បទពិសោធន៍របស់កសិករក្នុងការប្រើប្រាស់ជីទឹក ដើម្បីបង្កើនផលដំណាំខ្ទឹមស្លឹក

អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»
កសិករឈ្មោះ សួន ម៉ានី ភេទស្រី អាយុ៣៧ឆ្នាំរស់នៅ ភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ គាត់មានបទពិសោធន៍ល្អ ក្នុងការដាំដំណាំខ្ទឹមស្លឹកទទួលបានផលខ្ពស់។
ដើម្បីទទួលបានផលល្អខ្ពស់ គាត់បានអនុវត្តន៍ពិសោធន៍ជី ទាំងជីកំប៉ុស្តគោក និងជីកំប៉ុស្តទឹក និងប្រៀបធៀបជាមួយជីទឹករបស់ក្រុមហ៊ុន។ ហើយការពិសោធន៍នេះបានអនុវត្តន៍ធ្វើពីថ្ងៃទី ០៣ / ១១ / ២០១៨ ដល់ថ្ងៃទី ០៩/១២/២០១៨ ហើយលទ្ធផលដូចខាងក្រោម៖
គាត់ធ្វើរងទំហំ ១ម៉ែត្រ x ១០ម៉ែត្រ និងកំពស់ ០.៣ម៉ែត្រ។ ហើយរងនីមួយៗ ប្រើជីសរីរាង្គ Melfertចំនួន២គីឡូក្រាមដាក់ទ្រាប់បាត បន្ទាប់មកគាត់គ្របរងដោយប្រើសារធាតុសរីរាង្គ និងដាក់ដាំខ្ទឹម។ ក្រោយដាំបាន២អាទិត្យ គាត់សំអាតស្មៅ។ បន្ទាប់ពី សំអាតស្មៅរួចស្អាតហើយ គាត់ចាប់ផ្ដើមប្រើជីទឹកទៅតាមបច្ចេកទេស និងទទួលបានលទ្ធផលដូចខាងក្រោម៖
១. អត់ប្រើជីទឹក បានទទួលផល ២២គីឡូក្រាម ក្នុងមួយរង។
២. ប្រើជីទឹក Fitohorm Oil 20 cc + ទឹកធម្មតា២០លីត្របានទទួលផល ២៦,១គីឡូក្រាម ក្នុងមួយរង។
៣. ប្រើជីទឹក SAWKASET PLUS 20 CC + SAWKASET WATER 10 CC + ម្ស៉ៅសារ៉ាយ Seaweed Extract ០,៥គ្រាប់ + ទឹកធម្មតា ២០លីត្រ បានទទួលផល ២៧,៤គីឡូក្រាម ក្នុងមួយរង។
៤. ប្រើជីទឹកដែលកសិករផលិតខ្លួនឯង ទទួលបានផល ៣០,៥គីឡូក្រាម ក្នុងមួយរង។
ការពិសោធន៍ប្រើជីទឹកនេះ គឺគាត់ប្រើ៣ដងដូចៗគ្នា ដែលប្រើលើកទី២ គឺបន្ទាប់ពីប្រើលើកទី ១បាន ១អាទិត្យ។ ហើយប្រើលើកទី៣ បន្ទាប់ពី ប្រើលើកទី ២ បានចំនួន ១០ ថ្ងៃ។តាមការពិសោធន៍បង្ហាញថា ការប្រើប្រាស់ជីទឹក ធ្វើឱ្យទិន្នផលកើនពីជាង ៤គីឡូក្រាមទៅជាង ៦គីឡូក្រាម (ពី១៨ ទៅ ២៧ភាគរយ) ដោយការប្រើជីទឹកដែលកសិករធ្វើខ្លួនឯង ទទួលបានផលខ្ពស់ជាងគេ។
ដើម្បីទទួលបានផលខ្ពស់ គាត់មានរូបមន្តសម្រាប់ធ្វើជីទឹកដោយខ្លួនឯងដូចខាងក្រោមនេះ៖
- លាមកគោស្រស់ ១០គក
- លាមកមាន់ ៥គក
- លាមកជ្រូកស្រស់ ១០គក
- ទន្រ្ទានខែត្រស្រស់ បូតឱ្យបាន ១ ធុងប៉េត្រូ យកតែស្លឹក
- សាកសពសត្វ (កូនសត្វពពែងាប់)
- ទឹកកាកឡជីវឧស្ម័ន ២៥០លីត្រ។
របៀបធ្វើគឺយកលាមកសត្វទាំងអស់ខាងលើច្រកដាក់បាវ រួចយកទៅដាក់នៅក្នុងពាងធំមួយ រួចដាក់ទឹកកាកឡជីវឧស្ម័នចូលឱ្យលិចបាវជី និងត្រាំទុករយៈពេល ១ខែ ទើបអាចប្រើបាន។ តែក្នុងពេលត្រាំគាត់ឧស្សាហ៍បើកគម្រប និងកូរបង្វិលជីបាវឱ្យបានសព្វល្អ។
បរិមាណប្រើប្រាស់ គឺដូចអ្វីដែលបានបង្ហាញលទ្ធផលពិសោធន៍ខាងលើគឺប្រើក្នុងបរិមាណ ២លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០លីត្រ ស្រោចលើរងទំហំ ១០ម៉ែត្រការ៉េ ដោយប្រើចំនួន ៣ដងក្នុងមួយវគ្គដាំដុះខ្ទឹម រហូតដល់ពេលប្រមូលផល។តាមបទពិសោធន៍ខាងលើនេះ យើងសូមលើទឹកចិត្តឱ្យកសិករធ្វើជីទឹកខ្លួនឯងឱ្យបានល្អ ដើម្បីប្រើប្រាស់បង្កើនទិន្នផលដំណាំ។
កំណត់សម្គាល់ ៖ បើមិនមានសាកសពសត្វក៏បានដែរ តែគេអាចជំនួសបានដោយស្បែកគោ កាកសំណល់ត្រីផ្សេងៗ និងខ្ចៅខ្យងជាដើម។
អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»
Source: http://saingkoma.com