តាំងពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» នៅកោះពេជ្រ
តាមប្រភពព័ត៌មានពីវេបសាយ (គេហទំព័រ) ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ មានរៀបចំពិធីតាំងពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រែន ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងឱកាសសម្ពោធការតាំងពិព័រណ៍នោះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មថៃ «ថប់ថៃប្រែន ឆ្នាំ២០១៩» បានបង្ហាញពីសក្តានុពលពាណិជ្ជកម្ម និងមានបង្កប់នូវអត្ថន័យផ្នែកវប្បធម៌ និងប្រពៃណី ដើម្បីផ្សារភ្ជាប់សង្គម រវាងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត។
ឯកឧត្តម ឈួន ដារ៉ា បានអំពាវនាវដល់វិនិយោគិនបរទេស ជាពិសេសធុរជនថៃ ឱ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដោយសារតែរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ទន្ទឹមគ្នានោះដែរ លោកជំទាវ Chutima Bunyapraphasara អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃឡងដ៍៏បានបង្ហាញជំនឿថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ មិនត្រឹមតែជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចំនួន៤ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលថៃ ក្នុងគោលបំណងណែនាំ និងបង្ហាញផលិតផលថៃដែលមានគុណភាពខ្ពស់ ដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសថៃ និងប្រទេសកម្ពុជា៕
សហគមន៍សម្បូរសប្បាយ
Source: Sambo Sabay News