សេដាក រៀបចំសិក្ខាសាលា ជ្រើសរើសកសិករឆ្នើម ប.វ.ស ប្រចាំឆ្នាំ ២០១៣

អង្គការសេដាក បានចាប់ផ្តើមណែនាំ ការអនុវត្តន៍បច្ចេកទេស ប.វ.ស ទៅកាន់កសិករខ្មែរនៅក្នុងឆ្នាំ ២០០០។ ចាប់តាំងពីពេលនោះមក អង្គការសេដាក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការផ្សព្វ ផ្សាយពីការកសិករទៅកសិករក្នុងការអនុវត្តន៍បច្ចេកទេស ប.វ.ស នៅថ្នាក់ជាតិ។ ដើម្បីការពង្រឹង និង ពង្រីកការផ្សព្វផ្សាយ ប.វ.ស នៅក្នុងចំណោមកសិករនៅក្នុងប្រទេសកម្ពុជា អង្គការសេដាក បានផ្តួច ផ្តើមរៀបចំឱ្យមានរង្វាន់លើកទឹកចិត្តដល់កសិករឆ្នើមថ្នាក់ជាតិ ដែលបានអនុវត្តបច្ចេកទេស កសិកម្មតាមគោលការណ៍ធម្មជាតិ សំរាប់កសិករធ្វើស្រែនៅទូទាំងប្រទេសកម្ពុជា។ សំរាប់ឆ្នាំ ២០១៣ បន្ទាប់ពីបានប្រកាសជាផ្លូវការចាប់ពីខែមិថុនា ឆ្នាំ ២០១៣ មក  មានកសិករចំនួន ៧៣៥នាក់ មកពី ១២ខេត្ត និង៤៣ស្រុក ស្ថិតក្នុង ១៤១ឃុំ និង ២៧២ភូមិ បានដាក់ពាក្យចូលរួម ប្រកួតប្រជែង។ ឆ្លងតាមការជ្រើសរើសដំណាក់កាលទីមួយរួចមក  (ដោយក្រុមការងាររបស់សេដាក និងសហគមន៍) យើងបានធ្វើការជ្រើសរើសកសិករបានចំនួន ៤១នាក់ មកពី ៧ខេត្ត។ ដើម្បីប្រកាសនូវជ័យលាភីកសិករឆ្នើម ប.វ.ស ប្រចាំឆ្នាំ ២០១៣ និងផ្តល់ឱកាសដល់កសិករឆ្នើមធ្វើការ បង្ហាញនូវលទ្ធផលធ្វើស្រែ ប.វ.ស របស់ពួកគាត់ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៤ យើងបានអញ្ជើញ កសិករឆ្នើមថ្នាក់ខេត្តចំនួន ២៣នាក់ក្នុងនោះស្ត្រី ៩នាក់ មកពី ៧ខេត្ត ១៧ស្រុក ១៧ឃុំ និង២១ភូមិ ដើម្បីធ្វើការប្រកួកប្រជែងផ្តាច់ព្រ័តនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CJCK) ក្រុងភ្នំពេញ។កសិករម្នាក់ៗបានធ្វើបទបង្ហាញដល់គណៈកម្មាធិការវាយតម្លៃ ដែលមានគ្នាចំនួន ៩នាក់រួមមាន តំណាងមកពីបណ្តាញកសិករនិងធម្មជាតិចំនួន ៣នាក់ តំណាងមកពីមន្ទីរកសិកម្មចំនួន ២នាក់ តំណាងម្នាក់មកពីសាលាជាតិកសិកម្មកំពង់ចាម និងតំណាងបុគ្គលិកសេដាកចំនួន ៣នាក់។ការវាយតម្លៃរបស់គណៈកម្មាធិការ គឺអោយពិន្ទុទៅលើចំណុចមួយចំនួនដូចជា៖

  • ទិន្នផលស្រូវដែលទទួលបាន
  • ទំហំផ្ទៃដីដែលបានអនុវត្តន៍
  • ប្រាក់ចំណូល និងប្រាក់ចំណេញ ដែលទទួលបាន
  • គុណភាពនៃការកត់ត្រា និងការធ្វើបទបង្ហាញជាដើម។ល។

ជាលទ្ធផល កសិករស្រ្តីចំនួន ៣នាក់ បានឈ្នះជ័យលាភីជាកសិករឆ្នើម ប.វ.ស ប្រចាំឆ្នាំ ២០១៣ ដែលរួមមាន៖

  • ចំណាត់ថ្នាក់លេខ ១ បានទៅលើអ្នកស្រី ញ៉ែម សុវណ្ណារី កសិករមកពីខេត្តតាកែវ ដែលបានធ្វើពូជ ម្លិះក្រហម និងដែលទទួលបានទិន្នផលខ្ពស់រហូតដល់ ៧.៣៣ តោនក្នុងមួយហិកតា
  • ចំណាត់ថ្នាក់លេខ ២ គឺអ្នកស្រី ស៊ាម ហួត កសិករមកពីខេត្តកំពង់ធំ ផលិតពូជ ផ្កាម្លិះ ទទួលបានទិន្នផលផល ៥.៦ តោនក្នុងមួយហិកតា
  • ចំណាត់ថ្នាក់លេខ ៣ គឺអ្នកស្រី វឿន ទេព កសិករមកពីខេត្តកំពង់ធំ ផលិតពូជ ផ្ការំដួល ទទួលបានទិន្នផល ៥.៥២ តោនក្នុងមួយហិកតា

ទិន្នផល ដែលកសិករឆ្នើទទួលបានសំរាប់ពូជស្រូវក្រអូបគឺ ៧.៣៣តោនក្នុងមួយហិកតា ខណៈដែល ទិន្នផលទូទៅជាមធ្យមទទួលបានត្រឹមតែ ២តោនក្នុងមួយហិកតា។  ជាទូទៅ កសិករមានភាពស្ទាក់ ស្ទើរក្នុងធ្វើប្រភេទពូជស្រូវក្រអូប ដោយសារទិន្នផលទទួលបានទាបជាង បើទោះបីជាអាចលក់បាន ក្នុងតម្លៃមួយថ្លៃជាងពូជស្រូវធម្មតាក៏ដោយ។ ដូច្នេះ ជាមួយនឹង ប.វ.ស កសិករចូលចិត្តធ្វើពូជស្រូវ ក្រអូបជាងសំរាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ព្រោះគាត់អាចទទួលបានតម្លៃថ្លៃជាង។ ទិន្នផល ៧តោនក្នុង មួយហិកតា បានផ្តល់នូវប្រាក់ចំណេញខ្ពស់។ កសិករឆ្នើមដែលទទួលបានចំណាត់ថ្នាក់លេខ ១ នឹងទទួលបានបេគោចំនួន ៣ក្បាល។ អ្នកចំណាត់ ថ្នាក់លេខ ២ នឹងទទួលបាន ២ក្បាល និងអ្នកលេខ ៣ នឹងទទួលបានមេគោចំនួន ១ក្បាល។ សេដាក នឹងរៀបចំពិធីប្រគល់មេគោ ដល់កសិករឆ្នើមទាំងនោះ នៅក្នុងខែសីហា ឆ្នាំ ២០១៤។ សំរាប់រដូវកាលឆ្នាំ ២០១៤  សេដាក សូវអំពាវនាវចំពោះកសិករអោយចូលរួមចុះឈ្មោះដើម្បីប្រកួត ប្រជែង ពានរង្វាន់កសិករឆ្នើម  ប.វ.ស ប្រចាំឆ្នាំ ២០១៤នេះ។