ការរៀបចំបណ្តុះកូនដំណាំនិងការដាំដំណាំ (កសិករ វុន ចេម)

0

ជា​ទូទៅ​ដើម្បី​បណ្តុះ​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​បាន​ល្អ យើង​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ទៅ​លើក​ត្ដា​មួយ​​ចំនួនដូច​ជា៖ ការ​​រៀបចំ​ថ្នាលសំរាប់​បណ្តុះ​កូន​ដំណាំ​, ការ​រៀបចំ​លាយ​ដី​សំរាប់​បណ្តុះ និង​វិធី​ការពារ​ឱ្យ​ដំណាំ​កុំឱ្យ​មានការ​បំផ្លាញ​ពី​សត្វល្អិត​។ យើងខ្ញុំ​ សូម​លើកយក​បទ​ពិសោធន៍​បណ្តុះ​កូន​ដំណាំ​របស់​កសិករ វុន​ ចេម​ រស់នៅភូមិសំរិត ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ​មក​បង្ហាញ​ដូច​ខាងក្រោម៖

១-​ការ​រៀបចំ​ធ្នើរ

មុន​នឹង​សាប​កូន​បន្លែ ត្រូវ​រៀបចំ​ធ្វើ​ធ្នើរ​ឱ្យ​បាន​ខ្ពស់​ផុត​ពី​ដី​ប្រវែង ៥-៧​តឹក ដើម្បី​ការពារ​កុំឱ្យ​សត្វល្អិតដូច​ជា សត្វ​ស្រមោច​ញំ និង​ដង្កូវ​ដី​មក​បំផ្លាញ​បាន​។ នៅ​ជើង​ធ្នើរ គាត់​បាន​លាបប្រេង​ម៉ាស៊ីន ឬ​ប្រេងម៉ាស៊ូត ដើម្បី​ការពារ​សត្វល្អិត​ញំ​គ្រាប់ និង​បំផ្លាញ​គ្រាប់​ដំណាំ​បាន​។

២-​ការ​លាយ​ជី​សំរាប់​សាប

មុន​ពេល​​សាប​គ្រាប់​ គាត់​បាន​លាយ​ជីកំប៉ុស្ដ​មួយ​បង្គី ដីដំបូក​មួយ​បង្គី (បើ​គ្មាន​ជីកំប៉ុស្ត​ទេ អាច​លាយ​លាមក​គោ​ពុក​ក៏​បាន​ដែរ​) ដីខ្សាច់​កន្លះ​បង្គី អង្កាម​ដុត​មួយ​បង្គី (ចំពោះ​អង្កាម​ដុត​កុំ​ឱ្យទៅ​ជា​ផេះ យើង​ដុត​ឱ្យ​ខ្លោចល្មម​ៗ​បាន​ហើយ​) បន្ទាប់​មក​យក​សារធាតុ​ទាំង​អស់នោះ​ទៅ​លាយ​ច្របល់​ជាមួយ​គ្នា​ឱ្យ​សព្វ រួច​ហាល​ចោល​ឱ្យ​ស្ងួត ទើប​យក​​មក​ដាក់​លើ​ធ្នើ​រកំរាស់​ ១០ ​សង្ទីម៉ែត្រ ។ ធ្វើ​ដូច្នេះ គឺ​ឱ្យ​កូន​បន្លែ​មាន​ដើម​ថ្លោស​ល្អ ហើយ​ម្យ៉ាងទៀត​ដី​ធូរងាយស្រួល​ក្នុងការ​ដក​យក​ទៅ​ដាំ​នៅ​​ទីតាំងថ្មី​។

៣-​ការ​ថែទាំ​កូន​ដំណាំ  

ក្រោយ​ពេល​កូន​ដំណាំ​ដុះ​បែក​ស្លឹក ២-៣ហើយ យើង​ត្រូវ​ស្រោច​បំប៉ន​ជី​កំ​ប៉ុ​ស្ត ទឹក​បន្ថែម លុះ​ដល់​​កូនបន្លែ​មាន​អាយុ​១៨-២០​ថ្ងៃ អាច​ដក​យក​ទៅ​ដាំ​លើ​រង​បាន​។ ក្នុង​ដំណាក់កាល​កូន​ដំណាំ​កំពុង​​លូតលាស់ត្រូវ​រៀបចំ​ថ្នាំ​ផ្សំសំរាប់​កំចាត់​​ចៃ ដែល​មក​បំផ្លាញ​កូន​ដំណាំ​។ វិធី​ផ្សំ​មាន​ដូច​ជា៖

  • មើម​ខ្ទឹមស ០,៥ គីឡូក្រាម
  • មើម​ខ្ទឹមបារាំង ០,៥ ​គីឡូក្រាម
  • ស្លឹក​ស្បៃរឿង ០,៥​ គីឡូក្រាម
  • ស្លឹក​ម្រុំ ០,៥ ​គីឡូក្រាម
  • ស្លឹក​ទាប ០,៥ ​គីឡូក្រាម
  • ស្លឹក​ម្ទេស ០,៧ ​គីឡូក្រាម
  • សាប៊ូ ៤​ ស្លាបព្រា​បាយ រួម​ជាមួយ​ប្រេងកាត​កន្លះ​កំប៉ុង​ ទឹកដោះគោ​ផង​ដែរ​។

