ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងចាប់អារម្មណ៍ការរៀបចំសួនដំណាំគ្រួសារ

នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរចំនួន២៥នាក់ បានមកទទួលចំណេះដឹងផ្នែកសួនដំណាំគ្រួសារ នៅភោជនីយដ្ឋានអូក្រា (នៅទីក្រុងភ្នំពេញ) ដែលពន្យល់បង្ហាញដោយលោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។
ក្រោយពីបានទទួលបានចំណេះដឹងអំពីការរៀបចំសួនដំណាំគ្រួសារនេះ សិក្ខាកាមខ្លះពេលត្រឡប់ទៅវិញ នឹងរៀបចំសួនដំណាំគ្រួសារ សិក្ខាកាមខ្លះនឹងកែតម្រូវសួនដំណាំគ្រួសាររបស់ខ្លួនឡើងវិញដែលកន្លងមកមានការ ខុសបច្ចេកទេស និងសិក្ខាកាមខ្លះទៀតចង់ចាប់យកអាជីព នេះជាទ្រង់ទ្រាយធំ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានពន្យល់ក្បោះក្បាយអំពីសួនដំណាំគ្រួសារ។ ក្នុងពេលនេះយើងសូមលើកយកតែចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ៖ ទ្រឹស្តីសមចល (ស=សុខភាព, ម=មិត្តភាព, ច=ចំណេះដឹង, ល=លុយ), ការពុលសារធាតុកសិគីមីសិប្បនិមិត្តមាន២គឺ ពុលរ៉ាំរ៉ៃ និងពុលភ្លាមៗ ហើយការពុលនេះតាមរយៈ មាត់ ស្បែក និងដកដង្ហើម។ លោកបណ្ឌិតបានពន្យល់អំពី N P K និងការចែកប្រភេទដំណាំបន្លែដែលមាន បន្លែស្លឹក បន្លែផ្លែ បន្លែមើម បន្លែកួរ និងបន្លែក្លិន, ពន្យល់អំពី ដី ទឹក ឫស ដើម ស្លឹករុក្ខជាតិ ជីទឹក ជីគោក ពិសេសពន្យល់ពីការទាក់ទងគ្នារវាង មនុស្ស រុក្ខជាតិ និងពន្លឺព្រះអាទិត្យ ព្រមទាំងវិធីការពារដំណាំ។
លោកបណ្ឌិតបានបញ្ជាក់ប្រាប់សិក្ខាកាមថា «ការរៀបចំសួនដំណាំគ្រួសារ គឺយើងគួរដាំដំណាំណាដែល បរិភោគបាន ជួយដល់សុខភាព ស្រួលដាំ (ជំហានដំបូង) ប្រមូលផលបានគ្រប់រដូវ ស្រួលរកពូជនិងតម្លៃថោក ព្រមទាំងមានសារធាតុចិញ្ចឹមច្រើន។ កត្តាសំខាន់ក្នុងការដាំដំណាំគឺយើងត្រូវចេះ ផ្សំដីដាំ ចេះធ្វើជីគោក-ជីទឹក និងត្រូវចេះប្រើប្រាស់វា»។
សូមបញ្ជាក់ថា នេះគឺជាសិក្ខាសាលាអំពីសួនដំណាំគ្រួសារលើកទី៥ ហើយប្រជាពលរដ្ឋខ្មែរដែលមកចូលរួមក្នុងសិក្ខាសាលានេះ សុទ្ធតែចង់បានបន្លែធម្មជាតិបរិភោគ និងអ្នកខ្លះទៀតចង់ដាំដំណាំទ្រង់ទ្រាយធំរួចផ្គត់ផ្គង់បន្លែធម្មជាតិចូលទៅទីផ្សារ៕
Source: http://saingkoma.com