របៀបដាំខ្ទឹមបានចំណូលជិត៣លានក្នុង១ខែលេីផ្ទៃដី១០អារ

អត្ថបទដើម៖ ប៉ែន វណ្ណៈ – «ក្រុមកសិដ្ឋានពន្លកបៃតង – សេដាក»
បទពិសោធន៍ល្អ ក្នុងការដាំដំណាំខ្ទឹមស្លឹកទទួលបានផលខ្ពស់លើដី១០អារ ចំណូលជិត៣លានរៀលក្នុង១ខែ។
លោក ខៀវ ធឹម ជាកសិករស់នៅ ភូមិដូង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ គ្រួសារគាត់ពឹងផ្អែកទាំងស្រុង លើការដាំដំណាំ ធ្វើស្រែ និងចិញ្ចឹមសត្វ។ ហើយការដាំដំណាំរបស់គាត់ គឺតែងទទួលបានជោគជ័យក្នុងការដាំខ្ទឹមស្លឹកទទួលបានទិន្នផលខ្ពស់ គុណភាពល្អ។ ដូច្នេះ ខ្ញុំសូមលើកយកបទពិសោធន៍ ក្នុងការដាំខ្ទឹមស្លឹក មកបង្ហាញ ជូនដូចខាងក្រោមដែលបទពិសោធន៍នេះជាភាពច្នៃប្រឌិតរបស់គាត់ក្រោមការគាំទ្រពីអ្នកជំនាញក្រុម ពន្លកបៃតង – សេដាក៖
- ការជ្រើសរើសពូជ
គាត់បានទិញពូជពីកសិករផ្សេង ដែលនៅស្រុកជាមួយគ្នា គឺពូជដែលគេនិយមដាំ មានតម្រូវការទីផ្សារ សមស្របក្នុងតំបន់ ធន់នឹងអាកាសធាតុ និងឆាប់បានផល។
- ការរៀបចំដីនិងការធ្វើរងដាំ
បងប្រុសបាន ភ្ជួររាស់ហាលដីចំនួន ២ដង ដោយភ្ជួររាស់ហាលដីលើកទី២ បន្ទាប់ពីភ្ជួររាស់លើកទី១ បានរយៈពេល ១សប្ដាហ៍។ បន្ទាប់មកគាត់លើករងដែលទំហំរង ១ម៉ែត x ២៧ម៉ែត្រ កំពស់ ០,៣ម៉ែត្រ។
- ការរៀបចំដាំ
ដំបូងគាត់ដាក់ជីទ្រាប់បាត គឺប្រើជីកំប៉ុស្ត គោក ១,៥ គីឡូក្រាម ក្នុង ១ម៉ែត្រការ៉េ ហើយជ្រុំជីជាមួយដីរងអោយបានសព្វល្អបន្ទាប់មកស្រោចទឹកអោយសើម និងដាក់ខ្ទឹមដាំ។ ដាំគម្លាតពីគុម្ព ១ ទៅគុម្ព ១ ចំងាយ ១,៥តឹក និងពីជួរ ១ ទៅ ជួរ ១ ចំងាយ ២តឹក។ ក្នុង ១ម៉ែត្រការ៉េ អាចដាំបានជាមធ្យម ៣០គុម្ព។ គាត់ដាំរាក់ៗ និងដាំនៅពេលល្ងាចមេឃត្រជាក់ ហើយក្នុង ១០ម៉ែត្រការ៉េប្រើពូជអស់ ៤គីឡូក្រាម។
- ការថែទាំ
បន្ទាប់ពីដាំខ្ទឹមបាន ១០ ទៅ ១៥ថ្ងៃ ត្រូវធ្វើស្មៅបំផុសដី ថែមជីកំប៉ុស្តគោក ១,៥គីឡូក្រាមក្នុង ១ម៉ែត្រការ៉េ ថែមទៀត។ ថែមជីកំប៉ុស្តរួចបាន ៣ថ្ងៃ ត្រូវប្រើជីទឹកក្នុងបរិមាណ ១លីត្រ លាយជាមួយទឹកធម្មតា ១៨លីត្រ ហើយការប្រើជីទឹកលើកទី ២ បន្ទាប់ពីប្រើលើកទី១ បាន ១០ ទៅ ១៥ថ្ងៃ។ ដោយក្នុងមួយវដ្ដ ជីវិតខ្ទឹមគាត់ប្រើជីទឹកចំនួន ២ដង។ ចំណែកឯការស្រោចទឹកធម្មតា គឺគាត់ស្រោចទឹកនៅពេលព្រឹក ពីម៉ោង ៧:០០ដល់ ម៉ោង ៩:០០ ព្រឹក។
- ការប្រមូលផល
នៅពេលខ្ទឹមអាយុបាន ៣៥ ទៅ ៤០ថ្ងៃគាត់អាចប្រមូលផលបានហើយ។ ហើយអាយុខ្ទឹមលើសពីនេះក៏អាចប្រមូលបានដែរ គាត់អាចលក់បាន ៨០០គីឡូក្រាម ទទួលបានប្រហែល ៧០០ ដុល្លារ ក្នុងមួយខែ។
សម្រាប់រយៈពេលប្រមាណជាង ៦ខែ ឆ្នាំ ២០១៨ កសិករខៀវ ធឹម មានខ្ទឹមស្លឹកចំនួន ២០០រង ផ្ដល់ផលសរុប ៣០០០គីឡូក្រាម ហើយទទួលបានប្រាក់សរុប ១០លានរៀល ដែលប្រហែលនឹង ២៥០០ដុល្លារ ។
សម្រាប់ឆ្នាំ ២០១៩ គាត់គ្រោងពង្រីកអោយបាន ៣៥០រង និងរំពងថាបានទិន្នផល ១០,០០០គីឡូក្រាម (១០តោន) និងទទួលបានប្រាក់ចំណូលជាង ៣០លានរៀល ដែលប្រហែលជាង ៧៥០០ដុល្លារ។
- ចំណាប់អារម្មណ៍របស់កសិករ
ក្នុងការដាំខ្ទឹមស្លឹកនេះ យើងត្រូវការថែទាំ ដកស្មៅ បំផុសដី ឧស្សាហ៍ស្រោចជីទឹក ទើបធ្វើអោយខ្ទឹមលូតលាស់បានល្អ ហើយការដាំខ្ទឹមស្លឹកនេះ ឆាប់ទទួលបានផល និងមានតម្លៃថ្លៃនៅរដូវវស្សា។
- សរុបនូវចំណុចបច្ចេកទេសសំខាន់ៗ
- រើសពូជល្អយកមកដាំ
- លើករងឲ្យបានខ្ពស់ល្អ
- ប្រើជីកំប៉ុស្តទ្រាប់បាត ១,៥ គីឡូក្រាមក្នុង ១ ម៉ែត្រក្រឡា
- ដាំពេលល្ងាចហើយដាំរាក់ៗ
- ដង់ស៊ីតេនៃការដាំ ៣០គុម្ព ក្នុង ១ម៉ែត្រក្រឡា
- រយៈពេល ១០ ទៅ ១៥ ថ្ងៃក្រោយដាំ ត្រូវធ្វើស្មៅបំផុសដី និងថែមជីកំប៉ុស្តចំនួន ១,៥ គីឡូក្រាមក្នុង ១ម៉ែត្រក្រឡា
- ស្រោចជីកំប៉ុស្តទឹក ២ដង ក្នុង ១វគ្គ គឺរយៈពេល ១០ ទៅ ១៥ថ្ងៃ ប្រើម្ដង។
Source: http://saingkoma.com