៤-​វិធី​ផ្សំ

​យកមើម​ខ្ទឹមស មើម​ខ្ទឹមបារាំង ស្លឹក​ស្បៃរឿង ស្លឹក​ម្រុំ ស្លឹក​ទាប ស្លឹក​ម្ទេស ហាន់​ចូល​គ្នា​ឱ្យ​ល្អិត​ល្មម រួច​បុកឱ្យ​ទក់​ៗ ដើម្បី​ឱ្យ​ចេញ​ជាតិ ហើយ​យក​ទៅ​ដាក់​ត្រាំ​ក្នុង​ពាង រក្សា​ទុក​ក្រោម​ម្លប់ឈើ និង​គ្រប​ឱ្យ​ជិត​។ ក្នុង​រយៈពេល​រក្សាទុក ត្រូវ​ឧ​ហ្សា​ហ៍​កូរ​វា ១-២​ថៃ្ង​ម្ដង ដើម្បី​ឱ្យ​ជីវា​ឆាប់​កាច់​។ ក្រោយ​រយៈពេល​១៥​ថែ្ ងយើង​អាច​យក​ទឹក​ថ្នាំ​នោះ​មកប្រើ​បាន​។

៥-​របៀប​ប្រើ  

ត្រូវ​យក​ទឹក​ថ្នាំ​ផ្សំ​រួច​ចំនួន​១​លី​ត្រ លាយ​នឹង​ទឹក​ធម្មតា​ចំនួន​៥​លី​ត្រ រួច​កូរ​ឱ្យ​សព្វ បន្ទាប់​មក​ស្រោច​ទៅ​លើ បន្លែ​រាល់​២-៣​ថៃ្ង ស្រោច​ម្ដង​។

៦-​ការ​រៀ​បំ​រង​សំរាប់​ស្ទូង ឬ​ដាំ​កូន​បន្លែ និង​ការ​លាយ​ជី​សំរាប់​ដាក់​លើ​រង

មុន​នឹង​ស្ទូង​កូន​បន្លែ​លើ​រង យើង​ត្រូវ​រៀបចំ​រងឱ្យ​ហើយ​សិន ដោយ​កាប់​ផ្លា​ក់​ដី​ហាល​ឱ្យ​ឆ្អិន​រយៈពេល​៧​ថ្ងៃ ឬ​១៥​ថ្ងៃ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដល់​កូន​បន្លែ ព្រោះ​បើ​យើង​ដាំដំណាំ​ទៅ​លើ​ដី​មិន​ទាន់​សំលាប់​មេរោគ​អស់នោះ ពួក​វា​អាច​មក​បំផ្លាញ​ដល់​ដំណាំ​របស់​យើង​វិញ​មិន​ខាន។ ចំពោះ​ជី ដែល​ត្រូវ​យក​មក​ប្រើ​នោះ​មាន​ដូច​ជា អង្កាម​ដុត ដី​ដុត លាមក​គោ​ពុក ជីកំប៉ុស្ដ​គោ លាមក​មាន់ លាមក​ប្រជៀវ និង​ដីដំបូក​។ ចំពោះ​ការ​ដុត​ដូច​ជា អង្កាម គឺ​មិន​ត្រូវ​ឱ្យ​ឆេះ​ចេញ​ជា​ភ្លើង​ទេ គឺ​ត្រូវ​ដុត​ឱ្យ​ហុយ​ជា​ផ្សែង​ទើប​ល្អ​។ បន្ទាប់​មក យើង​ច្របល់​សារធាតុ​ទាំងនោះ​បញ្ចូល​គ្នា​ឱ្យ​សព្វ ទើប​យក​ទៅ​ព្រាច​នៅ​លើ​រង​។ ក្រោយ​ពេល​ស្ទូង ឬ​ដាំ​ហើយ​រយៈពេល​២ ទៅ ​៣​ថៃ្ង កូន​បន្លែ​លែង​ស្រពោន យើង​ត្រូវ​ជ្រោយ​ដី​ជ្រុំជើង ដើម្បី​ឱ្យ​ដី​ផុស​ធូរ ងាយស្រួល​ដល់​ការ​លូតលាស់​របស់​កូន​ដំណាំ បន្ទាប់​មក​ធ្វើការ​បំប៉ន​ដី និង​ស្រោច​ទឹក​ថ្នាំពុល​ផ្សំ​ពី​ធម្មជាតិ ដើម្បី​ការពារ​កុំឱ្យ​មានការ​បំផ្លាញ​ពី​សត្វល្អិត​។

ក្រោយ​ពេល​អនុវត្ដ​​តាម​បច្ចេកទេស​ខាងលើ​នេះ​ហើយ លោក​អ្នក​នឹង​ទទួល​បាន៖

  • ​កូន​ដំណាំ​មាន​សុខភាព​ល្អ ធ្វើ​ឱ្យ​ការ​លូតលាស់​បាន​លឿន
  • កូន​ដំណាំ​ជៀស​ផុត​ពី​ការ​បំផ្លាញ​របស់​សត្វល្អិត​ចង្រៃ
  • ​កូន​ដំណាំ​ធន់​ទ្រាំនឹង​ភាព​រាំង​សួត​មួយ​រយៈ
  • បន្លែ​មានគុណ​ភាព​ផ្នែក​រសជាតិ៕

ប្រភពពី ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Source: ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.