ភាពជោគជ័យក្នុងការធ្វើជីជីវៈផ្សំពីបាយកក សំរាប់ប្រើលើដំណាំ

កសិករ ហូន ហូយ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ គាត់ទទួលបានជោគជ័យក្នុងការធ្វើជីជីវៈផ្សំពីបាយកកស្រោចលើដំណាំ ដែលធ្វើឲ្យដំណាំដុះលូតលាស់ល្អ និងទទួលបានផលច្រើន។ ចំពោះរបៀបធ្វើជីជីវៈនេះមានបង្ហាញជូនដូចខាងក្រោម។

១. សារធាតុផ្សំ និងសម្ភារៈ     

  • បាយកកចំនួន ៣គីឡូក្រាម
  • ស្ករត្នោត ១គីឡូក្រាម
  • ដបទឹកក្រូចចំណុះ ២លីត្រ សម្រាប់ដាក់សារធាតុផ្សំ។

២. របៀបធ្វើ

យកបាយកកមកច្របាច់ឲ្យម៉ដ្ឋ រួចចាក់ស្ករត្នោត លាយច្របាច់ឲ្យសព្វម្តងទៀតទើបច្រកចូលទៅក្នុងដប គ្របឲ្យជិតរក្សាទុកនៅកន្លែងម្លប់រយៈពេល១៥ថ្ងៃ (ការរក្សាទុកត្រូវបើកគំរបដបម្តងចំនួន ១នាទីក្នុង១ថ្ងៃ) ការបង្ហើបនេះគឺដើម្បីឲ្យក្លិនខ្យល់អាក្រក់ចេញពីដបមេជី។ រយៈពេល១៥ថ្ងៃនេះ ធ្វើឲ្យមេ​ជី​ជីវៈមានក្លិនដូចបាយស្រា ឬដូចតាប៉ែរបាយដំណើប។

៣. របៀបប្រើ

ចំពោះការប្រើប្រាស់ គឺគាត់យកមេជី​ជីវៈចំនួន ១ស្លាបព្រាបាយ លាយជាមួយទឹកធម្មតា ១០លីត្រ ស្រោចទៅលើដំណាំដូចជា ត្រសក់ ស្ពៃ ននោង ល្ពៅ។

៤. ចំណាប់អារម្មណ៍របស់កសិករ

ក្រោយពីបានប្រើប្រាស់ជីជីវៈនេះចំនួន ២ទៅ៣ដងមក គាត់សង្កេតឃើញថា ដំណាំរបស់គាត់មានការខុសប្លែកពីមុន គឺមានត្រួយច្រើន និងស្លឹកពណ៌ខៀវស្រស់ បើប្រើលើស្ពៃវិញគឺលូតលាស់លឿនតែម្តង។ តាមរយៈបទពិសោធន៍នេះ លោកពូមានប្រសាសន៍ថា នឹងបន្តអនុវត្តការធ្វើជីជីវៈនេះ ដើម្បីប្រើប្រាស់នៅលើដំណាំរបស់គាត់ទៀត៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)