ការបន្តអនុគ្រោះពន្ធ EBA គួរតែផ្សាភ្ជាប់ផងជាមួយការរៀបចំឱ្យមានអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅតាមមូលដ្ឋាន

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នងការនៃសហភាពអ៊ឺរ៉ុបបានប្រកាសជាផ្លូវការអំពីការចាប់ផ្តើមធ្វើការត្រួតពិនិត្យនិងវាយតម្លៃលើការបន្ត ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថាប្រព័ន្ធអនុគ្រោះពន្ធ EBA មានសារសំខាន់ណាស់សម្រាប់ សេដ្ឋកិច្ចកម្ពុជា ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាមិនទាន់រឹងមាំនៅឡើយសម្រាប់ប្រកួតប្រជែងចូលទីផ្សារ សហភាពអ៊ឺរ៉ុប។

ទន្ទឹមនេះ គបម ក៏យល់ឃើញថាការចាប់ផ្តើមនីតិវិធីត្រួតពិនិត្យវាយតម្លៃលើការបន្ត ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ជាឱកាសមួយសម្រាប់សហភាពអ៊ឺរ៉ុប និងរាជរដ្ឋាភិបាលធ្វើការចរចារគ្នា ដើម្បីរកដំណោះស្រាយសម ស្រប។ ក្នុងដំណើរការនៃការចរចារនេះ យើងស្នើឱ្យសហភាពអ៊ឺរ៉ុបកុំយកចិត្តទុកដាក់តែលើបញ្ហាគណបក្ស នយោបាយពេក គឺសូមផ្តោតលើការជំរុញ និងគាំទ្រឱ្យមានការរៀបចំឱ្យមានអភិបាលកិច្ចបែបប្រជាធិបតេយ្យ នៅតាមមូលដ្ឋានផង។ ក្នុងន័យនេះ យើងសូមលើកទឹកចិត្តឱ្យសហភាពអ៊ឺរ៉ុបបន្តការអនុគ្រោះពន្ធ EBA និង បន្តជំនួយអភិវឌ្ឍដោយផ្សាភ្ជាប់ជាមួយនឹងលក្ខខណ្ឌដែលទាក់ទងទៅនឹងការលើកតំកើងអភិបាលកិច្ច និងសេវាសាធារណៈល្អដូចជាការរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងតាមស្តង់ដារអន្តរជាតិ ISO 9001 ជាដើមដោយ ចាប់ផ្តើមពីមណ្ឌលសុខភាពឃុំ មន្ទីរពេទ្យរដ្ឋ សាលារៀនរដ្ឋ និងសាលាឃុំ សង្កាត់។ នៅកម្ពុជា មូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យមិនអាចរឹងមាំបានទេ ទោះបីគណបក្សណាដឹកនាំប្រទេស ក៏ដោយ បើនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និងសាលាឃុំសង្កាត់ មិនទាន់មានការគ្រប់គ្រង ដឹកនាំតាមបែប ប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា ការគាំទ្រឱ្យមានប្រព័ន្ធគ្រប់គ្រងតាមស្ត់ងដារអន្តរជាតិ ISO 9001 មានចែងក្នុងសៀវភៅបៃតង ជាពិសេសក្នុងចំណុច គោលនយោបាយទី៤៤ ទី៥០ និងទី៧៦។

Source: http://saingkoma.com