បទពិសោធន៍ចិញ្ចឹមឃ្មុំ (កសិករ ជុំ រី)

0

សត្វឃ្មុំមានប្រយោជន៍ច្រើនយ៉ាង ទឹកឃ្មុំអាចធ្វើជាឱសថព្យាបាលរោគ ក្រមួនអាចធ្វើជាទានដុតបំភ្លឺ រីឯឃ្មុំជួយស៊ីសត្វល្អិតបំផ្លាញដំណាំ និងជាភ្នាក់ងារចំលងលំអងដែលជួយដល់ការបង្កកំណើតរុក្ខជាតិ។ យោង​ទៅតាមអត្ថប្រយោជន៍នេះ លោកតា   ជុំ រី  ជាកសិកររស់នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ គាត់បានចាប់អារម្មណ៍ចិញ្ចឹមឃ្មុំចំនួន ៩សំបុក បានទទួលលទ្ធផលល្អ។ បទពិសោធន៍ចិញ្ចឹម​បង្ហាញជូន​ដូច​ខាងក្រោម។

១-ពូជ និងលក្ខណៈជីវសាស្ត្រនៃសត្វឃ្មុំ

ពូជឃ្មុំដែលគាត់ចិញ្ចឹមបានមកពីប្រទេសវៀតណាម ដែលនាំមកចិញ្ចឹមដោយលោក ជាង ហុង សាស្ត្រា​ចារ្យសកលវិទ្យាល័យភូមិន្ទកសិកម្ម។ សត្វឃ្មុំចែកចេញជា ៣ប្រភេទមាន៖ ស្តេចឃ្មុំ ឃ្មុំឈ្មោល និងឃ្មុំកម្មករ ដែលឃ្មុំទាំងនេះមានលក្ខណៈជីវសាស្ត្រផ្សេងៗគ្នា។

  • ស្តេចឃ្មុំ. ក្នុងមួយសំបុកមានស្តេចឃ្មុំតែមួយក្បាលទេ ដែលស្តេចឃ្មុំនេះមាន​មាឌធំជាងគេ ស្លាបខ្លី ពោះវែង និងមានប្រព័ន្ធបន្តពូជលូតលាស់ល្អពេញលក្ខណៈ។ ស្តេចឃុំនេះមានតួនាទីចាត់ចែង និង​ត្រួតត្រាការបន្តពូជក្នុងហ្វូងទាំងអស់ដោយវាជាអ្នកបញ្ចេញ ហ្វែរ៉េមុល (Feremol) ដើម្បីជំរុញ​កម្លាំង​ក្នុងហ្វូងឲ្យបន្តពូជបាន។ ស្តេចឃ្មុំមានអាយុកាលតែ ៣ឆ្នាំ ៤ខែ ១៤ថ្ងៃប៉ុណ្ណោះ។
  • ឃ្មុំឈ្មោល. មានក្បាលធំ ពោះមូល និងមានពណ៌ក្រម៉ៅ ហើយមានមាឌធំជាងឃ្មុំកម្មករ។ ឃ្មុំឈ្មោល ទាំងអស់មានតែមួយទេដែលខ្លាំងជាងគេអាចបង្កាត់ពូជជាមួយស្តេចឃ្មុំបាន។ កាលណាបើវាបង្កាត់ពូជ​ជាមួយស្តេចឃ្មុំរួចហើយវាត្រូវតែស្លាប់ ព្រោះលិង្គនិងបំពង់អូវែដែលបង្កើតស្ពែម និងកោសិកាបន្ត​ពូជ​ត្រូវដាច់ ហ្វែរ៉េមុល (Feremol) របស់ឃ្មុំឈ្មោលរំញោចឲ្យស្តេចឃ្មុំឆាប់​រក​ឈ្មោល​។ ឃ្មុំឈ្មោលនេះ​មាន​អាយុតែ ៥៧ថ្ងៃ។
  • ឃ្មុំកម្មករ. ឃ្មុំកម្មករមិនអាចបន្តពូជបានទេ។ ចំពោះរូបរាងរបស់ឃ្មុំកម្មករ គឺមានខ្លួនតូច ពោះខ្លី ដងខ្លួនវែង ស្លាបវែង វាមានតួនាទីច្រើនដូចជា ចិញ្ចឹមដង្កូវដឹកដឿ និងចិញ្ចឹមស្តេចឃ្មុំ ការពារសំបុក ធ្វើអនាម័យ សង់ជំរក ស៊ើបការណ៍ ប្រមូលទឹកផ្កា និងលំអងមកបំពេញសំបុក។ ប្រសិនបើនៅក្នុងសំបុក ស្តេចឃ្មុំមិននៅរយៈពេលពី ១០-១៤ថ្ងៃ វានឹងពង ប៉ុន្តែពងរបស់វាញាស់មកសុទ្ធតែឃ្មុំឈ្មោលមិនអាច​បន្តពូជបានទេ។

