អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗក្នុងបរិវេណប្រាសាទអង្គរវត្តឡើងវិញ

អាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗ នៅសងខាងស្ពានហាលប្រាសាទអង្គរវត្ត ចន្លោះពីគុកតារាជ្យទៅក្តារបែន។ តាមគម្រោង ការកែសម្រួលនេះនឹងធ្វើឡើងដោយត្រូវលុបបំបាត់ផ្លូវដើរខ្លះដែលមិនសមរម្យ កែសម្រួលផ្លូវចាស់ដែលមានស្រាប់ និងបង្កើតផ្លូវថ្មីពីរខ្សែបន្ថែមទៀត ដែលត្រូវចំណាយប្រហែលពីរខែនឹងរួចរាល់។

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងដំណើរចុះពិនិត្យការងារនេះ មានប្រសាសន៍ថា មូលហេតុចម្បងនៃការកែសម្រួលផ្លូវដើរនេះ ដោយហេតុថា ផ្លូវចាស់រាល់ថ្ងៃដែលប្រើប្រាស់គ្រួសថ្មមិច បានខ្ទាតគ្រាប់ថ្មចេញពីផ្លូវអស់ច្រើន ហើយរាល់ពេលធ្វើដំណើរតែងបង្កសំឡេងរំខានខ្សោកខ្សាកៗ និងស្រុតៗ ហើយជួនកាលទៀត គ្រាប់គ្រួសទាំងនេះបានជាប់តាមស្បែកជើងទៅជ្រុះលើថ្មប្រាសាទក៏មានដែរ។


ឯកឧត្តម បន្តថា ក្រោយទទួលបានយោបល់មកពីគ្រប់នាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីអ្នកជំនាញនៅក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក្រុមការងារសម្រេចកែលម្អផ្លូវនេះឡើងវិញ ដោយប្រមូលគ្រួសថ្មមិចដែលមានស្រាប់ចេញ ដាក់បង្ហាប់ដីល្បាយខ្សាច់ បង្ហាប់គ្រួសពីលើ ដាក់ដីល្បាយខ្សាច់ ធ្វើជាជម្រាលខ្នងអណ្តើកដើម្បីសម្រួលទឹកហូរលឿន និងមានដាំបង្គោលក្រាក់អមសងខាងផ្លូវ ដើម្បីការពារការដើរជាន់ស្មៅ។ ម្យ៉ាងទៀតវត្ថុធាតុដែលយកមកធ្វើមានគ្រួសថ្មមិច ដីល្បាយខ្សាច់ ស៊ីចង្វាក់ជាមួយទេសភាពស្មៅ និងប្រាសាទជាដើម។

ការសម្រេចលុបចោលផ្លូវដើរខ្លះ ដោយសារតែផ្លូវដើរទាំងនេះកើតឡើងដោយ ភ្ញៀវទេសចរនាំគ្នាដើរកាត់វាលស្មៅបន្តិចម្តងៗ បង្កើតបានជាផ្លូវដើរទាំងដែលមិនមានគម្រោង មិនមានទំហំច្បាស់លាស់ មិនមានរបៀបរៀបរយ ខ្វាត់ខ្វែងមិនល្អមើល។ ចំណែកការបន្ថែមផ្លូវថ្មីមួយចំនួនទៀត គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងឲ្យមានរបៀបតាមការរៀបចំរបស់មន្ត្រីជំនាញ។

តាមគម្រោងផ្លូវថ្មីទាំងនេះ នឹងត្រូវដាំស្មៅនៅខាងចុងផ្លូវប្រវែង៥ម៉ែត្រមុននឹងដើរឡើងលើថ្មប្រាសាទ។ ការដាំស្មៅនៅខាងចុងផ្លូវនេះ មានប្រយោជន៍ក្នុងការជម្រុះនូវគ្រាប់គ្រួស ឬដីធូលីផ្សេងៗ ដែលជាប់តាមស្បែកជើងមុននឹងឡើងលើថ្មប្រាសាទ ដែលរួមចំណែកក្នុងការថែរក្សានូវសោភណភាពប្រាសាទ ក៏ដូចជាគុណតម្លៃនៃបេតិកភណ្ឌរបស់មនុស្សជាតិ៕

ប្រភព. អាជ្ញាធរជាតិអប្សរា 

សហគមន៍សម្បូរសប្បាយ

Source: Sambo Sabay News