សេដាក រៀបចំដំណើរទស្សនកិច្ចសំរាប់ក្រុមអ្នកបរិភោគ

នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៤ សេដាក បានរៀបចំដំណើរទស្សនកិច្ចសំរាប់ក្រុមអ្នកបរិភោគ ទៅកាន់ក្រុមអ្នកផលិតបន្លែសរីរាង្គ ស្ថិតក្នុងភូមិធ្នង់កំបត់ ឃុំស្វាយជ្រុំ និងភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកចូលរួមប្រមាណ ៥០នាក់ដែលរួមមាន អ្នកបរិភោគ សិស្សនិស្សិត តំណាងអ្នកសារព័ត៌មាន បុគ្គលិកអង្គការ GIZ  និងបុគ្គលិកអង្គការសេដាក។ គោលបំណងសំខាន់នៃ ដំណើរទស្សនកិច្ចនេះគឺ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈស្តីអំពី ការផលិតបន្លែសរីរាង្គ នៅក្នុង ចំណោមប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមអ្នកប្រើប្រាស់ ឫអ្នកបរិភោគផ្ទាល់។
ក្នុងអំឡុងពេលទស្សនកិច្ច ក្រុមអ្នកបរិភោគមានឱកាសសួរនាំដោយផ្ទាល់ទៅដល់គ្រួសារ កសិករក្រុមអ្នកផលិតបន្លែសរីរាង្គ ដែលបានផលិតផ្គត់ផ្គង់អោយផ្សារសេដាកនៅទីក្រុងភ្នំពេញ ជុំវិញការដាំ ការថែទាំ (ដាក់ជី) ការប្រមូលផល និងបម្រែបម្រួលផ្នែកជីវភាពនៅក្នុងគ្រួសារ និង ហគមន៍ ក៏ដូចជាភាពរីកចំរើនផ្នែកសុខភាពក្នុងចំណោមសមាជិកគ្រួសារក្រុមអ្នកផលិតផងដែរ។
ជាលទ្ធផល អ្នកចូលរួមទាំងអស់ ពិសេសក្រុមអ្នកបរិភោគទទួលបានចំណេះដឹងថ្មីៗបន្ថែម ជាច្រើនជុំវិញការដាំបន្លែសរីរាង្គ និងអត្ថប្រយោជន៍ចំពោះសុខភាព និងបរិស្ថាន។ ពួកគាត់ បានប្តេជ្ញា បន្តគាំទ្រ និងបរិភោគបន្លែសរីរាង្គរបស់កសិករ ក៏ដូចជាផ្សារសេដាក និងជួយផ្សព្វផ្សាយបន្តទៅដល់ ប្រជាពលរដ្ឋទាំងអស់អោយងាកមកបរិភោគបន្លែសរីរាង្គដើម្បីសុខភាព។