ផលប្រយោជន៍នៃការមានសួនដំណាំគ្រួសារផ្ទាល់ខ្លួន

0

ទោះបីប្រជាជនកាន់តែច្រើន បានងាកមករកមុខរបរ និងជីវិតរស់នៅតាមទីក្រុង និង ទីប្រជុំជន ការធ្វើចម្ការ ឬការធ្វើសួនដំណាំ ក៏នៅតែជាសកម្មភាពមួយល្អ ដែលផ្សាភ្ជាប់ ជីវិតយើងជាមួយធម្មជាតិ និងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំ ថ្ងៃ។ ខាងក្រោមនេះ ជាផលប្រយោជន៍សំខាន់ៗចំនួន ៤ (សមចល) ដែលគ្រួសារលោកអ្នក ទទួលបានពីការមានសួនដំណាំដោយខ្លួនឯង៖

(1) ផលប្រយោជន៍ដល់សុខភាព (ស)

  • តាមរយៈសកម្មភាពចលនារាងកាយអ្នកក្នុងការដាំដុះថែទាំដំណាំ
  • តាមរយៈការទទួលបានអាហារប្រកបដោយគុណភាព និងសុវត្ថិភាព
  • នៅពេលដំណាំលូតលាស់បានផ្លែផ្កាល្អ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ សប្បាយរីករាយ (សុខភាពផ្លូវចិត្ត)

(2) ផលប្រយោជន៍ដល់មិត្តភាព (ម)

  • សមាជិកគ្រួសារមានប្តី ប្រពន្ធ កូនរួមគ្នាដាំដុះថែទាំបង្កើនភាបស្និទស្នាល បន្ថែមក្នុងគ្រួសារ។
  • ផល ដែលទទួលបាន លោកអ្នកអាចចែកឱ្យញាតិមិត្តជិតខាង សម្រាប់បរិភោគ។
  • ទំនាក់ទំនងរវាងអ្នកធ្វើសួនដំណាំដូចគ្នា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ពូជ -ល-។

(3) ផលប្រយោជន៍ចំណេះដឹង (ច)

  • ស្គាល់ពីដំណាំ ការលូតលាស់ របៀបដាំដុះ និងថែទាំដំណាំនិមួយៗ
  • ចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងសួនដំណាំ
  • លោកអ្នក និងជាពិសេសកូនរបស់លោកអ្នករៀនពីរបៀបពិសោធន៍ ដែល ជាមូលដ្ឋានគ្រឹះនៃភាពច្នៃប្រឌិតរបស់មនុស្ស។

នៅពេលលោកអ្នកចាត់ទុកសួនដំណាំជាសាលា ហើយដំណាំនិមួយៗ ជាគ្រួ លោកអ្នក នឹងទទួលបានចំណេះច្រើនពីការមានសួនដំណាំដោយខ្លួនឯង។

(4) ផលប្រយោជន៍លុយ (ល)

  • កាត់បន្ថយការចំណាយលើការទិញបន្លែ ផ្លែឈើពីទីផ្សារ
  • កាត់បន្ថយចំណាយលើបញ្ហាទាក់ទងជម្ញឺ
  • អាចបានចំណូលខ្លះបន្ថែមពីការលក់កសិផលរបស់លោកអ្នក (អាស្រ័យ លើទំហំផ្ទៃដីសួន)

ដូចបានរៀបរាប់ខាងលើ លោកអ្នកអាចទទួលផលប្រយោជន៍ជាច្រើន ពីការធ្វើសួន ដំណាំគ្រួសារ។ តែដើម្បីទទួលបានផលប្រយោជន៍នេះ លោកអ្នកក៏ត្រូវលះបង់ ពេលវេលា និងធនធានខ្លះសម្រាប់ការងារដ៏ល្អនេះ។ លោកអ្នក អាចចាប់ផ្តើមពីការដាំ ដុះនៅជុំវិញផ្ទះ លើដំបូលផ្ទះ (អ្នកមានផ្ទះល្វែង) ឬរកដីតូចមួយនៅតំបន់ជាយក្រុង។

សម្រាប់សួនគ្រួសារ ការមានដំណាំចម្រុះ ដូចជាបន្លែ ឈើហូបផ្លែ ដំណាំគ្រឿងទេស និងផ្កាជាជម្រើសល្អបំផុត។

ដើម្បីផលប្រយោជន៍លោកអ្នក និងក្រុមគ្រួសារអ្នក ការមាន សួនដំណាំខ្លួនឯង តូចក្តី ធំក្តី ជាជម្រើសល្អប្រសើរ។

Source: http://saingkoma.com

Leave A Reply

Your email address will not be published.