង១ក្បាល​/១សេស
  • ដល់ទំងន់០,៥ខាំ ចាក់អាសន្នរោគនៅសាច់ដុំទ្រូង​ និងសាច់ដុំគល់ស្លាប ក្នុង១ក្បាល​/១សេសេ
  • ថ្នាំព្យាបាលមាន អង់រោ (លាយទឹកផឹក) ថ្នាំសង់តាទីឡូចាក់សាច់ដំទ្រូង​និងគល់ស្លាប​១ក្បាល/០,២-០,៣សេសេ។

៧. តារាងការវិភាគសេដ្ឋកិច្ចការអនុវត្តន៍បច្ចេកទេសចិញ្ចឹមមាន់​

មុខចំណាយ ចំនួន(រៀល)
ចំណី ៩៦០.០០០
សាងសង់ទ្រុង ២០០.០០០
ថ្នាំការពារ និងព្យាបាល ៨៤.០០០
សរុប .២៤៤.០០០
លក់មាន់ ២.៩៧៦.០០០
បរិភោគ ៤០ក្បាល
សរុប ៣.៥៣៦.០០០
ចំណូលចំណាយ ២២.៩២០.០០០

៨. ចំណាប់អារម្មណ៍របស់កសិករ

គាត់មានប្រសាសន៍ថា ក្រោយពីបានរៀន និងយកបច្ចេកទេសមកអនុវត្តឃើញថា មាន់របស់គាត់មានចំនួនកើនឡើងច្រើនឆាប់ធំ និងមិនងាយងាប់ដូចកាល​ចិញ្ចឹមតាម​ទំលាប់​​ទេ។ ម្យ៉ាងទៀតចំណូលនៃការចិញ្ចឹមមាន់ខាងលើមិនគិតពីការចាប់ហូបប្រចាំខែ​ឡើយ ហើយគាត់ថាការចិញ្ចឹមមាន់ចំណេញជាងជ្រូក។ ហើយនៅត្រឹមដើមខែ១២ ឆ្នាំ២០១៦​ គាត់និងទុក​ពូជមេ ៣០ក្បាលទៀត និងបា ៦ក្បាលទៀត។

៩. ការផ្សព្វផ្សាយបន្ដទៅកសិករ

កន្លងមកគាត់បានទទួល និងចែករំលេកបទពីសោធន៍តាមរយៈការបណ្ដុះបណ្ដាល ការ​ប្រជុំទស្សនៈកិច្ចសិក្សាដែលរួមមាន៖

  • ផ្ដល់បទពិសោធន៍ដល់កសិករនៅអ្នកជិតខាងក្នុងភូមិ និងក្រៅភូមិ
  • ផ្សព្វផ្សាយបន្ត ឬបណ្ដុះបណ្ដាលដល់កសិករក្នុងភូមិ និងក្រៅភូមិចិញ្ចឹមសត្វមាន់​​​​ឲ្យ​បានច្រើន
  • ចែករំលែកបទពិសោធន៍ដល់កសិករដទៃទៀតពីជំនាញកសិកម្មផ្សេងៗ៕

ប្រភពពី ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Source: ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.