២-ទីតាំងដាក់សំបុកឃ្មុំ  ទីកន្លែងដែលសមស្របសំរាប់ឲ្យសត្វឃ្មុំវាអាចរស់នៅបានគឺ៖

  • ជាតំបន់សំបូរផ្កាច្រើនប្រភេទ និងមានផ្កាចាប់ពីផ្កាបីរដូវឡើងទៅក្នុងមួយឆ្នាំ ហើយលក្ខណៈ​ពិសេសបែបនេះ គឺកាន់តែ ជួយឲ្យទឹកឃ្មុំ និងក្រមួនផ្តល់នូវអត្ថប្រយោជន៍កាន់តែល្អសំរាប់​សុខ​ភាពមនុស្ស
  • មានម្លប់ និងសំណើមសមស្រប និងមានពន្លឺគ្រប់គ្រាន់។

កំណត់ចំណាំ. ចំពោះកន្លែងដែលយើងមិនអាចដាក់ចិញ្ចឹមឃ្មុំបានមានដូចជា កន្លែងដែលមានសត្វគីង្គក់ បង្កួយ ជីងចក់ ស្រមោច និងអង្ក្រង និងកន្លែងដែលអ៊ូអរដូចជា នៅជិតផ្លូវជាតិ ជិតទ្រុងជ្រូក កន្លែងសើម និងមិនអាចដាក់ចិញ្ចឹមនៅជិតគ្នាពេកទេ។

៣-ការផ្តល់ចំណី

ក្រៅពីក្រេបលំអងងផ្កាធម្មជាតិ សត្វឃ្មុំត្រូវការចំណីទឹកស្ករសំរាប់ជំនួយបន្ថែម។ ហើយការផ្តល់ចំណី​ជំនួយនេះ គឺត្រូវធ្វើនៅពេលផុតរដូវផ្ការីក និងពេលភ្លៀងផ្គររលឹមច្រើន ដែលរដូវនេះឃ្មុំវាមិនអាចចេញ​រក​ចំណីបាន។

៤-ការថែទាំ

ឃ្មុំចិញ្ចឹមមានលក្ខណៈខុសពីឃ្មុំធម្មជាតិ តម្រូវឲ្យមានការការពារដូចជា ដាក់សំបុកឲ្យឆ្ងាយពីតំបន់មា​ន​សំឡេង​រំខាន ទឹកភ្លៀង កំដៅខ្លាំងចាំងចូលសំបុក សត្វស្រមោច និងសត្វចង្រៃផ្សេងៗដូចបានរៀបរាប់នៅ​ខាងលើរួចហើយ។

៥-ការប្រមូលផល

ធ្វើឡើងនៅពេលដែលឃ្មុំមានបង្គងធំល្មម តែយើងមិនអាចកំណត់ពេលវេលាបានទេ ព្រោះវាអាស្រ័យ​ច្រើនទៅលើការក្រេបលំអង និងទឹកដមផ្កាសំរាប់បង្គងវាបានគ្រប់គ្រាន់ ហេតុនេះយើងមិនអាច​កំណត់​ពេល​លវេលាបានឡើយ។

៦-ចំណាប់អារម្មណ៍

ក្រោយពីការចញ្ចឹម គាត់យល់ឃើញថា កម្ពុជាជាប្រទេសអំណោយផលលើការចិញ្ចឹមឃ្មុំនេះណាស់ ព្រោះវាសំបូរទៅដោយធនធានធម្មជាតិដែលជាប្រភពផ្តល់នូវចំណីអាហារសំរាប់ការចិញ្ចឹមឃ្មុំនេះ ជាចុងក្រោយ គាត់មានសំណូមពរសូមស្នើឲ្យអង្គការសេដាក និងកម្មវិធីប្រូលីណូវ៉ា ផ្តល់ថវិកាបណ្ដុះបណ្តាលដល់​កសិករឲ្យ​ទទួលបានបច្ចេក ទេសចិញ្ចឹមឃ្មុំនេះ និងជួយទុនសំរាប់ដំណើរការចិញ្ចឹមប្រយោជន៍ជួយប្រជាជន​ឲ្យមានមុខ​របរ។ ម្យ៉ាងទៀតលោកតាចង់បានពូជឃ្មុំដែលនាំចូលពីអឺរ៉ុប (Apis Mallifera) ព្រោះពូជនេះមាន​ប្រសិទ្ធភាព​ជាង​ឃ្មុំដែលចិញ្ចឹមសព្វថ្ងៃ (Apis Cerana)៕

ដោយ ឈរ បៀរគង់

សហគមន៍សម្បូរសប្បាយ

Source: Sambo Sabay Agriculture

Leave A Reply

Your email address will not be published.