ប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍រៀបចំសួនដំណាំគ្រួសារដើម្បីបានបន្លែធម្មជាតិបរិភោគ
ប្រជាពលរដ្ឋខ្មែរចំរុះអាជីព និងជំនាញប្រមាណ២០នាក់ គឺពេញមួយថ្ងៃ (៩ កុម្ភៈ ២០១៩) បានមកទទួលចំណេះដឹងផ្នែកសួនដំណាំគ្រួសារ នៅភោជនីយដ្ឋានអូក្រា ដែលពន្យល់បង្ហាញដោយលោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។
មុននឹងទទួលចំណេះដឹងលំអិតអំពី សួនដំណាំគ្រួសារ ពួកគេបានធ្វើការចាប់អារម្មណ៍ក្នុងការមកចូលរួមក្នុងសិក្ខាសាលានេះថា ពួកគេមកទីនេះដើម្បីចង់ចេះដំណាំ ពិសេសដំណាំបន្លែ ហើយត្រឡប់ទៅវិញនឹងពង្រីកសួន (អ្នកមានសួនរួចហើយ) និងរៀបចំសួនដំណាំគ្រួសារដោយខ្លួនឯងនៅផ្ទះរបស់ខ្លួន (អ្នកមិនទាន់មានសួន)។
ពួកគេបានបញ្ចេញទស្សនៈមានអត្ថន័យដូចៗគ្នាថា ការដែលពួកគេចង់ចេះដាំដំណាំ និងរៀបចំឲ្យមានសួនដំណាំគ្រួសារដោយខ្លួនឯងនេះ គឺចង់បានបន្លែធម្មជាតិបរិភោគ ពីព្រោះបន្លែដាក់លក់នៅលើទីផ្សារភាគច្រើនបំផុតមានផ្ទុកសារធាតុពុលគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងផ្ទាល់-ប្រយោល និងរយៈពេលខ្លី-វែង។ ហើយពួកគេនឹងរៀបចំសួនដំណាំគ្រួសារនេះ ក៏ប្រៀបបាននឹងការរត់គេចចេញពីបន្លែ សាច់ ដែលពោរពេញទៅដោយគីមីពុលតាមលទ្ធភាពដូច្នេះដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានពន្យល់ក្បោះក្បាយអំពីសួនដំណាំគ្រួសារ។ ក្នុងពេលនេះយើងសូមលើក យកតែចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ៖ ការពុល សារធាតុកសិគីមីសិប្បនិមិត្តមាន២គឺ ពុលរ៉ាំរ៉ៃ និងពុលភ្លាមៗ ហើយការពុលនេះតាមរយៈ មាត់ ស្បែក និងដកដង្ហើម។ លោកបណ្ឌិតបានពន្យល់អំពី N P K និង ការចែកប្រភេទដំណាំបន្លែដែលមាន បន្លែស្លឹក បន្លែផ្លែ បន្លែ មើម បន្លែកួរ និងបន្លែក្លិន។ ពន្យល់អំពី ដី ទឹក ឫស ដើម ស្លឹករុក្ខជាតិ ជីទឹក ជីគោក ពិសេសពន្យល់ពីការទាក់ទងគ្នារវាង មនុស្ស រុក្ខជាតិ និងពន្លឺព្រះអាទិត្យ។
លោកបណ្ឌិតបានបញ្ជាក់ប្រាប់សិក្ខាកាមថា «ការរៀបចំសួនដំណាំគ្រួសារ គឺយើងគួរដាំដំណាំណាដែល បរិភោគបាន ជួយដល់សុខភាព ស្រួលដាំ (ជំហានដំបូង) ប្រមូលផលបានគ្រប់រដូវ ស្រួលរកពូជនិងតម្លៃថោក ព្រមទាំងមានសារធាតុចិញ្ចឹមច្រើន។ កត្តាសំខាន់ក្នុងការដាំដំណាំគឺយើងត្រូវចេះ ផ្សំដីដាំ ចេះធ្វើជីគោក-ជីទឹក និងត្រូវចេះប្រើប្រាស់វា»។
សូមបញ្ជាក់ថា របៀបផ្សំដីដាំ ធ្វើជីគោក-ជីទឹកពីកាកសំណល់ផ្ទះបាយ និងប្រើប្រាស់វា គឺសុទ្ធតែត្រូវបានបង្រៀនទាំងអស់ ព្រមទាំងមានចែកឯកសារឲ្យផងដែរ។ ចំពោះអ្នកដែលចាប់អារម្មណ៍មកទទួលចំណេះដឹងអំពី ការរៀបចំសួនដំណាំគ្រួសារនេះ មានចំនួនជិត៤០នាក់ ប៉ុន្តែដោយសារបន្ទប់រៀនអាចទទួលបានត្រឹមតែប្រមាណ ២០នាក់ប៉ុណ្ណោះ ហើយនៅសល់ ២០នាក់ទៀតនឹងមកទទួលចំណេះដឹងនៅពេលក្រោយទៀត៕
សហគមន៍សម្បូរសប្បាយ
Source: Sambo Sabay News